សម្រង់កំពូលទ្រឹស្ដីទាំង ២១ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!

“ជូកឺលៀង” ឬហៅម្យ៉ាងទៀតថា “ខុងមិញ” គឺជាទីប្រឹក្សារបស់ លីវ បី នៃនគរ «ស៊ូ» ដែលមានរហស្សនាមថា«កូននាគដេក»។

ជូកឺលៀង គឺជាទីប្រឹក្សាម្នាក់ដែលមានថ្វីមាត់ពូកែ មានគុណធម៌ មានខួរក្បាលឆាប់ចងចាំ តួយ៉ាងដូចសៀវភៅមួយក្បាលគាត់អាចមើលចាំតែប៉ុន្មាននាទី និងជាមនុស្សចេះប្រមើលមើលគ្រប់កាលៈទេសៈទាំងអស់ប្រដូចជាមានញាណទី៦ ព្រមទាំងជាមនុស្សដែលពូកែខាងយុទ្ធសាស្រ្ត ពោលគឺយុទ្ធសាស្រ្តសង្គ្រាម និងកលល្បិចទាំងអម្បាលម៉ានរបស់គាត់គឺសុទ្ធតែត្រូវទាំងអស់។

តួយ៉ាង ដូចជានៅពេលដែលម្ចាស់ខ្លួនគឺ លីវ បី ទៅរៀបការនៅនគរ «តុង អ៊ូ» ដែលជានគរសត្រូវ គេបានរៀបល្បិចសម្លាប់ លីវ បី ប៉ុន្តែដោយសារ ខុងមិញ ជាមនុស្សឆ្លាត នៅពេលម្ចាស់ខ្លួនចាកចេញ គាត់បានឱ្យប្រស្នាចំនួនបីទៅ អ៊ី ឆាង ប្រើប្រាស់នៅពេលមានអាសន្ន ដែលមានតួនាទីការពារម្ចាស់របស់ខ្លួន ហើយប្រស្នានោះគឺត្រឹមត្រូវឥតខុសទៅនឹងអាសន្នដែលបានកើតនោះឡើយ។

ជាពិសេស នៅពេលដែល ជូកឺលៀង បានស្លាប់ក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយ ស៊ឺម៉ាអី គេបានយករូបសំណាក់របស់គាត់អង្គុយលើរទេះដាក់នៅលើភ្នំ ធ្វើឱ្យកងទ័ពទាំងប៉ុន្មានរបស់ស៊ឺម៉ាអី ត្រូវរត់ខ្ចាត់ខ្ចាយ ដកថយជាបន្ទាន់ ព្រោះខ្លាចចាញ់ល្បិចខុងមិញ។ លើសពីនេះទៅទៀត ខុងមិញ គឺជាអ្នកនិពន្ធដ៏មានឥទ្ធិពលម្នាក់ដែលបានបន្សល់នូវទស្សនៈជាច្រើន ដែលយើងនឹងលើកយកមកចែកជូនអ្នកទាំងអស់គ្នា៖

១. មានស៊ឺម៉ាអីម្នាក់ ស្មើនឹងមានកងទ័ពមួយសែននាក់

២. ម្ចាស់ឆ្លាតត្រូវពឹងលើរាស្រ្ត តែក៏មិនយករាស្រ្តជាបន្ទុកដែរ ព្រោះមិនត្រឹមតែនាំទុក្ខដល់រាស្រ្តនោះទេ ហើយថែមទាំងនាំទុក្ខដល់ខ្លួនឯងទៀតផង

៣. អ្វីដែលគួរធ្វើ ខ្ញុំធ្វើអស់ហើយ ចាំមើលតែព្រហ្មលិខិតតែប៉ុណ្ណោះ

៤. កម្លាំងយើងកាន់តែខ្លាំង ទើបគេគោរពពួកយើង

៥. កិច្ចការធំ ត្រូវពឹងលើឱកាស

៦. កិច្ចការធំទាំងប៉ុន្មាន សុទ្ធតែចាប់ផ្តើមនៅពេលទាល់ច្រកទាំងអស់

៧. កំហឹងអាចស៊ីសងជាមួយលាភ ច្បាស់ជាត្រជាក់ចិត្តវិញហើយ

៨. ក្រៅពីក្បាលនៅលើ ក គឺគ្មានអ្វីឱ្យយើងលះបង់ទេ មានតែបោះជំហានទៅមុខម្តងមួយជំហានតែប៉ុណ្ណោះ

៩. ចាញ់ហើយមិនចេះជ្រួលច្របល់ ទទួលនូវការប្រមាថនៅតែត្រជាក់ដូចទឹក

១០. ចោរក្បត់មិនអាចលើកលែង រាជវង្សត្រូវតែលើកស្ទួយ

១១. ឆាប់ចាកចេញពីគ្រោះថ្នាក់ ទើបជាមធ្យោបាយល្អ

១២. បាតុភូតប្រែប្រួលលឿន មិនអាចមានះ

១៣. បើខ្លួនឯងដើររកម្ចាស់ល្អមិនបាន អ៊ីចឹងបង្កើតម្ចាស់មួយឱ្យខ្លួនឯងទៅ

១៤. បើមិត្តទាំងសងខាងសង្ស័យគ្នាទៅវិញទៅមក នោះកិច្ចការធំមិនបានសម្រេចទេ

១៥. បើស្លាប់អាចដោះស្រាយបញ្ហាបាន តើមនុស្សរស់នៅដើម្បីអ្វីទៅ?

១៦. បើអត់ប្រាកដជាអត់ បើមានប្រាកដជាមាន មិនចាំបាច់សួរច្រើនទេ

១៧. មានតែឆ្ពោះទៅមុខ ទើបអាចសម្រេចចិត្តបាន

១៨. មេទ័ពម្នាក់ បើមិនចេះមើលតារាសាស្រ្ត មិនចេះមើលភូមិសាស្រ្ត មិនចេះយុទ្ធសាស្រ្តគឺជាមនុស្សល្ងង់បំផុត

១៩. ម្រាមដៃ១០ មានវែងមានខ្លី គ្រួសារណាក៏មានបញ្ហាផ្ទៃក្នុងដែរ

២០. សត្រូវនៅចំពោះមុខ ស្លាប់រស់នៅលើពេលមួយរំពេច

២១. សន្សឹមៗ ទោះបីមិនឈ្នះ ក៏មិនបរាជ័យដែរ។

©️គ្រឹះស្ថានហាតប៊ុក