ស្រឡាញ់ខ្លាំង ឈឺចាប់ក៏ខ្លាំងដូចគ្នា គឺដូចដែលគេថា ស្រឡាញ់ប៉ុនណា ឈឺផ្សាប៉ុណ្ណឹង ជាការពិតណាស់ មនុស្សដែលយេីងស្រឡាញ់ធ្វេីទង្វេីដែលយេីងស្អប់ យេីងក៏ឈឺណាស់ ឈឺលេីសធម្មតា ឈឺជាងអ្នកដទៃធ្វេីដាក់យេីង ព្រោះថានៅពេលដែលយេីងស្រឡាញ់នរណាម្នាក់ យេីងក៏ជឿទុកចិត្តគេ ជឿថាគេនឹងមិនកុហកបោកប្រាស់មនុស្សដែលគេនិយាយថាស្រឡាញ់នោះឡើយ។
ប៉ុន្តែនៅពេលដែលអ្វីៗខុសពីការគិតរបស់យេីង យេីងបែរជាបានដឹងរឿងមិនគួរដឹង គឺមនុស្សដែលយេីងស្រឡាញ់គេកុហកបោកប្រាស់យេីងរហូតមក កុហករហូតដល់ធ្វេីឱ្យយើងក្លាយជាមនុស្សល្ងង់ក្នុងកែវភ្នែករបស់គេ ហេីយក៏អ្នកដទៃ យេីងខំទុកចិត្តគេ តែគេបែរជាធ្វេីរឿងមិនគប្បីមកបំផ្លាញទំនុកចិត្តរបស់យេីងអស់ខ្ទេចខ្ទីគ្មានសល់សូម្បូីបំណែក ខ្ញុំក៏មិនប្រាកដចិត្តថា ខ្ញុំឈឺចាប់នឹងការពិតឬមួយខូចចិត្តដែលត្រូវកុហកនោះទេ។
តែខ្ញុំគ្រាន់តែដឹងថាវាជាអារម្មណ៍ដែលឈឺណាស់ អារម្មណ៍ដែលត្រូវមនុស្សខ្លួនឯងទុកចិត្ត ហេីយស្រឡាញ់បំផុតកុហក ឈឺជាងគេយកកាំបិតមកចាក់ចំកណ្តាលដេីមទ្រូងទៅទៀត ខ្ញុំមិនដឹងថាគួរនិយាយបែបណាទៅកាន់គេនោះទេ ហេីយក៏មិនដឹងប្រាប់គេយ៉ាងម៉េចដេីម្បីឱ្យគេបានយល់ពីទំហំនៃការខូចចិត្តរបស់ខ្ញុំដែរ ខ្ញុំបានត្រឹមក្តាប់ដៃយំ ព្រោះខ្ញុំអន់ចិត្ត ខ្ញុំខឹង ខ្ញុំឈឺ ហេីយក៏អស់សង្ឃឹមចំពោះទង្វេីគេខ្លាំងណាស់។
ខ្ញុំនៅតែស្រឡាញ់គេ តែខ្ញុំស្អប់ទង្វេីកុហកបោកប្រាស់របស់គេ កាលពីមុនខ្ញុំក៏ធ្លាប់គិតថាគេក៏ស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់គេ ប៉ុន្តែពេលនេះខ្ញុំចាប់ផ្តេីមសង្ស័យ ហើយក៏មិនច្បាស់ក្នុងចិត្ត ខ្ញុំក៏ជូតទឹកភ្នែករួចសួរទៅគេថា កន្លងមកធ្លាប់ស្រឡាញ់ខ្ញុំខ្លះដែរទេ? ហេីយទង្វេី និងសម្តីកន្លងមក មួយណាពិតមួយណាកុហក?
បេីស្រឡាញ់ខ្ញុំហេីយចាត់ទុកខ្ញុំត្រឹមតែមនុស្សល្ងង់ម្នាក់បែបនេះ កុំនិយាយពាក្យថាស្រឡាញ់ខ្ញុំ អ្នកមិនបានស្រឡាញ់ខ្ញុំទេ គឺអ្នកស្រឡាញ់តែខ្លួនឯងប៉ុណ្ណោះ ខ្ញុំត្រូវការមនុស្សម្នាក់ដែលផ្តល់ម្លៃឱ្យខ្ញុំ ស្មោះត្រង់ចំពោះខ្ញុំទាំងនៅចំពោះមុខ និងក្រោយខ្នង ជ្រេីសកុហកខ្ញុំព្រោះចង់ឱ្យខ្ញុំភ្ញាក់ផ្អេីល តែមិនកុហកខ្ញុំក្នុងហេតុផលចង់លាក់បាំងការពិតនោះទេ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok