ទំនាក់ទំនង មានតម្លៃលើការប្រាស្រ័យគ្នា រីឯចិត្តនិងចិត្តវិញ គឺអាស្រ័យភាពស្មោះត្រង់ធ្វើជាស្តង់ដារ។ហើយការលះបង់អោយគ្នាទៅវិញទៅមក ទើបអាចរក្សាមិត្តភាពនេះគង់វង្សបាន មានចិត្តស្មោះបំណងពិត ទើបអាចកៀកស្មាគ្នាដើរលើផ្លូវតែមួយ។ដូច្នេះការរាប់អានមិត្តត្រូវប្រុងប្រយ័ត្ន ព្រោះចិត្តមនុស្សពិបាកស្មាន ពិតនិងក្លែងក្លាយពិបាកទាយដឹង ទំនាក់ទំនងមួយ សុទ្ធតែត្រូវការចិត្តពិតមកផ្សារភ្ជាប់។
ប្រសិនបើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក សូមកុំរាប់អានគេបន្តទៀត។ តើមានទង្វើរអ្វីខ្លះ ឥឡូវនេះយើងមកអានជាមួយគ្នានៅខាងក្រោម៖
០១. ខ្សែរលើអ្នករហូត
មនុស្សដែលខ្សែរលើអ្នក ភាគច្រើនជាមនុស្សអាត្មានិយម គេរាប់អានជាមួយអ្នក ដើម្បីតែផលប្រយោជន៍ជាចម្បង ក៏ព្រោះតែគេសម្លឹងឃើញទ្រព្យសម្បត្តិលុយកាក់របស់អ្នកហើយ។ ចិត្តរបស់គេចង់ទាញផលប្រយោជន៍ពីអ្នក ដាច់ខាតមិនចង់ធ្វើការលះបង់អ្វីសម្រាប់អ្នកទេ។ប្រសិនបើអ្នកជួបរឿងលំបាក ចង់ស្វែងរកជំនួយ គេនឹងរកលេសបដិសេធជាមិនខាន គេចមុខនៅឆ្ងាយពីអ្នក។មនុស្សបែបនេះ គ្មានចិត្តពិតឡើយ យល់ល្អកុំបន្តដើរជាមួយមនុស្សប្រភេទនេះទៀត ជៀសវាងត្រូវបានគេប្រើប្រាស់។
០២.និយាយអាក្រក់ពីគេ
បើគេយករឿងមិនល្អរបស់អ្នកដទៃមកប្រាប់អ្នក ហើយថែមទាំងញុះញង់អ្នកអោយខឹងស្អប់អ្នកដទៃនោះ ប្រាកដណាស់មនុស្សប្រភេទនេះមិនមែនជាមនុស្សល្អឡើយ ពីព្រោះមនុស្សបច្ចុប្បន្នរវល់គ្រប់គ្នា គ្មាននរណាទៅអង្គុយចង់ចាំរាល់សកម្មភាព និងរឿងរបស់អ្នកដទៃទាំងអស់នោះទេ។ ថ្ងៃនេះគេអាចយករឿងអ្នកដទៃមកប្រាប់អ្នក ថ្ងៃស្អែកគេក៏អាចយករឿងអ្នកទៅប្រាប់អ្នកដទៃដូចគ្នា ដោយនិយាយមួលបង្កាច់ និងបំផ្លើសក៏មាន ចូលចិត្តសម្តែងនៅមុខផ្សេងក្រោយផ្សឹង។ ប្រសិនបើអ្នកមានមនុស្សបែបនេះនៅក្បែរខ្លួន យល់ល្អឆាប់ដកខ្លួនចេញទៅ។
០៣.ខ្ចីលុយមិនព្រមសង
មានមនុស្សមួយចំនួន ជាធម្មតាមិនសូវទាក់ទងមកអ្នកទេ ខ្វះលុយទើបមករកអ្នក ហើយពោលពាក្យទួញសោកប្រាប់អ្នកថាខ្លួនគេឥឡូវលំបាកណាស់ គ្មានប្រាក់មួយសេនជាប់ខ្លួនទេ ដើម្បីអោយអ្នកអាណិត តាមពិតចង់ខ្ចីប្រាក់ពីអ្នកសោះ។ព្រមទាំងពោលពាក្យសន្យាច្បាស់ៗថាពេលមានប្រាក់នឹងសងអ្នកវិញតាមកាលកំណត់ ប៉ុន្តែពេលប្រាក់ដល់ដៃហើយ បាត់សូន្យលែងឃើញស្រមោល មិនព្រមសងប្រាក់ឡើយ។មនុស្សបែបនេះ គ្មានភាពស្មោះត្រង់នោះទេ ដាច់ខាតកុំចិត្តទន់ចំពោះគេទៀត ។
០៤.មិនចេះដឹងគុណ
នៅក្បែរខ្លួនអ្នកមានមនុស្សប្រភេទនេះឬទេ ឲ្យតែមានរឿងគឺមករកអ្នក មានការលំបាកគឺសុំអង្វរករអ្នក ពេលអ្នកបានជួយគេហើយ គេមិនដឹងគុណ នៅយល់ថាជារឿងដែលអ្នកគម្បីធ្វើ។ប្រសិនបើអ្នកមិនជួយនិងបដិសេធចំពោះគេ គេនឹងស្អប់គុំគួនអ្នក ។មនុស្សប្រភេទនេះ មិនដឹងគុណឡើយ ទោះជាអ្នកលះបង់ច្រើនប៉ុណ្ណាចំពោះគេ នៅក្នុងកែវភ្នែកគេគិតថាគ្មានតម្លៃអ្វីឡើយ។ចំពោះមនុស្សប្រភេទនេះ ត្រូវចិត្តដាច់បន្តិច ដើម្បីជៀសវៀងការឈឺចាប់នាថ្ងៃក្រោយ។
មនុស្សទាំង៤ប្រភេទនេះ មិនត្រឹមតែគ្មានចិត្តស្មោះឡើយ ចរិកក៏អន់ដែរ។ប្រសិនបើបានជួបហើយ ដាច់ខាតត្រូវនៅអោយឆ្ងាយ ទោះជាគេនិយាយល្អប៉ុណ្ណាក៏ដោយ ក៏កុំជឿទុកចិត្តគេទៀត។
រៀបរាងដោយ៖Mythical Bird/ក្នុងស្រុក