នរណាៗក៏មានសកម្មភាពដែលខ្លួនចូលចិត្តធ្វើដើម្បីលំហែអារម្មណ៍ពេលទំនេរដែរ ប៉ុន្តែរាល់សកម្មភាពទាំងនោះគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ហេតុដូចនេះហើយទើបគេអាចស្វែងយល់ពីនរណាម្នាក់បានតាមរយៈការកម្សាន្តរបស់ពួកគេ៖
១. ថតរូប
ប្រសិនបើអ្នកចូលចិត្តថតរូបជាការកម្សាន្តមិនថារូបភាពមនុស្ស សត្វឬទេសភាពនោះទេ ពិតណាស់អ្នកជាមនុស្សដែលសង្កេតទៅលើអ្វីមួយបានយ៉ាងល្អិតល្អន់និងតែងគិតទៅលើរឿងអ្វីមួយបានគ្រប់ជ្រុងជ្រោយ។ អ្នកគឺជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍និងប្លែកពីអ្នកដ៏ទៃដោយសារភាពច្នៃប្រឌិតនិងការយកចិត្តទុកដាក់របស់អ្នក។
២. ថែរក្សាសួន
ប្រសិនបើអ្នកចូលចិត្តថែសួនជាការកម្សាន្ត អ្នកគឺជាមនុស្សដែលស្ងប់ស្ងាត់និងចូលចិត្តសន្តិភាព។ អ្នកគឺជាមនុស្សដែលស្រលាញ់ភាពឥតខ្ចោះ មានភាពអំណត់និងមានគោលដៅច្បាស់លាស់។ បន្ថែមពីលើនេះទៀត អ្នកក៏ជាមនុស្សដែលចិត្តល្អ មានបញ្ញានិងតែងយកអាសារអ្នកដ៏ទៃ។
៣. លេងកីឡា
ប្រសិនបើអ្នកចូលចិត្តលេងកីឡាជាការកម្សាន្ត អ្នកគឺជាមនុស្សដែលពូកែផ្សងព្រេងនិងតែងធ្វើអ្វីថ្មីៗ។ អ្នកពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯងនិងមិនឱ្យអ្នកដ៏ទៃមើលស្រាលអ្នកនោះទេ។ អ្នកតែងមានគោលដៅមួយច្បាស់លាស់និងខិតខំដើម្បីសម្រេចគោលដៅទាំងនោះ។
៤. អានសៀវភៅ
ប្រសិនបើអ្នកចូលចិត្តអានសៀវភៅជាការកម្សាន្ត អ្នកគឺមនុស្សដែលតែងស្វែងរកអ្វីថ្មីនិងពោរពេញទៅដោយចំណេះដឹង។ អ្នកតែងសួរទៅលើអ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់អ្នកហើយខិតខំរិះរកគ្រប់វិធីដើម្បីទទួលបានចម្លើយ។ អ្នកក៏ជាមនុស្សដែលស្ងប់ស្ងាត់និងចូលចិត្តពេលវេលានៅម្នាក់ឯង។
៥. លេងហ្គេម
ប្រសិនបើអ្នកចូលចិត្តលេងហ្គេមជាការកម្សាន្ត អ្នកគឺជាមនុស្សដែលងាយចុះសម្រុងជាមួយអ្នកដ៏ទៃ។ ទោះបីជាអ្នកចំណាយពេលច្រើនលេងហ្គេមនៅមុខកុំព្យូទ័រក្តី អ្នកតែងមានទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃទៀត។ ប៉ុន្តែអ្នកក៏អាចជាមនុស្សដែលឆាប់ឆេវឆាវ មួរម៉ៅផងដែរ។
៦. សរសេរ
ប្រសិនបើអ្នកចូលចិត្តសរសេរជាការកម្សាន្ត អ្នកគឺជាមនុស្សដែលមានភាពស្រមើស្រមៃខ្ពស់និងគិតសុីជម្រៅ។ អ្នកតែងសរសេរអ្វីៗដែលអ្នកមាននៅក្នុងចិត្តចេញទៅលើកូនសៀវភៅឬក្រដាសណាមួយ ហើយអ្នកជាមនុស្សដែលពូកែច្នៃប្រឌិត៕
ប្រភព៖ បរទេស