សព្ធថ្ងៃនេះអ្នករត់កង់បីឥណ្ឌា មានកំណើតយ៉ាងឆាប់រហ័ស នោះក៏ដោយសារតែបច្ចេកវិទ្យាទំនើប ហើយអ្នករត់កង់បីភាគច្រើនបំផុតជាបុរស ព្រោះវាជាការងារដែលប្រើកំលាំងបាយសុទ្ធសាធ ហើយគេកំរបានឃើញស្រ្តីរត់កង់បីណាស់។ តែក៏មានស្ត្រីចំនួនតិចតួចបំផុតចាប់ផ្តើមរត់កង់បី នោះក៏ដោយសាជីវភាពទីទាល់ក្រដែរ ជាក់ស្តែង អ្នកស្រី ឆេង ដានី ជាស្ត្រីដ៏កម្រម្នាក់ ដែលនឹងកំពុងប្រកបរបររត់កង់បី មិនចាញ់បុរសទេ ដើម្បីចិញ្ចឹមកូនប្រុសតូចម្នាក់ ក្នុងឋានៈជាស្រ្តីម៉េម៉ាយ។
ស្រ្តីម៉េម៉ាយវ័យ២៦ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ទាំងទឹកភ្នែកថា៖ «ពេលភ្ញៀវឡើងជិះកង់បី ឃើញខ្ញុំអ៊ីចឹងគេភ្ញាក់ អូ! ស្រីទេ ស្មានតែមនុស្សប្រុស។ បើបរទេសវិញគេថា អត់ដែលឃើញស្រីបើកកង់បីទេនៅខ្មែរ តែបើនៅប្រទេសគេមាន ហើយភ្ញៀវខ្មែរស្រីៗវិញ គាត់បាននិយាយថាតាំងពីគាត់ជិះកង់បីមក គឺមានតែមនុស្សប្រុសទេជាអ្នកបើក។ ពេលឃើញខ្ញុំជាស្រីអ៊ីចឹងពួកគាត់សប្បាយចិត្ត។ គាត់អត់ភ័យខ្លាចទេ។ គាត់មានតែទុកចិត្តទៀតព្រោះជាមនុស្សស្រីដូចគា្ន»។
ការតស៊ូរនឹងការងារដែលស្ត្រីភាគច្រើនពិបាកធ្វើបាន ក៏ដោយសារការចិញ្ចឹមកូនប្រុសម្នាក់ ធ្វើឲ្យអ្នកស្រីមានភាពរឹងមាំ តស៊ូគ្រប់ការលំបាកក្នុងនាមជាកូនកើតចេញពីគ្រួសារក្រីក្រ នៅភូមិតាកោរ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
អ្នកស្រីបានរៀនចប់វិទ្យាល័យ នៅឆ្នាំ២០១១ ហើយបានរៀបការជាមួយស្វាមីដែលជាអ្នកកំពតដូចគ្នាតាមការផ្សំផ្គុំរបស់ឪពុកម្តាយ។ តែក្រោយមកគ្រួសារថ្មីថ្មោងនេះ បានផ្លាស់មករស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយមកក្រុមគ្រួសារអ្នកស្រីក៏កើតមានទំនាស់រហូតសម្រេចចិត្តដើរផ្លូវបំបែក ដោយបន្សល់នូវតំណក់ឈាមកូនប្រុស ១គ្រាប់។ អ្នកស្រី ដានី ក៏បានវិលទៅស្រុកកំណើតដោយផ្ញើកូនប្រុសឲ្យម្ដាយមើលថែ ខណៈខ្លួនចូលបម្រើការជាកម្មកររោងចក្រនៅឆ្នាំ ២០១៤ ហើយមួយឆ្នាំក្រោយមកអ្នកស្រីបានផ្លាស់មកធ្វើការជាអ្នករត់តុតាមភោជនីយដ្ឋាននានា។
ឆ្នាំដដែលអ្នកស្រីបានដាក់ពាក្យមកធ្វើការផ្នែកលក់នៅក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទមួយ។ ហើយក៏ពីទទួលបានប្រាក់ខែសមរម្យ អ្នកស្រី ដានី បានសម្រេចចិត្តនាំកូនប្រុសមករស់នៅ និងចូលរៀននៅសាលាឯទីក្រុងភ្នំពេញ។
អ្នកស្រី ដានី បានងាកមកចាប់អាជីពជាអ្នករត់កង់បីនៅឆ្នាំ ២០១៨ ដោយសារឮមិត្តភក្ដិនិយាយថាមុខរបរនេះអាចរកចំណូលបានគ្រាន់បើ។
អ្នកស្រីសម្គាល់ឃើញថា៖ «តាំងពីបើកបរមកអត់ដែលមានភ្ញៀវភ័យខ្លាចពីសុវត្ថិភាពក្នុងការបើកបររបស់ខ្ញុំទេគឺមានតែគេសរសើរថា ខ្ញុំជាមនុស្សដែលរឹងមាំ និងក្លាហានអាចធ្វើការងារមនុស្សប្រុសបាន»។