កាលពីវ័យកុមារ ជឿថាអ្នកណាៗក៏ធ្លាប់ញ៉ាំពោតចំហុយ ដែលគេដាក់រទេះកង់លក់តាមផ្លូវដែរ ព្រោះតែវាមានតម្លៃថោក ហើយឆ្ងាញ់ពិសាទៀត។ តែពេលវេលាកាន់តែវិវឌ្ឍន៍ ការរកទទួលទាននូវបង្អែមមួយមុខនេះរាងពិបាកបន្តិច ដោយសារតែមិនសូវមានអ្នកដើរលក់ដូចមុន ឬទៅរកនៅផ្សារ១០ស្ទើរតែមិនមានផង តែយ៉ាងណាមានផ្សារធំៗមួយចំនួនលក់ដូចជាផ្សារធំថ្មី និងផ្សារអូប្ញស្សីជាដើម។
ដើម្បីកុំឱ្យពិបាកដើររកទីញ ថ្ងៃនេះ « ក្នុងស្រុក» សូមណែនាំពីវីធីធ្វើ ពោតចំហុយ បែបងាយៗ ដែលលោកអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបានដូចខាងក្រោមនេះ៖
# វិធីធ្វើបង្អែមពោតចំហុយ
១.គ្រឿងផ្សំ
- ពោត ៣ផ្លែ ឈូសស្តើងៗ
- ម្សៅឆា ២ស្លាបព្រាបាយ
- ក្បាលខ្ទិះ ៥ ស្លាបព្រាបាយ
-សាច់ដូងកោស ១ចំហៀងផ្លែ
- ស្ករស ៣ស្លាបព្រាបាយ
-ល្ង ៣ស្លាបព្រាបាយលីងបុកលាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ។
២. វិធីធ្វើ
- យកពោតដែលឈូសរួច និងក្បាលខ្ទិះដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក រួចក្រឡុកវាអោយរាងហ្មត់បន្តិច (ឬអ្នកអាចយកពោតមកបុកនឹងត្បាល់ក៏បានដែរ ចាំលាយនឹងក្បាលខ្ទិះ)
- យកពោតដែល កិនឬក្រឡុករួច លាយជាមួយម្សៅឆា ស្ករសបន្តិច រួចដាក់ចំហុយឲ្យឆ្អិនល្អ ដួសដាក់ចាន ឬស្លឹកចេក តាមការចូលចិត្ត។
-ជាចុងក្រោយដាក់សាច់ដូងកោស រោយស្ករស និងល្ងពីលើជាការស្រេច៕
រក្សាសិទ្ធ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក