តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងមានកែវកាហ្វេ ៤ ដែលជាប្រភេទរសជាតិផ្សេងគ្នា។ ផ្អែកតាមចំណូលចិត្តក្នុងការទទួលទាន តើអ្នកនឹងជ្រើសយកកែវមួយណា? ចម្លើយរបស់អ្នក អាចឲ្យយើងបង្ហាញបកទៅវិញ ថាផ្លូវដែលអ្នកកំពុងដើរត្រូវឬអត់ ហើយអ្នកគួរប្រើប្រាស់អ្វី ដើម្បីឲ្យក្តីស្រមៃអាចសម្រេចក្លាយជាការពិត៖
១) កាហ្វេ Classic ធម្មតា
នេះបង្ហាញមកច្បាស់ៗថា អ្នកជាមនុស្សដែលកំពុងរីករាយនឹងបច្ចុប្បន្នភាពដែលមាន មិនថាជីវិតមានការខ្វះខាតចន្លោះប្រហោងមួយចំនួន ក៏ប៉ុន្តែអ្នកពុំមានការបារម្ភខ្លាំងពេក ដល់ថ្នាក់នាំឲ្យដំណើរការនៃជីវិតលែងរំកិលទៅមុខទេ។
នេះជាការគិតត្រូវ ក៏ប៉ុន្តែចូរចាំថា កុំបណ្ដែតបណ្ដោយខ្លួនតាមធម្មជាតិខ្លាំងពេកអី។ សើចច្រើន ញញឹមច្រើនមិនខុសទេ តែចូរមើលពីឱកាសដែលខ្លួនមានផង បើវាមកដល់ហើយចូរចាប់យកឲ្យបានល្អ កុំលេងសើចដល់ភ្លេចខ្លួន។ ភាពច្បាស់លាស់ ល្អិតល្អន់តែបន្តិច ជោគជ័យក៏នៅនឹងមុខ។
២) កាហ្វេ Cappuccino
បង្ហាញថាអ្នកជាមនុស្សដែលមានភាពមិនសូវក្លាហាន ដ្បិតមានឆន្ទៈ មានផែនការណ៍ក្នុងជីវិតច្បាស់លាស់ ក៏ប៉ុន្តែនៅស្ថានភាព កាលៈទេសៈខ្លះ ភាពខ្លាចរអា ការដែលមិនសូវក្លាហាន នាំឲ្យក្លាយជាដំណើររាំងស្ទះខ្លួនឯង។
បើចង់ជោគជ័យ ចូរផ្លាស់ប្តូរចំណុចនេះចេញ។ វិថីឆ្ពោះទៅការសម្រេចក្តីស្រមៃមិននៅឆ្ងាយរាប់មុឺយោជនោះទេ ឲ្យតែអ្នកបង្រៀនខ្លួនឯងឲ្យមានភាពក្លាហានបន្តិច អត់ធ្មត់និងអត់ធន់បន្តិច នោះបំណងប្រាថ្នាធំ ក៏នឹងក្លាយជាការពិតនៅត្រឹមឆ្នាំនេះឯង។
៣) កាហ្វេ Espresso
បើចង់ជោគជ័យ មនុស្សប្រភេទទី ៣ នេះគឺងាយទេ ព្រោះពួកគេមានចំណុចខ្លាំង ២ ពីធម្មជាតិ។ ទី ១) គឺអំណោយទាននៃភាពជាអ្នកដឹកនាំ ទី ២) គឺអំណោយទាននៃភាពមានប្រាស្រ័យទាក់ទងល្អក្នុងសង្គម។
បើអ្នកបន្ថែមការគោរព ចេះឱនលំទោន ដាក់ខ្លួនតែបន្តិច ហើយបន្តអ្វីដែលខ្លួនមានទៅប្រើប្រាស់ក្នុងវិស័យ ឬអាជីពដែលកំពុងធ្វើ នោះវិថីជោគជ័យ ផ្លែផ្កាសមិទ្ធផលធំ ក៏នឹងរំលេចនៅពេលដ៏ខ្លីខាងមុខ។
៤) កាហ្វេ Americano
ផ្លូវដែលអាចនាំឲ្យអ្នកឆ្ពោះទៅរកភាពជោគជ័យ អ្នកត្រូវចេះកែខៃចំណុចធំ ២ ទី ១) អ្នកខ្វះខាតភាពច្នៃប្រឌិត ព្រោះយើងមើលឃើញថា ក្នុងស្ថានភាពខ្លះ អ្នកហាក់ត្រង់ទៅមុខពេក ដោយវាមិនខុសទេ តែយើងត្រូវមើលតាមកាលៈទេសៈដែរ ពោលត្រូវចេះបត់បែន ច្នៃរឿងធំឲ្យក្លាយជារឿងតូច ច្នៃគ្រោះឲ្យក្លាយជាលាភ នោះហើយជាអ្វីដែលត្រូវរៀនសូត្របន្ថែម។
ចំណុចទី ២) អ្នកពិបាកនឹងចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ក៏ដោយសារតែភាពចចេស រឹងរូសពីកំណើត។ អានហើយកំពុងញញឹមអស់សំណើចនឹងខ្លួនឯងមែនទេ? បើជាការពិត ចូរអ្នកគិតជាថ្មីថា ភាពចចេស រឹងរូសនេះសោត គឺអាចប្រើប្រាស់មើលទៅតាមពេលវេលានិងស្ថានភាពដែរ ជាពិសេសនៅកន្លែងការងារ ការរកស៊ី អ្នកគួរតែរៀនកាត់វាចេញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក