មនុស្សខ្លះតែងតែខឹង និងអន់ចិត្ត ដែលមានគេមកនិយាយមើលងាយ បន្ទាបតម្លៃខ្លួនឯង តែមនុស្សមួយចំនួនប្រហែលមិនដឹងទេថា ការដែលត្រូវអ្នកដទៃមើលងាយ មិនមែនព្រោះតែអ្នកដទៃទេ តែព្រោះតែខ្លួនឯង ដែលធ្វើខ្លួនមិនល្អ ទើបត្រូវអ្នកដទៃគេមើលងាយបែបហ្នឹង។
១. មនុស្សស្រីដែលពូកែនិយាយដើមគេ
នៅក្នុងសង្គមនេះ មនុស្សភាគច្រើនមិនចូលចិត្តប្រភេទមនុស្សដែលពូកែនិយាយដើមគេទេ។ ការរស់នៅក្នុងជីវិត ត្រូវតែដឹងពីរបៀបរក្សាអាថ៌កំបាំងសម្រាប់អ្នកដទៃនៅពេលចាំបាច់ ហើយក្នុងពេលតែមួយ ក៏ត្រូវតែចៀសវាងការនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងផងដែរ។
គ្មានអ្នកណាចង់លេងជាមួយមនុស្សប្រភេទនេះទេ។ អ្នកនឹងមានសត្រូវច្រើនហើយគ្មានមិត្តពិតប្រាកដឡើយ ប្រសិនបើអ្នករស់នៅបែបនោះ។ មនុស្សស្រីដែលរស់នៅថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគិតពីអ្នកដទៃ ប្រាកដណាស់ ពួកគេមិនដែលចង់ទំនាក់ទំនងជាមួយមនុស្សដែលអេចអូច ពូកែនិយាយដើមគេឡើយ។
២. មនុស្សស្រីមិនស្មោះត្រង់
អ្នកមិនអាចធ្វើជាមនុស្សល្អគ្រប់ដប់ ឬជាមនុស្សល្អឥតខ្ចោះបានទេ... ប៉ុន្តែអ្នកត្រូវតែរស់នៅដើម្បីក្លាយជាមនុស្សស្មោះត្រង់ម្នាក់។ ការមិនធ្វើបាបនរណាម្នាក់ គឺជាគុណធម៌ដ៏មានតម្លៃ។ ជីវិតមនុស្សស្រីដែលមានចិត្តល្អ ក៏នឹងកាន់តែមានសេចក្ដីសុខផងដែរ។
សម្រាប់មនុស្សស្រីដែលមានប្រាជ្ញា នឹងមិនទាញយកប្រយោជន៍ពីអ្នកដទៃ មិនធ្វើបាបនរណាម្នាក់ដោយចេតនាអាក្រក់នោះឡើយ។
៣. មនុស្សមុខពីរ
អ្នកខ្លួនឯងប្រហែលជាតែងតែខ្លាចមិត្តរបស់វាយប្រហារពីខាងក្រោយ ដូច្នេះចៀសវាងមនុស្សប្រភេទនេះ ប្រសិនបើអ្នកមិនចង់ត្រូវបានអ្នកដទៃមើលងាយ។ កុំធ្វើជាមនុស្សមុខផ្សេង ក្រោយខ្នងផ្សឹង នៅចំពោះមុខគេនិយាយបែបនេះ ហើយក្រោយខ្នង បែរជានិយាយបែបនោះ វាមិនល្អទេ។
ប្រសិនបើអ្នករស់នៅក្នុងជីវិតបែបហ្នឹង នោះនឹងគ្មាននរណាម្នាក់គោរព ឱ្យតម្លៃង្នកនោះឡើយ។ ការរស់នៅបែបនេះធ្វើឱ្យអ្នកបាត់បង់តម្លៃ និងសេចក្តីថ្លៃថ្នូរចំពោះខ្លួនឯង ដូច្នេះ អ្នកដទៃគេមើលងាយ មិនឱ្យតម្លៃអ្នក វាក៏គ្មានអ្វីចម្លែកនោះដែរ។
៤. មនុស្សស្រីជនទី៣ (ប្រភេទស្ត្រីដណ្ដើមប្ដីគេ)
មានរឿងរ៉ាវជាច្រើនដែលស្ត្រីផ្គើននឹងសីលធម៌ ដើម្បីធ្វើជាជនទីបីជ្រៀតជ្រែកសុភមង្គលអ្នកដទៃ។ ប៉ុន្តែ ជ័យជម្នក្នុងរឿងនោះ ច្រើនតែមិនមានការបញ្ចប់ដ៏រីករាយឡើយ អាចនឹងធ្វើឱ្យជីវិតត្រូវរស់នៅម្នាក់ឯងពេញមួយជីវិតនេះ។
ដូច្នេះក្នុងនាមជាស្ត្រីឆ្លាត កុំទៅដណ្ដើមប្រជែងយកប្តីអ្នកដទៃដើម្បីសេចក្តីសុខ និងតណ្ហារបស់ខ្លួន។ ធ្វើបែបនេះធ្វើឱ្យខ្លួនឯងកាន់តែវេទនា ហើយកូនៗក៏នឹងត្រូវគេមើលងាយ សើចចំអកផងដែរ។ គ្មានអ្នកណាគេឱ្យតម្លៃមនុស្សស្រីដណ្ដើមប្ដីអ្នកដទៃនោះឡើយ៕
ប្រភព ៖ Phunutoday / Knongsrok