បុគ្គលដែលមានភាពវៃឆ្លាត នឹងមិនអនុញ្ញាតឱ្យមនុស្ស ៣ ប្រភេទនេះ ចូលលេងផ្ទះរបស់គាត់ឡើយ ទោះទំនាក់ទំនងល្អជាមួយពួកគេយ៉ាងណាក៏ដោយ ក៏គាត់មិនបង្កបញ្ហានេះកើតឡើងបានដែរ។
១. អ្នកជិតខាងដែលចូលចិត្តនិយាយដើមគេ
វាក៏មានពិតមែន អ្នកជិតខាងដែលទំនេរអត់ការងារធ្វើ មួយថ្ងៃៗ ដើរតែលេងផ្ទះគេ និយាយដើមអ្នកដទៃ ទុកដូចជាអាជីពទៅហើយ។ អ្នកជិតខាងបែបនេះ តែងតែមានរឿងនិយាយអស់ពីមួយចូលមួយ យករឿងអ្នកនេះមកអ្នកនិយាយប្រាប់អ្នកនោះ យករឿងអ្នកនោះ មកប្រាប់អ្នកនេះ ចូលចិត្តណាស់ខាងចាក់រុក អុចអាល។
តាមពិតទៅ ការនិយាយជាមួយអ្នកជិតខាងតាមរបៀបនេះ មិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្ជះខ្ជាយពេលវេលា និងកម្លាំង ថែមទាំងធ្វើឱ្យតម្លៃរបស់អ្នកធ្លាក់ចុះទៀតផង។
នៅពេលដែលអ្នកជិតខាងបែបនេះមកផ្ទះរបស់អ្នក ពួកគេមានចេតនាសាកសួរពីជីវិតរបស់អ្នក និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទះរបស់អ្នក ហេតុដូចនេះ វាមិនមានរឿងល្អនោះឡើយ។
អាក្រក់ជាងនេះទៅទៀត ពួកគេបែរជាធ្វើឱ្យអ្នកក្លាយជាប្រធានបទនិយាយដើមរឿងគ្រួសារដល់អ្នកដទៃ។ ដូច្នេះហើយ ពេលទាក់ទងជាមួយអ្នកជិតខាងបែបនេះ យើងត្រូវរក្សាចម្ងាយឱ្យសមរម្យ យកល្អកុំឱ្យពួកគេចូលផ្ទះ ចៀសវាងបញ្ហាដែលមិនចាំបាច់ និងមានពាក្យលេចឮមិនល្អណាមួយកើតឡើង។
២. សាច់ញាតិឃើញមុខតែពេលខ្ចីលុយ
ញាតិសន្តានត្រូវចេះមើលថែគ្នា និងជួយគ្នាទៅវិញទៅមក ប៉ុន្តែសម្រាប់ញាតិសន្ដានខ្លះ បើអាចកាត់ផ្ដាច់បាន ក៏កាត់ផ្ដាច់ទៅ ជាពិសេស ញាតិដែលឃើញមុខតែពេលខ្ចីលុយ។ សាច់ញាតិទាំងនោះភាគច្រើននៅតែខ្ចីប្រាក់ពីមនុស្សជុំវិញខ្លួន ព្រោះជីវិតជួបការលំបាក ប៉ុន្តែមិនអាចសងបំណុលគេបាន។ ហើយជារឿយៗគេមកដោយមានគោលបំណង គ្មានអ្វីក្រៅតែពីសុំខ្ចីលុយ ឬចង់ឱ្យអ្នកជួយនេះជួយនោះនោះឡើយ។
ក្នុងនាមជាសាច់ញាតិពួកគេហាក់មកលេងផ្ទះដើម្បីពង្រឹងទំនាក់ទំនង ប៉ុន្តែពេលឃើញឱកាសក៏មកសុំខ្ចីលុយ ។ ប្រសិនបើសាច់ញាតិបែបនេះចូលដល់មាត់ទ្វាររបស់អ្នក អ្នកត្រូវតែមើលពួកគេដោយប្រុងប្រយ័ត្ន។
សម្រាប់មនុស្សជាទីស្រឡាញ់ដែលជំពាក់បំណុលគេច្រើនណាស់ បើអ្នកជ្រើសរើសជួយគេ វាអាចជារណ្តៅគ្មានបាត។ ប្រសិនបើគេខ្ចីលុយហើយមិនសងវិញ វានឹងបង្កើនបន្ទុកហិរញ្ញវត្ថុរបស់អ្នក និងធ្វើឱ្យអ្នកជួបបញ្ហាតាមទៅជាមួយដែរ។
ក្នុងពេលជាមួយគ្នា ការជួយច្រើនពេកអាចបណ្តាលឱ្យពួកគេបង្កើតអាកប្បកិរិយាពឹងផ្អែក។ បើថ្ងៃណាមួយអ្នកមិនឱ្យគេខ្ចីលុយ គេមិនត្រឹមតែមិនពេញចិត្តចំពោះជំនួយពីមុនរបស់អ្នកទេ ថែមទាំងធ្វើឱ្យអ្នកអន់ចិត្តក្នុងចិត្តទៀតផង។ សាច់ញាតិប្រភេទនេះគ្មានភាពអៀនខ្មាស និងគួរឱ្យរំខានណាស់ បើអ្នកមិនចង់ជួបបញ្ហាជំពាក់បំណុលគេ យកល្អកុំសួរនាំគេឱ្យសោះ។
៣. មនុស្សលាក់ពុត
ក្នុងជីវិតយើងម្នាក់ៗនឹងមានមិត្តភ័ក្តិច្រើន។ ទោះយ៉ាងណា មិត្តភក្តិមួយចំនួនស្មោះត្រង់ ក៏មានខ្លះទៀតលាក់ពុត ល្បិចច្រើនណាស់។ មិត្តក្លែងក្លាយជាធម្មតាមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់ណាស់ ប៉ុន្តែអ្វីដែលពួកគេស្ដែងចេញមក គឺមិនបរិសុទ្ធនោះឡើយ។ ពួកគេអាចទាក់ទងអ្នកសម្រាប់គោលបំណងជាក់លាក់ ដូចចង់ខ្ចីប្រាក់ ឬអត្ថប្រយោជន៍អ្វីមួយពីអ្នក។
មិត្តបែបនេះមកលេង មិនមែនដើម្បីមិត្តភាពទេ តែក្នុងគោលបំណងផ្សេង។ បើគេជូនដំណឹងជាមុន យកល្អត្រូវរកហេតុផលបដិសេធ បើគេមកភ្លាមៗ អ្នកគួរតែប្រយ័ត្នឱ្យបានច្រើន។
លើសពីនេះ មិត្តក្លែងក្លាយទាំងនេះអាចបង្ហាញពីអាថ៌កំបាំងផ្ទាល់ខ្លួន និងគ្រួសាររបស់អ្នក នៅពេលពួកគេទៅលេងផ្ទះរបស់អ្នក។ ប្រសិនបើពួកគេលូកលាន់ជីវិតឯកជន ឬកិច្ចការផ្ទះរបស់អ្នកដោយមិនដឹងខ្លួន ហើយយកទៅនិយាយ វាពិតជាអាចបង្កបញ្ហាជាច្រើនក្នុងជីវិតរបស់អ្នក។ ដូច្នេះ ដើម្បីស្គាល់ និងកំណត់អត្តសញ្ញាណមិត្តក្លែងក្លាយបានភ្លាមៗ យកល្អកុំឱ្យពួកគេទៅលេងផ្ទះរបស់អ្នកអី។
ការជ្រើសរើសនៅជាមួយមនុស្សស្មោះត្រង់ និងរួសរាយ នឹងនាំមកនូវរឿងល្អៗ និងភាពកក់ក្តៅក្នុងជីវិតរបស់អ្នក។ ហើយការជ្រើសរើសនៅជាមួយមនុស្សលាក់ពុត និងល្បិចកលនឹងនាំបញ្ហា នាំគ្រោះចូលមកក្នុងជីវិតរបស់អ្នក។
ដូច្នេះ មនុស្សដែលមាន IQ ខ្ពស់ នឹងមិនចូលមកជិតនឹងមនុស្សទាំងបីប្រភេទនេះទេ។ ទោះបីជាមានទំនាក់ទំនងរវាងការងារ និងជីវិតក៏ដោយ ពួកគេនឹងរក្សាចម្ងាយជាមួយពួកគេ រឹតតែឆ្ងាយ កាន់តែល្អ៕
ប្រភព ៖ បរទេស / Knongsrok