តើលោកអ្នកត្រៀមខ្លួនចូលរួមបុណ្យរដូវរំហើយ ដែលរៀបចំនៅលើទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ហើយឬនៅ? ខាងក្រោមនេះគឺជាចំនុចទាំង៦ ដែលអ្នកមិនគួររំលងពិធីបុណ្យដ៏អស្ចារ្យមួយនេះ៖
១ លក្ខណ:ពិសេសនៃទីតាំងបុណ្យរដូវរំហើយ
បុណ្យរដូវរំហើយ ត្រូវបានរៀបចំតុបតែងតាមបែបស្រុកស្រែដោយផ្សារភ្ជាប់សិល្បៈខ្មែរជាមួយធម្មជាតិ រំលេចចេញនូវកន្លែងថតរូបជាច្រើនកន្លែងគួរអោយចាប់អារម្មណ៍។
២ កម្មវិធីបង្ហើរខ្លែងខ្មែរដ៏អស្ចារ្យ
សកម្មភាពដ៏ធំអស្ចារ្យទាក់ទងនឹងប្រពៃណីខ្មែរ ខ្លែងឯកធំ១ មានទំហំដល់ទៅ៣ម៉ែត្រ ដោយមានការរចនានិ ងគូសគំនូរលើដ៏ស្រស់ស្អាត ហើយសម្រាប់ខ្លែងកិត្តិយស ជាប្រភេទខ្លែងឯកខ្មែរទំហំ២ម៉ែត្រ សរុបចំនួន២០, ខ្លែងមហាជន ជាប្រភេទខ្លែងខ្មែរចម្រុះមានទំហំចាប់ពី១.២ម៉ែត្រ ទៅ១.៥ម៉ែត្រ ចំនួន៨០, រួមជាមួយខ្លែងតូចចម្រុះចំនួន ១០០ទៀត សម្រាប់គូសគំនូរកម្សាន្ត ហើយក៏មានខ្លែងផ្សេងៗទៀតដែលបេក្ខជននឹងយកមកប្រកួតផងដែរ ។
ក្នុងនោះខ្លែងខ្មែរជាច្រើនប្រភេទ និងទំហំតូចធំ រួមជាមួយការតុបតែងយ៉ាងស្អាត ដែលអ្នកចូលរួមអាចថត បង្ហើរលេង និងរៀនធ្វើពីអ្នកជំនាញផងដែរ។
៣ ការដាល់អំបុក
តើលោកអ្នកចង់ទទួលបានបទពិសោធន៍ដាល់អំបុក ដោយផ្ទាល់ដៃដែរឬទេ? អ្នកចូលរួមនឹងទទួលនូវបទពិសោធន៍ថែម ដោយមានឱកាសបានដាល់អំបុកផ្ទាល់ដៃ ដែលបច្ចុប្បន្នស្ទើរគ្មានការដាល់អំបុកបែបបុរាណនេះទៀតឡើយ។ លើសពីនេះ អ្នកចូលរួមនឹងបានទស្សនាការប្រកួតដ៏ស្វិតស្វាញពីសំណាក់ក្រុមខ្លាំងៗទាំង០៨ក្រុម ប្រចាំខេត្តកំពង់ឆ្នាំង។
៤ ការលេងល្បែងប្រជាប្រិយ និង ទស្សនាល្ខោន
គណៈកម្មការរៀបចំបុណ្យរដូវរំហើយ បានត្រៀមរួចជាស្រេចនូវការលេងល្បែងប្រជាប្រិយប្រចាំតំបន់ជាច្រើន ក៏ដូចជាការសម្ដែងសិល្បៈចម្រុះរួមមាន ល្ខោនបាសាក់ ខោល របាំប្រចាំតំបន់ ចាប៉ីដងវែង របាំរហ័សសម័យ និងការប្រគំតន្ត្រីដែលមានការចូលរួមពីតារាល្បីជាច្រៀនរូប ដូចជាក្រុមត្រកូលខាត់ កញ្ញា មាស សុខសុភា ក្រុមភ្លេងខ្មែរ កញ្ញារ៉ាបុី ជាដើម។
៥ បានជិះទូកទៅលេងតំបន់ទេសចរណ៍ក្រោយភ្នំនាងកង្រី
ដើម្បីទៅកាន់កន្លែងប្រារព្ធពិធីបុណ្យរដូវរំហើយ អ្នកទាំងអស់គ្នា អាចធ្វើដំណើរតាមមធ្យោបាយ២៖
ទី១៖ អាចធ្វើដំណើរចេញពីខេត្តកំពង់ធំ ចុះពីផ្លូវជាតិលេខ៦ តាមផ្លូវលំចម្ងាយប្រមាណ៦៥គីឡូម៉ែត្រ
ទី២៖ ធ្វើដំណើរមកដល់កំពង់ចម្លងខេត្តកំពង់ឆ្នាំង រួចឆ្លងសាឡាងត្រូវចំណាយពេលប្រមាណ៤០នាទី ដែលមានពេលគ្រប់គ្រាន់ក្នុងការគយគន់នូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសគឺទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្នំនាងកង្រី
៦ ព្រឹត្តិការណ៍បង្ហោះគោមចំនួន ២០២៣គោម
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជជួនណាត គោមឬគោមបង្ហោះ សម្ដៅទៅលើប្រភេទគោមធ្វើដោយក្រដាស មានសណ្ឋានស្រដៀងនឹងជាលអម្រែក សម្រាប់អុជបង្ហោះទៅអាកាស។ មិនខុសពីទម្លាប់នៃការបង្ហើរខ្លែងប៉ុន្មាននោះទេ ការបង្ហោះគោមត្រូវបានលេងតាមទីជនបទ បន្ទាប់ពីការសម្រេចការងារ ជាពិសេសនៅពេលយប់ដែលមានភ្លើងបំភ្លឺពាសពេញផ្ទៃមេឃក្រោមពន្លឺច័ន្ទ។
ក្រៅពីការកម្សាន្ដជុំគ្រួសារនិងមិត្តភ័ក្ដការលេងបង្ហោះគោមក៏មានការផ្សារភ្ជាប់ជាមួយការគោរពបូជាទៅកាន់ព្រហ្មញ្ញនិងព្រះពុទ្ធសាសនាដែរ។ គោមធ្វើឡើងដោយការផ្គុំរវាងឧបករណ៍សំខាន់មួយចំនួនរួមមានក្រដាសស្ដើង ដុតដោយ ទៀន ឬ ចង្កៀង។ នៅក្នុងពិធីបុណ្យរដូវរំហើយពេលរាត្រី នឹងរៀបចំព្រឹត្តិការណ៍បង្ហោះគោមមិនធ្លាប់មានពីមុនមក នៅក្នុងខេត្តកំពង់ឆ្នាំង ដោយគោមប្រមាណជា ២០២៣គោម ត្រៀមបង្ហោះនៅយប់ថ្ងៃទី១៧ ខែធ្នូ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យរដូវរំហើយ។ ការបង្ហោះគោមចំនួន២០២៣នេះ ដើម្បីអោយត្រូវនឹងចំនួន ក៏ដូចជាអបអរសាទឆ្នាំ២០២៣ ដែលជិតឈានចូលមកដល់នាពេលខាងមុខ។
ទាំងនេះគឺជាសកម្មភាពពិសេស ក្នុងចំណោមសកម្មភាពដ៏អស្ចារ្យជាច្រើន ដែលកើតមានឡើងនៅក្នុងពិធីបុណ្យរដូវរំហើយ ដែលរៀបចំនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ។ កម្មវីធីនេះរៀបចំឡើងនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ ក្នុងការចូលរួមពិធីបុណ្យរដូវរំហើយដ៏ធំ និង អស្ចារ្យ ដែលរៀបចំនៅខេត្តកំពង់ឆ្នាំងនេះ?