ការដែលខ្ញុំយល់ព្រមឱ្យអ្នកចាកចេញទៅ ខ្ញុំមិនបានសប្បាយចិត្តនឹងអវត្តមានរបស់អ្នកក្នុងជីវិតខ្ញុំទេ ខ្ញុំមិនចង់បាត់បង់អ្នកសូម្បីតែបន្តិច ប៉ុន្តែខ្ញុំក៏មិនហាមឃាត់ព្រោះតែអ្នកធ្វេីឱ្យខ្ញុំគិតថា ការដែលអ្នកនៅក្បែរខ្ញុំ ស្រឡាញ់ខ្ញុំ អ្នកមានតែការឈឺចាប់ មានតែសម្ពាធ ទេីបខ្ញុំយល់ថា ប្រសិនបេីការចាកចេញរបស់ខ្ញុំ វាធ្វេីឱ្យអ្នកសប្បាយចិត្តជាជាងការដែលនៅជាមួយខ្ញុំ ខ្ញុំក៏យល់ព្រមឈរមេីលអ្នកដេីរចញទាំងទឹកភ្នែក ទោះបីជាបេះដូងខ្ញុំត្រូវឈឺ តែខ្ញុំត្រូវតែបង្ខំចិត្តទទួលយកការចេញទៅរបស់អ្នក ព្រោះនោះវាជាសេចក្តីត្រូវការ ជាបំណងរបស់អ្នក។
បេីអ្នកទៅហេីយសប្បាយចិត្តជាងនៅក្បែរខ្ញុំអ្នកទៅចុះ ខ្ញុំសុខចិត្តឈរមេីលអ្នកមានក្តីសុខពីចម្ងាយក៏បាន ហើយកក៏ស្ម័គ្រចិត្តជូនពរឱ្យអ្នកបានជួបមនុស្សល្អជាងខ្ញុំ គេស្រឡាញ់អ្នកហេីយបារម្ភពីអ្នកជាងខ្ញុំ សុំត្រឹមតែឃេីញអ្នកមានក្តីសុខ មានស្នាមញញឹម ខ្ញុំក៏ពេញចិត្តណាស់ទៅហេីយ។
ខ្ញុំនឹងរក្សាទុករាល់អនុស្សារីយ៍ ការចងចាំល្អៗជាមួយអ្នក នៅក្នុងចិត្តរបស់ខ្ញុំជារៀងរហូតទៅ អរគុណព្រហ្មលិខិតដែលឱ្យខ្ញុំបានជួប បានស្គាល់ ហេីយក៏បានស្រឡាញ់អ្នក ទោះយេីងមិនបានទៅដល់គោលដៅជាមួយគ្នា ប៉ុន្តែយេីងក៏ធ្លាប់រួមដំណេីរមកជាមួយគ្នា ខ្ញុំមិនខឹងដែលអ្នកចាកចេញទៅនោះទេ តែខ្ញុំបែរជាខឹងខ្លួនឯងដែលធ្វេីឱ្យអ្នកមានក្តីសុខមិនបាន ទេីបអ្នកចាកចេញទៅបែបនេះ ខ្ញុំមិនឃាត់ មិនមែនខ្ញុំមិនខ្វល់ ក៏មិនមែនខ្ញុំមិនស្រឡាញ់អ្នកនោះដែរ តែខ្ញុំយល់ថាបេីអ្នកទៅហេីយសប្បាយចិត្ត ខ្ញុំក៏ព្រមបេីកផ្លូវឱ្យអ្នកចាកចេញពីទីដែលមានតែទុក្ខ ដើម្បីប្ដូរយកក្ដីសុខ និងភាពរីករាយឱ្យជីវិតរបស់អ្នកវិញ។
អ្នកដឹងទេថា ការដែលត្រូវដោះលែងមនុស្សដែលខ្លួនឯងស្រឡាញ់ពេញបេះដូង វាត្រូវរងការឈឺចាប់ខ្លាំងប៉ុនណា ការដែលឱ្យអ្នកចាកចេញ ទាំងដែលចិត្តនៅស្រឡាញ់ វាឈឺចាប់ខ្លាំងណាស់ តែនៅតែមិនអាចនិយាយចេញមកបាន រឹតតែមិនអាចហាមឃាត់ដំណើររបស់អ្នក មិនអាចឱបក្រសោបអ្នកឱ្យនៅបន្ត មិនអាចព្រោះតែក្ដីស្រឡាញ់ ក៏ធ្វើជាមនុស្សអាត្មានិយម រឹតចងមនុស្សដែលខ្លួនស្រឡាញ់ ឱ្យនៅក្បែរ ទាំងដែលគេមិនមានភាពរីករាយសោះនោះ បើអ្នកមិនចង់នៅ បើអ្នកនៅហើយគ្មានក្ដីសុខ ខ្ញុំក៏ព្រមឱបទុក្ខម្នាក់ឯង ហើយដោះលែងឱ្យអ្នកចាកចេញទៅ ផ្ដល់សេរីភាពពេញទៅឱ្យអ្នក៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok