ក្នុងនាមជាស្ត្រី អ្នកគួរតែចងចាំនូវចំណុច ៤ យ៉ាងខាងក្រោម ដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានសេរីភាព និងមានភាពល្អប្រសើរ គ្រប់គ្រងជីវិតដែលអ្នកជ្រើសរើស ដើម្បីក្ដីសុខ សុភមង្គលរបស់អ្នកខ្លួនឯង។
១. ផ្ដោតលើចំណង់ចំណូលចិត្តខ្លួនឯង
ចំណង់ចំណូលចិត្តមិនចាំបាច់ជាបញ្ហាធំទេ។ ការរស់នៅជាមួយចំណង់ចំណូលចិត្ត គឺសាមញ្ញ នៅពេលអ្នកប្រាថ្នាចង់ស្វែងយល់ពីសមត្ថភាពផ្ទាល់ខ្លួន និងយកឈ្នះអ្វីមួយនៅក្នុងជីវិត។ ចំណង់ចំណូលចិត្ត គឺជាអ្វីដែលនឹងជម្រុញឱ្យអ្នកធ្វើសកម្មភាពឱ្យបានច្រើនបំផុត ហើយវាក៏ជាអ្វីដែលធ្វើឱ្យជីវិតអ្នកកាន់តែមានន័យ។ រាល់ថ្ងៃភ្ញាក់ពីដំណេកចំណង់ចំណូលចិត្តនឹងក្លាយជាប្រភពថាមពលសម្រាប់អ្នក ដើម្បីខិតខំព្យាយាម និងមានអារម្មណ៍រីករាយ។
២. មានគោលការណ៍ជីវិតផ្ទាល់ខ្លួន
ស្ត្រីមិនគួរបោះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយសារតែសេចក្តីស្រឡាញ់របស់នរណាម្នាក់ កុំទទួលយកការធ្វើអាក្រក់ចំពោះខ្លួនឯង និងសាច់ញាតិ បោះបង់គោលដៅ បោះបង់អ្វីដែលខ្លួនឯងត្រូវការ ដោយសារតែស្នេហានោះឡើយ។ កុំធ្វើបាបខ្លួនឯងដោយសារតែចង់ផ្គាប់ចិត្តនរណាម្នាក់ កុំព្រោះតែមនុស្សប្រុសម្នាក់ បែរជាភ្លេចពីគោលដៅ និងក្ដីស្រមៃរបស់ខ្លួនឯងឱ្យសោះ។ អ្នកត្រូវតែមានគោលដៅជីវិតផ្ទាល់ខ្លួន ហើយត្រូវតែសម្រេចនូវអ្វីដែលអ្នកត្រូវការ។
៣. ធ្វើខ្លួនឱ្យដូចជាផ្កាព្រៃ រក្សាភាពរឹងមាំ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយ
ស្ត្រីដែលមានប្រាជ្ញា និងរឹងមាំ នឹងមិនអនុញ្ញាតឱ្យខ្លួនឯងចុះចាញ់វាសនាឡើយ។ មិនថាជីវិតជួបការលំបាក និងខ្លោចផ្សាយ៉ាងណាក៏ដោយ ក៏ត្រូវតែរកវិធីសម្របខ្លួនទៅនឹងស្ថានការណ៍ ហើយក្រោកឡើងដូចជាដើមត្របែកនៅវាលខ្សាច់ ទោះស្ងួតប៉ុនណា ក៏វានៅតែរីកដោយស្ងៀមស្ងាត់ដែរ។
ពេលអ្នកពិបាកចិត្ត អ្នកអាចយំចេញមកបាន ហើយបន្ទាប់មកក្រោកឡើង បន្តដំណើរទៅមុខទៀត អ្វីៗនឹងល្អប្រសើរឡើងវិញ។ ស្ត្រីដែលមានប្រាជ្ញាយល់ថា បន្ទាប់មកការលំបាកទាំងអស់នឹងកន្លងផុតទៅ ពួកគេខ្លួនឯងនឹងរកវិធីដើម្បីឈរឱ្យបានរឹងមាំចំពេលមានព្យុះជីវិត។ ព្រោះវាអាចមានព្យុះ មានភ្លៀង ប៉ុន្តែភ្លៀងមិនអាចបន្តធ្លាក់ជារៀងរហូតទេ។
៤. មានតែអ្នកខ្លួនឯងទេ ដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន
នៅពេលណាដែលអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងវង្វេងស្មារតី អ្នកប្រហែលជាគ្រាន់តែចង់ឱ្យនរណាម្នាក់ផ្តល់ដំបូន្មាន និងការណែនាំដល់អ្នក ដើម្បីជួយអ្នកផ្លាស់ប្តូរជីវិតរបស់អ្នក។ អ្នកស្វែងរកដំបូន្មានជាច្រើនពីខាងក្រៅ ប៉ុន្តែភ្លេចថានៅលើពិភពលោក មានតែអ្នកខ្លួនឯងទេ ដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន។ ជីវិតគឺដូចនេះ បើអ្នកចង់ជម្នះការលំបាក និងឧបសគ្គបាន រឿងដំបូងដែលអ្នកត្រូវធ្វើ គឺផ្លាស់ប្តូរខ្លួនឯងដើម្បីសម្របខ្លួនទៅនឹងស្ថានភាព៕
ប្រភព ៖ Emdep / Knongsrok