ជាធម្មតា ប្ដីប្រពន្ធណាក៏ដូចប្ដីប្រពន្ធណាដែរ ចានក្នុងរាវតែងប៉ះទង្គិច បញ្ហាច្រើន ឬតិច ជីវិតប្ដីប្រពន្ធរមែងជួបអ៊ីចឹងហើយ តែសំខាន់កុំបណ្ដោយឱ្យការឈ្លោះនឹងគ្នា ក្លាយជាបញ្ហាធំដុំរហូតដល់បែកបាក់ចែកផ្លូវគ្នាឱ្យសោះ ព្រោះមានគូខ្លះ ឈ្លោះគ្នារឿងបន្តិចបន្តួចទេ តែបែរជាកើតមានការលែងលះគ្នាយ៉ាងឆាប់រហ័ស នេះក៏ព្រោះតែអ្នកមិនចេះប្រើជីវិតគូឱ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាចំណុចខ្លះៗ សម្រាប់ប្ដីប្រពន្ធទាំងឡាយ គួរគិតពិចារណា បើគិតថាសមគួរ គឺគួរតែប្រើដើម្បីចៀសវាងក្នុងការចែកផ្លូវគ្នា ៖
១. ត្រូវសួរនាំរកហេតុផលឱ្យបានច្បាស់លាស់
ពេលខ្លះ រឿងរ៉ាវបញ្ហាខ្លះតូចតាច តិចតួចទេ តែមិនចេះសួរនាំ រកហេតុផលឱ្យបានច្បាស់ ចូលចិត្តតែលាក់ៗ ឬគិតច្រើនតែឯង គូខ្លះទៀត អត់មានហេតុផលអីឡើយ ចូលមកដល់គឺថា ឈ្លោះជេរយកៗ ប្រើហិង្សាតែម្ដង ធ្វើបែបហ្នឹង មិនល្អឡើយ បញ្ហាទោះធំប៉ុនណាក៏ដោយ សំខាន់គឺត្រូវតែសួរនាំឱ្យបានច្បាស់ដោយភាពត្រជាក់ ហើយត្រូវបើកចិត្តនិយាយគ្នា កុំលាក់បាំង កុំខ្លាចខុស សំខាន់គឺទំនួលខុសត្រូវ។
២. ចៀសវាងនិយាយពាក្យលែងលះ
អ្នកណាៗក៏ធុញដែរ សំខាន់គឺស្រីៗ អាងអីនិយាយតែពាក្យលែង សួរថា បើលែងមិនដាច់ផង ប្រឹងនិយាយពាក្យហ្នឹងធ្វើអី គួរតែខ្មាសមាត់ខ្លួនឯង ម្យ៉ាងទៀត គេមិនចង់លែងទេ តែគេធុញនឹងពាក្យដដែលៗពេក គេក៏ទ្រាំមិនបានដូចគ្នា។ កុំគិតថា លែងមួយហើយ យកមួយទៀតវាងាយស្រួល បើចរិតនៅតែបែបហ្នឹង ទោះយកយកទៀតក៏វានៅតែមិនឋិតថេរដែរ។ ត្រូវចាំ មិនមែនអាងសម័យរកបានងាយ គិតថាការហើយលែងជារឿងល្អឱ្យសោះ មនុស្សលែងលះគ្នា ទាល់តែដល់ចំណុចមួយដែលអស់កែរៀងខ្លួនទើបគេលែង។
៣. កុំដើរបាត់ពីផ្ទះ
មិនថាទៅដើរលេង ឬទៅដេកផ្ទះឪពុកម្ដាយក៏ដោយ ពេលមានបញ្ហាកុំចេះតែគេចវេះ គេចចេញពីផ្ទះ ដើម្បីបន្ធូរអារម្មណ៍ឱ្យសោះ ទទួលស្គាល់ថា ពេលឈ្លោះគ្នា គឺមិនចង់ឃើញមុខគ្នាទេ តែវាក៏មិនគួរដើរចេញពីផ្ទះខ្លួនឯងដែរ បើចង់នៅស្ងប់រៀងខ្លួន ក៏គួរតែទុកពេលឱ្យគ្នាមួយរយៈខ្លីទៅបានហើយ តែកុំទុកគ្នាឱ្យឯកាយូរពេក ភាពបែកបាក់ភាគច្រើនគឺកើតព្រោះ ម្ខាងមិនព្រមសួរនាំច្បាស់លាស់ ម្ខាងទៀតចូលចិត្តគិតច្រើនផ្ដេសផ្ដាស ហើយចេះតែព្រងើយកន្តើយដាក់គ្នា។
៤. កុំយកបញ្ហាឈ្លោះគ្នាទៅសុំយោបល់ពីអ្នកក្រៅផ្ទះ
កុំថាឡើយប្រាប់អ្នកក្រៅ ពេលខ្លះ តែសាច់ញាតិបងប្អូន ឪពុកម្ដាយយើងហ្នឹង ក៏មិនគួរប្រាប់ដែរ គួរតែធ្លាប់ដឹងហើយថា គូខ្លះលែងលះគ្នាក៏ដោយសារតែញាតិ ឬឪពុកម្ដាយខ្លួនឯងហ្នឹងហើយ។ មិនមែនមានន័យថាឪពុកម្ដាយ ឬបងប្អូនយើងអាក្រក់ទេ តែជាធម្មតាសាច់ឈាមឯងគឺមិនចង់ឃើញគ្នាលំបាក វេទនាចិត្តអ៊ីចឹងហើយ ទើបពេលខ្លះ គាត់ឱ្យយោបល់មកតែផ្លូវអវិជ្ជមាន ជម្រុញឱ្យបែកគ្នាតែប៉ុណ្ណោះ។
៥. ធ្វើពើ ធ្វើដូចមិនមានរឿងអ្វី
នេះជាវិធីដ៏ល្អបំផុតហើយ ដែលពេលខ្លះ យើងគួរតែធ្វើពើ ធ្វើដូចមិនមានរឿងអ្វី ហើយនិយាយរកគ្នាធម្មតា ដោយមិនចាំបាច់ជីកកកាយរឿងឈ្លោះនោះ បន្ទាប់ពីមានបញ្ហាជាមួយគ្នារួច។ មិនដឹងថាមនុស្សប៉ុន្មាននាក់អាចធ្វើបានទេ តែវាអាចកើតបាន ប្រសិនបើអ្នក អាចរកហេតុផលត្រជាក់មួយឱ្យខ្លួនឯង ហើយកុំបន្ទោស ឬដាក់កំហុសទៅម្ខាងទៀត។ ត្រូវដឹងថា បញ្ហាមួយចំនួន គឺវាកើតមកពីយើងខ្លួនឯង ដែលតាំងចិត្តថាខ្លួនឯងជាអ្នកត្រូវ។
ចំណុចទាំងប៉ុន្មានខាងលើនេះ គឺអាចជួយសម្រួលនូវបញ្ហាការទាស់ទែងក្នុងគ្រួសាររបស់អ្នក ប្រែពីរឿងធំទៅជាតូច ពីតូចទៅជាអត់មានរឿង។ ចូរព្យាយាមយល់ពីប្ដីប្រពន្ធខ្លួនឯងឱ្យបានច្រើន កុំយល់តែចិត្តខ្លួនឯង កុំព្យាយាមតឹងតែង ដាក់កំហុសទៅលើតែម្ខាង ក៏កុំស្ដាប់សម្ដីអ្នកក្រៅច្រើនពេក គេមិនអាចជួយឱ្យគ្រួសារអ្នកបានល្អប្រសើរឡើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក