កាលពីជាង ៦ ឆ្នាំមុន មានករណីការបាត់យន្តហោះមួយគ្រឿងម៉ាក MH 370 បានធ្វើឱ្យកើតមានជាចម្ងល់ជាច្រើនពីសំណាក់មហាជន។ ដោយគ្មាននរណាម្នាក់ដឹងពីព័ត៌មានពិតប្រាដក និងមូលហេតុនៃការបាត់ខ្លួនរបស់យន្តហោះ ជើងហោះហើរលេខ ៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញនោះទេ។ យ៉ាងណាមិញ វានៅតែស្ថិតនៅតែជាអាថ៌កំបាំង និងមិនទាន់មានតម្រុយណាមួយអាចធ្វើឱ្យរកឃើញបំណែកយន្តហោះនៅឡើយទេ។
យន្តហោះមួយគ្រឿងម៉ាក Boeing 777 200 មានជើងហោះហើរ MH 370 មានផ្ទុកអ្នកដំណើរចំនួន ២៣៩នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Air Line ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ពោលគឺបានបាត់ខ្លួនប្រមាណជាង ៦ឆ្នាំមកហើយ នៅតែមិនទាន់រកឃើញស្រមោល ឬបំណែករបស់យន្តហោះនៅឡើយទេ។ ករណីមួយនេះបានធ្វើឱ្យប្រជាជននៅលើពិភពលោកមានការងើងឆ្ងល់ជាខ្លាំង សូម្បីតែសាកសពរបស់អ្នកដំណើរក៏មិនបានប្រទះឃើញនោះដែរ។
យន្តហោះ Boeing 777 200 មានជើងហោះហើរលេខ MH 370 បានចេញដំណើរនៅវេលាម៉ោង ១២ និង៤១ នាទី ការហោះហើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង។ អំឡុងពេលហោះហើរ គេបានរកឃើញប្រព័ន្ធទំនាក់ទំនង និងរាយការណ៍របាយការណ៍របស់យន្តហោះចុងក្រោយនៅម៉ោង ១ និង២១ នាទីព្រឹក ស្របពេលយន្តហោះបានមកដល់ទឹកដីដែនអាកាសវៀតណាម និងភាគខាងត្បូងសមុទ្រចិន។ ចាប់ពីពេលនោះមកគេមិនអាចធ្វើការទាក់ទងទៅកាន់យន្តហោះ លេខ MH 370 នោះទេ ហើយមន្ត្រីយោធា និងអាកាសស៉ីវិលបានព្យាយាមភ្ជាប់ទំនាក់ទំនងទៅកាន់យន្តហោះ លេខ MH 370 ប៉ុន្តែមិនអាចទទួលបានតម្រុយអ្វីនោះទេ។
បន្ទាប់ពីការស្វែងរកមកដល់ឆ្នាំ ២០១៥ គេបានប្រទះឃើញបំណែកតូចផ្សេងៗនៃស្លាបយន្តហោះភាគខាងលិចនៃតំបន់មហាសមុទ្រឥណ្ឌា ប៉ុន្តែជាអកុសលពួកគេមិនអាចរកឃើញតួយន្តហោះ ឬមនុស្សដែលនៅក្នុងយន្តហោះនោះទេ។ រដ្ឋាភិបាលម៉ាឡេស៊ី និងចិនបានបញ្ឈប់ការស្វែងរកជើងហោះហើរលេខ ៣៧០ កាលពីខែមករាឆ្នាំ ២០១៧។
អ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកបានចោទជាការសង្ស័យថា ប្រហែលជាមានករណីប្លន់ណាមួយ និងបានផ្លាស់ប្តូរជើងហោះហើរ ព្រមទាំងផ្តាច់ការទាក់ទងគ្រប់ប្រព័ន្ធទាំងអស់នៅលើយន្តហោះ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្នគេនៅមិនទាន់ដឹងពីបញ្ហាមូលហេតុពិតប្រាកដពីការបាត់ខ្លួនរបស់យន្តហោះយ៉ាងអាថ៌កំបាំងព្រមទាំងតម្រុយបន្ថែមទៀតនោះទេ៕
ប្រភព ៖ https://www.britannica.com/event/Malaysia-Airlines-flight-370-disappearance
អត្ថបទ ៖ Vorleak / Knongsrok