បន្ទាប់ពីចំណាយពេលវេលាសម្រាកពីការងារ និងការរកស៊ីនឿយហត់ជាប្រចាំថ្ងៃមក រាល់ចុងសប្តាហ៍ និងថ្ងៃសម្រាកនានា អ្នកណាៗក៏ចង់ចំណាយពលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់វេលាស្រស់ស្រាយសម្រាប់ខ្លួនឯងជាថ្មីផងដែរ តាមរយៈការដើរលេង និងការកម្សាន្តតាមរមណីយដ្ឋានានា។
យ៉ាងណាមិញ សម្រាប់អ្នកដែលចង់រកកន្លែងកម្សាន្តជិតៗ ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយដោយមិនបាច់ចំណាយវេលាទៅតាមបណ្តាខេត្តដែលមានរយៈពេលយូរ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងល្បីថាស្រស់ស្អាតខ្លាំងនោះគឺ « រមណីយដ្ឋានចំការធ្នង់ » ។
រមណីយដ្ឋានថ្មីមួយកន្លែងនេះ មានកន្លែងសម្រាកលំហែកាយបែបធម្មជាតិដ៏ស្រស់ត្រកាល ត្រជាក់ស្រស់ស្រាយ ដោយមានទឹកបឹង មានព្រៃ មានវាលស្មៅ និងលម្អរដោយស្រែឈូករាប់រយហិចតា ដែលផ្តល់នូវភាពសប្បាយរីករាយ និងក្តីសុខសុភមង្គល អាចជាកន្លែងកសាងអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ជាពិសេសជាកន្លែងសាកសមខ្លាំងជាមួយគូស្នេហ៍ដែលមកកម្សាន្តបង្កើតភាពរ៉ូមែកទិកបន្ថែមទៀត។
ក្រៅពីមានទេសភាពស្រស់ស្រាយ និងកន្លែងថតរូបស្អាតៗ « រមណីយដ្ឋានចំការធ្នង់ » ក៏មានកញ្ចុះអង្គុយលេងមាត់ទឹក កន្លែងអង្គុយក្រោមម្លប់ឈើត្រជាក់ស្រស់ស្រាយ និងបម្រើម្ហូបអាហារបែបជនបទស្រុកស្រែឆ្ងាញ់ៗដូចជាមាន់ស្រែ ត្រីបឹង បន្លែធម្មជាតិដាំដុះដោយផ្ទាល់ និងអង្ករសរីរាង្គមកពីខេត្តព្រះវិហារ ព្រមទាំងមានបន្ទប់ស្នាក់នៅជាលក្ខណៈរីហ្សតទៀតផង។ ដោយតាមរយៈពីរមណីយដ្ឋានផ្ទាល់បានឱ្យដឹងថាចំពោះបន្ទប់ស្នាក់នៅ បន្ទប់ container មានតម្លៃ 30$ និងបន្ទប់ឈើតម្លៃ 40$ ដោយបន្ទប់សុទ្ធតែមានគ្រែមួយទាំងអស់ អាចគេងបានពីរនាក់។
គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានចំការធ្នង់ » មានទីតាំងនៅលើផ្លូវអភិវឌ្ឍន៍7NG ដោយមានចំងាយត្រឹមតែ12Km ពីកំពង់ដស្វាយជ្រុំជ្រោយចង្វា ឬ14Km ពីកំពង់ដអរីយក្សត្រ ឬអាចឆ្លងតាមស្ពានព្រែកតាមាក់។ សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរតាមរយៈលេខទូរស័ព្ទ 098 858 713៕
អត្ថបទ៖ ក្នុងស្រុក
ផ្តល់សិទ្ធរូបភាពដោយ៖ រាមភូមិ-reamphum
រូបភាពបន្ថែមពី៖ ចំការធ្នង់
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក