ការសំន្សសំចៃប្រាក់នរណាម្នាក់ក៏ចង់ធ្វើវានោះដែរ ប៉ុន្តែក៏មានមនុស្សតិចតួចណាស់ដែលអាចទទួលបានជោគជ័យពីការសំន្សប្រាក់ទៅតាមកាលកំណត់ និងការតាំងចិត្តរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះជាតិចនិចសំន្សប្រាក់មួយចំនួនរបស់លោក John C. Maxwell ដែលធ្លាប់ទទួលបានជោគជ័យពីការសំន្សប្រាក់ផ្ទាល់ខ្លួនរហូតដល់រាប់លានដុល្លារ។
១/ មានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ
ជាច្រើនលើកដែលអ្នកបានសំន្សប្រាក់ដោយមិនមានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាយវាយប្រាក់ឲ្យបានត្រឹមត្រូវ។ វានឹងធ្វើឲ្យការសំន្សប្រាក់របស់អ្នកមិនទទួលបានជោគជ័យស្របតាមគម្រោងផែនការដែលអ្នកចង់បាននោះឡើយ។ ហេតុដូច្នេះអ្នក ចាំបាច់ត្រូវតែមានយុទ្ធសាស្រ្ត និងផែនការឲ្យបានច្បាស់លាស់ថាអ្នកចង់សំន្សប្រាក់ឲ្យ បានប៉ុន្មានដុល្លារក្នុងរយៈពេល ៥ ឬ ១០ឆ្នាំទៅមុខទៀត?
២/ មានវិន័យ
ក្នុងការសំន្សប្រាក់អ្នកគួរតែមានវិន័យ និងមានការតស៊ូឲ្យបានជាក់លាស់ហើយត្រូវតែធ្វើការសំន្សប្រាក់ឲ្យបានទៀងទាត់។ ជាការពិតដើម្បីឲ្យអ្នកអាចសម្រេចបានទៅតាម គោលដៅនៃការសំន្សរបស់ខ្លួន អ្នកចាំបាច់ត្រូវសំន្សវាជាប្រចាំថ្ងៃព្រមទាំងធ្វើវាដោយបញ្ញា។
៣/ មានសកម្មភាព
ការសំន្សប្រាក់ត្រូវការឲ្យអ្នកមានសកម្មភាពធ្វើវាទៅតាមកាលវិភាគផ្ទាល់ខ្លួន។ សកម្មភាពបន្តិចបន្តួចទាំងអស់នោះហើយដែលធ្វើឲ្យអ្នកអាចឈានទៅដល់ចំណុចគោលដៅរបស់ខ្លួនប្រកបទៅដោយប្រសិទ្ធភាព។
៤/ មានលទ្ធផល
បន្ទាប់ពីសំន្សប្រាក់មកដល់ពេលវេលានៃកាលកំណត់របស់ខ្លួនហើយ អ្នកក៏មិនត្រូវភ្លេចខ្លួនក្នុងការប្រមូលហើយចាត់ចែងទុកដាក់ប្រាក់របស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលអ្នកចង់បានផងដែរ។ មិនថាលទ្ធផលនៃការសំន្សប្រាក់របស់អ្នកមានកម្រិតតិចតួច ឬច្រើន អ្នកក៏ត្រូវតែបន្តការគិតថា នៅពេលដែលអ្នកបានប្រាក់សរុបពីការសំន្ស តើអ្នកចង់យកវាទៅធ្វើអ្វីជាបន្តទៅទៀត?
ប្រភព: BelieveNation
អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)