អ្នកផលិតភាពយន្តឯករាជ្យ លោក នាង កាវិច យកការតស៊ូមកប្តូររហូតក្លាយជា ផលិតករដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ

លោក នាង កាវិច គឺជាអ្នកផលិតភាពយន្តឯករាជ្យ ជា Freelancer ជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធរឿងដ៏លេចធ្លោមួយរូប ដែលបានកសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនតាមរយៈស្នាដៃ ដឹកនាំរឿង តែងនិពន្ធ និងផលិតភាពយន្តជាច្រើនបន្តបន្ទាប់ ជាពិសេសភាពយន្តចុងក្រោយរបស់លោក គឺរឿង «ប៊ូឌីញស» ដែលត្រូវបានចាក់បញ្ចាំង ក្នុងឆ្នាំ២០២១ ទទួលបានការកោតសសើរមិនដាច់ពីឆាកអន្តរជាតិ និងមហាជន។  ក្រោយមកទៀតគាត់ក៏ត្រូវ​បានគេ​ជ្រើសរើស ក្នុងនាមជាផលិតករខ្មែរទី១ សម្រាប់​ការប្រកួតប្រជែង ដណ្តើមពានរង្វាន់ នៅក្នុង​មហោស្រពភាពយន្ត ក្រុង​Venice លើកទី ៧៨ នៅ​ប្រទេស​អ៊ីតាលីថែមទៀតផង ដែលវាជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាយើង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគាត់ក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនមួយ សម្រាប់ផលិតភាពយន្តផងដែរ ដែលក្រុមហ៊ុននោះមានឈ្មោះថា Anti-Archive

NEANG KAVICH KH

Neang Kavich

ថ្វីត្បិតថាពីក្មេងគាត់មិនមានក្តីស្រមៃចង់ធ្វើជាអ្នកផលិតភាពយន្តក្តី តែពេលដែលគាត់បានស្គាល់ និងសិក្សាពីវិស័យមួយនេះកាន់តែច្រើន គាត់ក៏បានរកឃើញថា ខ្លួនចាប់ផ្តើមស្រឡាញ់វិស័យភាពយន្ត តាំងពីពេលនោះមក។ តែដោយហេតុជីវភាពនៅមានកម្រិត គាត់បានជួបការលំបាកជាច្រើនដូចជា ត្រូវបែងចែកពេលវេលា សម្រាប់រកចំណូលដើម្បីចិញ្ចឹមជីវិតផង និងត្រូវឆ្លៀតពេលដើម្បីធ្វើភាពយន្តដែលខ្លួនស្រឡាញ់ផង។ គាត់បានតស៊ូបែបនេះ តាំងពីពេលចាប់ផ្តើម រហូតភាពយន្តដែលគាត់ផលិតបានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តក្នុងស្រុក និងត្រូវបានទទួលស្គាល់គុណភាពពីសំណាក់អន្តរជាតិ។

សម្រាប់គាត់ ការផលិតភាពយន្តគឺដូចជាវេទមន្តមួយអញ្ចឹង ព្រោះគាត់អាចធ្វើអោយអ្នកទស្សនាស្លុងអារម្មណ៍ សើចសប្បាយ យំកើតទុក្ខ ទៅតាមសាច់រឿងដែលគាត់ស្រម៉ៃ និងអារម្មណ៍ដែលគាត់ចង់ផ្តល់ទៅអោយអ្នកទស្សនា។ ជាពិសេសគឺផ្តល់អោយអ្នកទស្សនាយល់ដឹងពីសង្គម ប្រវត្តិសាស្រ្ត បរិបទជុំវិញខ្លួន និងចំណេះដឹងបន្ថែម ដែលបានបង្កប់នៅក្នុងសាច់រឿង។

លោក នាង កាវិច ក៏បានផ្ញើសារទៅកាន់អ្នកគាំទ្រ ក៏ដូចជាអ្នកជំនាន់ក្រោយដែលស្រឡាញ់វិស័យដឹកនាំរឿងដូចជាលោកថា ត្រូវចេះស្វែងយល់ពីខ្លួនឯងអោយបានច្បាស់ ថាតើយើងចូលចិត្ត និងចង់ធ្វើអ្វីទៅថ្ងៃមុខ? ព្រោះមិនថាស្ថិតក្នុងវិស័យណាទេ ឧបសគ្គគឺតែងតែកើតមានជានិច្ច សំខាន់យើងកុំខ្លាចក្នុងការប្រឈមមុខជាមួយវា ចាប់ផ្តើមរៀនពីឧបសគ្គទាំងនោះ និងយកវាធ្វើជាបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខ។ ម្យ៉ាងទៀត ដើម្បីធ្វើជាបុគ្គលជោគជ័យបាន លុះត្រាតែយើងមានភាពជឿជាក់លើខ្លួនឯងជាមុនសិន ព្រោះភាពជឿជាក់វាគឺជាដើមទុនមួយ ដើម្បីអោយអ្នកផ្សេងមិនខ្លាចក្នុងការមកវិនិយោគជាមួយយើង ហើយវាក៏ជាគន្លឹះដែលអាចនាំយើងឆ្ពោះទៅរកភាពជោគជ័យផងដែរ។

Key Visual 9x16 (KH)

រីឯរបៀបដែល លោក នាង កាវិច តែងតែធ្វើប្រចាំថ្ងៃនោះគឺសិក្សាបន្ថែមនៅក្នុងវិស័យភាពយន្តអោយកាន់តែស៊ីជម្រៅ និងព្យាយាមរិះរកអ្វីដែលជារសជាតិថ្មី ដើម្បីបង្កើតបានជាទស្សនីយភាពល្អប្រសើរ ដែលនឹងលេចរូបរាងឡើងក្នុងភាពយន្តបន្តបន្ទាប់ទៀតរបស់គាត់ ដែលនឹងមិនធ្វើអោយទស្សនិកជន និងអ្នកគាំទ្ររបស់គាត់ខកចិត្តឡើយ។

ដោយសារតែលោក នាង កាវិច ជាបុគ្គលដែលហ៊ានស្រមៃខ្ពស់ និងអាចធ្វើអោយក្តីស្រមៃរបស់ខ្លួនក្លាយជាការពិតបានតាំងពីដៃទទេ ទើបលោកត្រូវបានជ្រើសរើសអោយក្លាយជាបេក្ខភាពពិសេសម្នាក់ នៅក្នុងកម្មវិធីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន ABC មានឈ្មោះថា «បុគ្គលល្អឯក»ដោយក្នុងរដូវកាលថ្មីនេះ កម្មវិធី «បុគ្គលល្អឯក» នឹងបង្ហាញជូនបុគ្គលល្អឯកថ្មី១០រូប តាមរយៈភាពយន្តខ្លី១នាទីរបស់ពួកគាត់។ ក្នុងភាពយន្តទាំងនេះ ពួកគាត់នឹងរៀបរាប់ប្រាប់យើងពីគំនិតបំផុស កម្លាំងចិត្ត និងបញ្ហាប្រឈម ដែលពួកគាត់បានឆ្លងកាត់ ហើយថា តើពួកគាត់អាចជំនះឧបសគ្គទាំងអស់នេះ បានដោយរបៀបណា ដើម្បីក្លាយជាបុគ្គលលេចធ្លោក្នុងវិស័យរបស់ខ្លួន៕

សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖​

ABC’s website           : https://abcbeerkh.com

Facebook                   : https://www.facebook.com/abcbeer.cambodia

Instagram                  : https://www.instagram.com/abcbeer.cambodia/?hl=en