ថៃ៖ ការទទួលទានកាហ្វេ បានក្លាយទៅជាការពេញនិយមរបស់មនុស្សទូទៅនៅក្នុងពេលបច្ចុប្បន្នមិនថាមនុស្សចាស់ ឬយុវវ័យនោះទេ ព្រោះមិនត្រឹមតែអាចបំបាត់ក្តីនឿយហត់តាមរយៈការផឹកកាហ្វេ ហាងកាហ្វេក៏បានក្លាយទៅជាទីកន្លែងជួបជុំក៏ពិសេសផងដែរ។
ជាទូទៅលោកអ្នកប្រហែលជាដឹងហើយថា សព្វថ្ងៃហាងកាហ្វេបានប្រជែងគ្នា រចនាហាងរបសស់ខ្លួនឱ្យទំនើប និងទាក់ទាញដើម្បីប្រមូលអតិថិជនមកកាន់ខ្លួនឱ្យបានច្រើន។ ដោយឡែកហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសថៃ មានឈ្មោះថា Ma Na Dé (มา นา เด้อ ) បែរជាមានទីតាំងស្ថិតនៅកណ្តាលវាលស្រែជនបទទៅវិញ តែបាននឹងកំពុងតែស្រូបទាញអ្នកមកទទួលទានកាហ្វេ Check-in និងថតរូបកម្សាន្តអារម្មណ៍ជាច្រើនព្រោះតែភាពប្លែកថ្មី និងទិដ្ឋភាពដ៏ពិសេសជុំវិញ។
ហាងកាហ្វេ Ma Na Dé បានសាងសង់ នៅកណ្តាលវាលស្រែប្រមាណជា ៣០ហិចតា ដែលរចនាជាផ្ទះកញ្ចក់ អាចទស្សនាទេសភាពជុំវិញបានយ៉ាងត្រជាក់ភ្នែក។ ដោយអតិថិជនអាចជ្រើសរើសអង្គុយនៅក្នុងហាង ម៉ាស៊ីនត្រជាក់ផឹកកាហ្វេគយគន់វាលស្រែពីខាងក្នុងក៏បាន ឬក៏អាចមកអង្គុយផឹកកាហ្វេថតរូបកម្សាន្តលេងលើវាលស្រែខៀវខ្ចី ដោយមានការរចនាកន្លែងអង្គុយពិសេសៗក៏បានដែរ ពិតជាប្លែក និងគួរជាទីរីករាយមែនទែន។ បន្ថែមពីនោះ នៅក្រៅហាងកាហ្វេក៏មានការសាងសង់ស្ពានឈើ នៅលើវាលស្រែយ៉ាងគួរឱ្យគយគន់ទៀតផង ពិតជាទស្សនីយ៍ភាពប្លែកថ្មីដែលមិនអាចបំភ្លេចបានទៀតផង។
សូមជម្រាបផងដែរថា Ma Na Dé កាហ្វេ មានទីតាំងស្ថិតនៅ៖ 226 Ko-e, សង្កាត់ Khueang Nai,ខេត្ត Ubon Ratchathani នៅភាគខាងជើងប្រទេសថៃ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ มา นา เด้อ និង Google