តើបន្តរង់ចាំអ្វីដែលដឹងច្បាស់មិនអាចទៅរួច ឬគួរតែដោះលែងខ្លួនឯងពីគេ? អារម្មណ៍ដែលស្រឡាញ់នរណាម្នាក់ពិតប្រាកដ មិនមែនយេីងចេះតែបញ្ជាបានងាយៗ ចង់ឱ្យឈប់ស្រឡាញ់វិញក៏ឈប់បានភ្លាមនោះទេ។
នៅពេលដែលយេីងស្រឡាញ់នរណាម្នាក់ខ្លាំង ហេីយវាជាស្នេហ៍ពិតនោះ មិនថាគេធ្វេីឱ្យយេីងត្រូវឈឺប៉ុន្មានដង ក៏យេីងនៅតែស្រឡាញ់គេដដែល។ ពេលខ្លះក៏ខឹងនឹងទង្វេីហួសហេតុរបស់គេ ប៉ុន្តែចិត្តមិនដែលឈប់ស្រឡាញ់ ស្រឡាញ់រហូតដល់ពេលមួយដែលគេជាអ្នកចាកចេញទៅចោលយេីង ទាំងដែលគេខ្លួនឯងជាអ្នកហាមយេីងមិនឱ្យទៅណាចោលគេ តែគេបែរជាបោះបង់យេីង ទុកយេីងចោលកណ្តាលផ្លូវបែបនេះទៅវិញ។
អារម្មណ៍ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ទៅ វាឈឺចាប់ផង នឹកហួសចិត្តដែលគេទៅចោលផង ទឹកភ្នែកហូរផង អន់ចិត្ត ហេីយក៏ខឹងថែមទៀត ប៉ុន្តែក៏នៅតែស្រឡាញ់គេ ប្រហែលជាត្រូវហៅថាងប់ងល់ទេីបសមជាង។
ក្រោយពេលគេចេញទៅ គេជាអ្នកអស់ចិត្ត គេជ្រេីសយកអ្នកថ្មី យេីងជាអ្នកដែលនៅស្រឡាញ់គេ ក៏ធ្វេីអ្វីមិនបានក្រៅពីរង់ចាំ ចាំទាំងដឹងថាគេមិនត្រឡប់មកវិញ រួចក៏ចាប់ផ្តេីមបន្ទោសខ្លួនឯងដែលធ្វេីឱ្យបាត់បង់គេទៅ តេីចង់ចំណាយពេលរង់ចាំ បន្ទោសខ្លួនឯង យំស្តាយមនុស្សដូចជាគេដល់ពេលណាទៀត?
មនុស្សដែលបោះបង់យេីងចោល មនុស្សដែលមិនឱ្យតម្លៃក្តីស្រឡាញ់យេីង ចង់ឃុំខ្លួនឯងឱ្យងប់ងល់ជាមួយគេដល់ពេលណាទៀត? ដោះលែងគេឱ្យទៅហេីយ ក៏គួរតែដោះលែងខ្លួនឯងពីគេផងទៅ ជួនកាលទេវតាជាអ្នកកំណត់ឱ្យវត្តមានគេបាត់ពីជីវិតយេីង ព្រោះទេវតាឃេីញទង្វេីដែលគេធ្វេីខុសក្រោយខ្នងយេីងដែលយេីងមិនឃេីញក៏ថាបាន មានជួបមានបែក នេះហេីយជាជីវិត អ្នកចាស់មិនទៅអ្នកថ្មីក៏មិនមកដែរ។ ឈប់ងប់ងល់ហេីយបេីកចិត្តទទួលយកអ្នកថ្មី ផ្តល់ឱកាសឱ្យខ្លួនឯង ដេីម្បីទទួលបានក្តីសុខពិតប្រាកដ ឈប់រង់ចាំប៊ិចទៀតទៅខណៈពេលដែលខ្មៅដៃក៏អាចសរសេរបាន៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok