ជីវិតអាពាហ៍ពិពាហ៍ ប្រៀបបីដូចជាការកសាងគ្រួសារថ្មីមួយ បើទោះបីជាអ្នកមានក្រុមគ្រួសារម្តាយឪពុកបងប្អូនយ៉ាងណាក៏ដោយ។ គ្រួសារថ្មីរបស់អ្នក គឺការកសាងជីវិតជាគូស្នេហ៍រវាងអ្នក និងដៃគូ ដែលជាប្តី ឬប្រពន្ធរបស់អ្នក។ ហើយចាប់ពីពេលអ្នកសម្រេចចិត្តកសាងគ្រួសារមួយនេះ អ្វីដែលធំបំផុតនោះគឺការកសាងគ្រឹះគ្រួសារថ្មីរបស់អ្នកឱ្យបានល្អ និងរីកចម្រើនជាមួយគ្នា។
នៅក្នុងនោះបុរសជាប្តី ជាស្វាមី ត្រូវបានគេឱ្យនាមជាមេគ្រួសារដែលមានទំនួលខុសត្រូវជាខ្លាំងចំពោះគ្រួសារមួយនេះ ហើយអ្វីដែលអ្នកត្រូវតែគិតគូរបំផុតនោះគឺនារីដែលជាប្រពន្ធរបស់អ្នកជាជាងអ្នកណាទាំងអស។
ក្នុងន័យនេះមិនមែនមិនឱ្យអ្នកស្រលាញ់ និងគិតគូរម្តាយឪពុក និងក្រុមគ្រួសារអ្នកទេ តែធម្មតាជីវិតគ្រួសារម្នាក់ៗត្រូវតែរាងលម្អៀងទៅគ្រួសារថ្មីរបស់ខ្លួនហើយ។
ដូច្នេះមកអានហេតុផល ៣ យ៉ាង ដែលបុរសជាប្តី ត្រូវតែគិតគូប្រពន្ធរបស់ខ្លួនជាក្រុមគ្រួសារម្តាយឪពុកខ្លួនដូចខាងក្រោមនេះ៖
១. កុំឱ្យប្រពន្ធរបស់អ្នកមានអារម្មណ៍ថាខ្លួនអន់ និងមិនសំខាន់
អ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយម្តាយ និងគ្រួសារអ្នកជាធម្មតាគ្មានអ្វីខុសប្លែកទេ។ តែនៅពេលអ្នកសម្រេចចិត្តរៀបការ ជីវិតគ្រួសាររបស់អ្នកប្រាកដក្លាយជាជម្រើសទីមួយហើយ។ អ្នកត្រូវតែផ្តល់អារម្មណ៍កក់ក្តៅដល់ប្រពន្ធអ្នក ឱ្យតម្លៃនាង កុំឱ្យនាងមានអារម្មណ៍ថានាងអន់ និងគ្មានតម្លៃ មិនស្មេីម្តាយរបស់អ្នកឱ្យសោះ។ អ្នកអាចស្រលាញ់ និងគិតគូរទាំងម្តាយ និងប្រពន្ធអ្នក តែធម្មតាក្តីស្រលាញ់រវាងមនុស្សទាំង២នេះមានលក្ខណៈផ្សេងគ្នា ដែលអ្នកត្រូវឱ្យភាពសំខាន់បំផុតទៅប្រពន្ធរបស់អ្នកជាងនរណាៗទាំងអស់។
២. រៀបការរួចធម្មតាទំនាក់ទំនងជាមួយឪពុកម្តាយតែងតែផ្លាស់ប្តូរ
វាជាធម្មជាតិដែលមិនអាចប្រឆាំងបាន គឺបើទោះបីជាអ្នកស្រលាញ់ និងគិតគូរម្តាយឪពុកអ្នកខ្លាំងប៉ុនណា ការពិតទៅជីវិតអ្នកនៅពេលដែលអ្នកសម្រេចចិត្តរៀបការ កសាងគ្រួសារ គឺមានតែប្រពន្ធរបស់អ្នកម្នាក់គត់ដែលអ្នកកំដរ និងដឹកដៃអ្នកអស់មួយជីវិត។
ជារួម ម្តាយឪពុក គឺនៅតែអាចគោរពស្រលាញ់ តែពេលអ្នកមានគ្រួសារនោះ គឺប្រពន្ធ និងកូន(ប្រសិនជាមាន) របស់អ្នកគឺជាផ្នែកដ៏សំខាន់ជាងអ្វីៗទាំងអស់។
៣. ជាមនុស្សរូប ២ ជីវិតមួយ
ធម្មតាមនុស្ស២នាក់ស្រលាញ់គ្នាសាងគ្រួសារ ប្រៀបបីដូចជាមនុស្សខ្លួនមួយ ដែលត្រូវតែមានចិត្តតែមួយ និងគោលដៅតែមួយដើម្បីសាងសុភមង្គល និងអនាគតរួមគ្នា។ តែនេះមិនមែនជាកត្តា ដែលនាំឱ្យប្តីបាត់ការស្រលាញ់ និងការគោរពចំពោះឪពុកម្តាយនោះឡើយ។ ត្រូវចាំថាក្តីស្រលាញ់រវាងប្រពន្ធ និងម្តាយ គឺជារឿង២ផ្សេងគ្នា ដែលមិនអាចយកមកប្រៀបធៀបគ្នានោះទេ។
ម្តាយឪពុករបស់អ្នក ទទួលស្គាល់ថាពួកគាត់មានក្តីស្រលាញ់ និងការលះបង់ខ្លាំងណាស់ទម្រាំចិញ្ចឹមបីបាច់យើងដល់ធំ ហើយជាកូនក៏មិនមែនថាចោលឪពុកម្តាយដែរ តែត្រូវដឹងថាទោះស្រលាញ់កូនខ្លាំងយ៉ាងណា ម្តាយឪពុកគឺត្រូវដល់វេលាដែលត្រូវដោះលែងកូនៗឱ្យសាងគ្រួសារជាថ្មីជាមួយប្រពន្ធហេីយ ដោយមិនមានការដាក់គំនាប ឬចង់លូកលាន់ជីវិតគ្រួសាររបស់កូនៗខ្លួនឡើយ។
សរុបមក វាមិនមែនជារឿងអាត្មានិយមដែលត្រូវគិតពីគ្រួសារថ្មីរបស់ខ្លួនជាងឪពុកម្តាយ តែវាជាធម្មជាតិរបស់មនុស្សម្នាក់ៗដែលចៀសមិនបាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក