ជាទូទៅនៅកន្លែងធ្វើការ យើងច្បាស់ជាបានជួបមនុស្សជាច្រើន និងចំណេះដឹងថ្មីៗ ហើយទីកន្លែងការងារនេះទៀតសោត ក៏ជាផ្នែកដែលសំខាន់មួយនៅក្នុងជីវិតរបស់យើងផងដែរ ព្រោះយើងបានប្រើពេលវេលា៨ម៉ោង ដើម្បីប្តូរបាននូវចំណូលដ៏សមរម្យមួយដែលជាតម្រូវការរបស់ខ្លួនយើង ដូច្នេះហើយចំពោះការប្រាស្រ័យទាក់ទង នៅក្នុងអាជីពការងារនេះ សូមអ្នកកុំធ្វើនៅទង្វើទាំងនេះចេញមកឱ្យសោះ ព្រោះថានឹងនាំអន្តរាយមកដល់អ្នក។
១. ពេលដែលអ្នកមើលឃើញមិត្តរួមការងារ ឬមិត្តភក្រ្តរបស់អ្នកធ្វើការមិនបានល្អ ហើយអ្នកបែរជាទៅសើចចំអកចំពោះភាពខ្វះខាតរបស់គេ ថែមទាំងដើរនិយាយប្រាប់គេឯងជាលក្ខណៈសាធារណៈទៀតនោះ គេនឹងវាយតម្លៃថា អ្នកជាមនុស្សមិនល្អបាត់ទៅហើយ ព្រោះថាទោះជានៅក្នុងស្ថាប័ន ក្រុមហ៊ុន ឬការរស់នៅក៏ដោយ មនុស្សគ្រប់រូបសុទ្ធតែមានចន្លោះប្រហោង និងកន្លែងខ្វះខាត ហើយក៏គ្មានអ្នកណាពូកែ ឬមានសមត្ថភាពជាងអ្នកណានោះដែរ។
ម្យ៉ាងទៀត បើរឿងនេះលេចឮដល់ថ្នាក់លើរបស់អ្នក កាន់តែវីវរថែមទៀតផង ទោះជាថ្នាក់លើអ្នកមិនបាននិយាយអ្វីទេនោះ តែគាត់ក៏ចាំសង្កេតមើលពីអ្វីដែលអ្នកកំពុងធ្វើជារៀងរាល់ថ្ងៃដែរ បូកផ្សំជាមួយមិត្តរួមការងាររបស់អ្នក ក្នុងចិត្តរបស់ពួកគេប្រាកដជាមិនព្រមរាប់អានអ្នកដោយចិត្តស្មោះនោះទេ។
២. ចូលចិត្តនិយាយដើមគេ បន្ទោសបង្អាប់គេ ចាក់គេពីក្រោយខ្នង តាមពិតទៅទង្វើបែបនេះកុំថាឡើយនៅក្នុងសង្គមការងារ ជាក់ស្តែងនៅក្នុងសង្គមទាំងមូល នេះជាអំពើដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើមខ្លាំងណាស់ ចំពោះបុគ្គលិកដែលមានភាពវ័យឆ្លាតនៃអារម្មណ៍ទាប ឬ EQទាបបែបនេះ ច្បាស់ណាស់ពិតជាមិនត្រូវបានថ្នាក់លើ ឬមិត្តរួមការងារមិនឱ្យតម្លៃនោះឡើយ ហើយទង្វើបែបនេះទៀតសោត នឹងអាចកើតជាការចង់គំនុំរវាងគ្នា និងគ្នាទៀតផង ហើយអ្នកក៏មិនអាចនៅកន្លែងនោះបានយូរឡើយ។
៣. ភាពក្អេងក្អាង អំនួត យល់ថាខ្លួនជាកូនអ្នកមានស្រាប់ គ្រាន់តែមកដកបទពិសោធន៍ប្រាក់ខែប៉ុណ្ណឹងមានអី្វអស្ចារ្យ គំនិតបែបនេះសូមអ្នកកុំនាំចូលមកក្នុងក្រុមហ៊ុន ឬស្ថាប័នការងារឱ្យសោះ ព្រោះថាការធ្វើការងារដោយមិនចេះដាក់ខ្លួនបែបនេះ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេ ដែលស្អប់ខ្ពើមអ្នក ទោះជាអ្នកមានចិត្តធ្វើការ ហើយទទួលបានភាពជោគជ័យយ៉ាងណា ក៏ថ្នាក់លើ ឬមិត្តរួមការងារ គេយល់ថាអ្នកមិនចេះដាក់ខ្លួនឱនលំទោនដែរ។
ម្យ៉ាងទៀត បើអ្នកមិនចេះពិចារណារអំពីកំហុសខ្លួនទៀតនោះ ទោះជាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានដែលពោរពេញដោយជនឆ្នើមពូកែក៏ដោយ ក៏អ្នកមិនបានសមិទ្ធិផលអ្វីដូចគេឡើយ ព្រោះបណ្តាលជនដែលជោគជ័យទាំងនោះ ពួកគេអាចដើរបានឆ្ងាយ អង្គុយតំណែងបានយូរ ក៏សុទ្ធតែដោយសារភាពចេះឱនលំទោន និងដាក់ខ្លួននេះឯង៕
អត្ថបទ ៖ Mythical Bird / Knongsrok