បុរសជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ដូច្នេះមាត់អាចសម្រេចសេចក្តីចម្រើនក្នុងគ្រួសារទាំងមូល តែក៏អាចបំផ្លាញគ្រួសារបានដែរ ដូច្នេះហើយ បុរសទាំងឡាយ ត្រូវចេះគ្រប់គ្រងមាត់ និងពាក្យសម្ដីរបស់ខ្លួនឯងឱ្យបានល្អ។
១. កុំនិយាយពាក្យអាក្រក់ដាក់ប្រពន្ធ
បុរាណថា ៖ បុរសជាឋានសួគ៌ ស្ត្រីជាផែនដី ។ អាពាហ៍ពិពាហ៍ដែលមានសុភមង្គលច្រើន អាស្រ័យលើប្ដីមិននិយាយពាក្យអាក្រក់ដាក់ប្រពន្ធ។ ស្វាមីដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ ជាញឹកញាប់មានបុគ្គលិកលក្ខណៈសប្បុរសមិនឆេវឆាវផ្ដេសផ្ដាសឡើយ។
ផ្ទុយទៅវិញ បុរសដែលតែងតែឈ្លោះជាមួយប្រពន្ធអំពីរឿងតូចតាច ច្រើនតែជាមនុស្សចិត្តចង្អៀត ពិបាកក្នុងការជោគជ័យ និងបង្កើតរឿងអស្ចារ្យក្នុងជីវិត។ ជីវិតប្ដីប្រពន្ធប្រៀបដូចចានៅក្នុងរាវពិបាកចៀសវាងការប៉ះទង្គិចគ្នា បើគ្រប់យ៉ាងមានជម្លោះជាប់រហូតនឹង មិនយូរទេ គ្រួសារច្បាស់ជាបែកបាក់ជាពីរមិនខាន។
ផ្ទះជាកន្លែងរស់នៅជាទីស្រឡាញ់។ នៅក្នុងផ្ទះមិនគួរមានជម្លោះ ឬការឈ្លោះប្រកែកគ្នាទេ។ ព្រោះបើមានជម្លោះច្រើនពេក គ្រួសារនឹងត្រជាក់។
២. កុំជេរកូនតាមអំពើចិត្ត
គម្រូអប់រំរបស់គ្រួសារ គឺផ្អែកលើគោលការណ៍ដូចខាងក្រោម ៖ ម្តាយទន់ភ្លន់ និងឪពុកដ៏តឹងរឹង ប៉ុន្តែពេលខ្លះ ការដែលឪពុកតឹងរឹងពេកនឹងបំភ័យកូនទៅវិញ។
មធ្យោបាយអប់រំដ៏ល្អបំផុត គឺមិនត្រូវស្តីបន្ទោស ឬជេរប្រមាថនោះទេ ប៉ុន្តែត្រូវធ្វើជាគំរូ និងបង្រៀនកូនកុំឱ្យគេចវេសពីការទទួលខុសត្រូវ។ អនុញ្ញាតឱ្យកូនរបស់អ្នកដឹងពីអត្ថន័យនៃការទទួលខុសត្រូវ។
ឪពុកដែលប្រាស្រ័យទាក់ទងជាមួយកូនយ៉ាងពិតប្រាកដ ហើយណែនាំពួកគេតាមផ្លូវត្រូវនឹងធ្វើឱ្យកូនមានការអភិវឌ្ឍកាន់តែទូលំទូលាយ។ នៅពេលដែលឪពុកម្តាយអាចធ្វើជាគម្រូដ៏ល្អសម្រាប់កូនៗ ពួកគេនឹងរៀន និងទទួលនូវទំនៀមទម្លាប់ និងប្រពៃណីល្អពីធម្មជាតិ។ នេះជាវិធីដ៏ឆ្លាតវៃបំផុតក្នុងការចិញ្ចឹមកូន។
៣. មើលថែឪពុកម្តាយរបស់អ្នកឱ្យបានល្អ
ដើម្បីមានគ្រួសាររីកចម្រើនក៏សំខាន់ដែរ ក្នុងការប្រព្រឹត្តចំពោះឪពុកម្តាយឱ្យបានល្អ ។ ក្នុងនាមជាបុរស អ្នកត្រូវតែគោរពចំពោះឪពុកម្ដាយរបស់អ្នកដែលបានចិញ្ចឹមបីបាច់អ្នកតាំងពីតូចរះុតដល់ធំដឹងក្ដី។
ឪពុកម្តាយ គឺជាជំនួយខាងវិញ្ញាណសម្រាប់យើង នៅពេលដែលពួកគេរស់នៅដោយសប្បាយរីករាយ ពួកគេនឹងមានសុខភាពល្អ និងអាយុវែងតាមធម្មជាតិ ហើយកូនៗរបស់យើងក៏កាន់តែមានសុភមង្គល និងគ្មានកង្វល់ផងដែរ។ ជាអកុសលក្នុងជីវិតនេះ មនុស្សជាច្រើនតែងតែបញ្ចេញនូវអារម្មណ៍មិនល្អរបស់ពួកគេទៅលើអ្នកដែលមានចិត្តអត់ធ្មត់បំផុត ធ្វើឱ្យខូចចិត្តឪពុកម្តាយរបស់គេដោយមើលមិនឃើញ។
ក្នុងនាមជាបុរសក្នុងគ្រួសារ អ្នកត្រូវចេះអត់ធ្មត់ជាមួយឪពុកម្តាយបន្តិចម្តងៗ នោះគ្រួសារនឹងមានសុភមង្គលជាង។ មាត់បុរសអាចនិយាយបានថាជាហុងស៊ុយរបស់គ្រួសារល្មមអាចកែប្រែវាសនាគ្រួសារបាន។ ជាការពិតណាស់ គ្រួសារដែលចង់រីកចម្រើន ត្រូវការកិច្ចសហការ និងការខិតខំប្រឹងប្រែងពីសមាជិកគ្រួសារទាំងអស់ ម្នាក់ៗបំពេញកាតព្វកិច្ចរបស់ខ្លួនបានល្អ ហើយថែមទាំងគិតដល់អ្នកដទៃទៀតផង៕
ប្រភព ៖ Phunutoday / Knongsrok