សៀវភៅល្អៗ ១០ក្បាល ដែលអ្នកអាចចំណាយពេលអានពេលនៅផ្ទះ

ភ្នំពេញ៖ ក្នុងអំឡុងនៃការបិទខ្ទប់ នៅផ្ទះដើម្បីសុវត្ថិភាព ជឿច្បាស់ថាមនុស្សជាច្រើនប្រាកដជាមានអារម្មណ៍តានតឹង និង​អផ្សុក ខណៈមិនសូវមានអ្វីធ្វើបន្លប់អារម្មណ៍ និង​ចង់ចេញទៅក្រៅ។

ថ្ងៃនេះ ក្នុងស្រុក ចង់លើកយកសៀវភៅប៉ុន្មានក្បាលដែល Admin បានអាន ហើយគិតថាជាសៀវភៅដ៏ល្អគួរចែករំលែកឱ្យអ្នកទាំងអស់គ្នាស្វែងរកវាមកអាន ដើម្បីជាចំណេះ និង​ទទួលបាន​អារម្មណ៍ថ្មីៗ ពីសៀវភៅទាំងនេះ៖

១. ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី - សុខចាន់ផល

សៀវភៅ ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី A Moment of Exploration ជាសៀវភៅមួយក្បាលដែល​អ្នកនិបន្ធ សុខ ចាន់ផល ចែករំលែកអំពីបទពិសោធន៍នៃដំណើរកម្សាន្តរបស់គាត់ ទៅគ្រប់ទីកន្លែង ដែល​លោកបានលើកយកពីអនុស្សាវរីយ៍ និង​មេរៀនជីវិត ក៏ដូចជាបទពិសោធន៍ថ្មីៗ ពីកន្លែងផ្សេងគ្នា ហើយ​នៅពេលអ្នកបានអានសៀវភៅនេះ វានឹងនាំអារម្មណ៍អ្នកហាក់ដូច កំពុងបានទៅដល់ទីកន្លែងដែលគាត់បាននិទានអ៊ីចឹង ព្រោះគ្រប់​សាច់រឿងនីមួយៗ សុទ្ធតែភ្ជាប់មកជាមួយរូបថតដែល​ផ្ដិតបានយ៉ាងស្រស់ស្អាត មកជាមួយផង។

១

២. និទានម៉ែ - តុន ច័ន្ទរិទ្ធ

សៀវភៅមួយក្បាលដែល​មានរូបស្រីម្នាក់ញញឹមយ៉ាងស្រស់នៅលើក្របនេះ ជាស្នាដៃរបស់អ្នកនិពន្ធវ័យក្មេង តុន ច័ន្ទរិទ្ធ ដែល​លើកយកឃ្លាដ៏ល្អវិសេសរបស់អ្នកម្ដាយ មកចែករំលែកដល់មិត្តអ្នកអាន។ គ្រប់ភាគដែលលោកបានលើកយកមកបង្ហាញសុទ្ធតែមានអារម្មណ៍យ៉ាងជ្រាលជ្រៅពីម្ដាយមួយរូបចំពោះកូនៗគ្រប់គ្នា។

២

៣. មនុស្សបាក់ទឹកចិត្ត - គឹម ឌីណា

មនុស្សបាក់ទឹកចិត្ត? សៀវភៅមួយក្បាលនេះ មិនមែនមានបំណងឱ្យអ្នកអានកាន់តែបាក់ទឹកចិត្តទៅតាមចំណងជើងនៃក្របនេះឡើយ តែសៀវភៅនេះ​នឹងលើកយកសាច់រឿងខ្លីជាច្រើន បង្ហាញពីការបាក់ទឹិកចិត្ត អមជាមួយឃ្លាលើកទឹកចិត្តជាច្រើនទៅវិញ។

គ្រប់រឿងខ្លីនៅក្នុងនោះ សុទ្ធតែផ្ដល់នូវ​ខ្លឹមសារអប់រំ និងលើកទឹកចិត្តឱ្យអ្នកងើបឡើងវិញទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយក៏ផ្ដល់សារលើកទឹកចិត្តឱ្យអ្នកអាចញញឹម ដើរទៅមុខបន្តបានផងដែរ។

៣

៤. ហឫទ័យ - កែវ សេងរដ្ឋា

បណ្ដុំរឿងខ្លី ពីអ្នកនិពន្ធ កែវ សេងរដ្ឋា នឹងនាំអ្នក​ឯកាទៅអានពីរឿងខ្លីជាច្រើន និងសំណេរដួងចិត្តរបស់អ្នកនិពន្ធ ធ្វើឱ្យអ្នកបាត់អស់ភាពអផ្សុក និងលង់ទៅតាមសាច់រឿងខ្លីនីមួយៗរបស់រឿងនោះផងដែរ។

៤

៥. មនោសញ្ចេតនា - សុខ ចាន់ផល

មនោសញ្ចេតនា ក៏ជាប្រជុំរឿងខ្លី​របស់កវីល្បីឈ្មោះ សុខ ចាន់ផលផងដែរ។ រឿងខ្លីពីប្រលោមលោកនេះ សុទ្ធតែឆ្លុះបញ្ចាំងពីរឿងជាច្រើន ដែលផ្ដល់ជាកម្លាំងចិត្ត និងអារម្មណ៍ល្អៗ ធ្វើឱ្យអ្នក លែងមានអារម្មណ៍ថានៅផ្ទះឯកាទៀតហើយ

៥

៦. ភរិយាខ្ញុំអាយុ ១៨ឆ្នាំ - គឹម ឌីណា

ប្រលោមលោកដ៏ល្បីមួយក្បាលនេះ​ត្រូវបានបោះពុម្ពជាលើកទីពីរ ដែលបង្ហាញពីស្នេហារវាងយុវតីវ័យក្មេង ជាមួយកំលោះចាស់ឈ្មោះវិចិត្រ។ សាច់រឿង​នេះនឹងបង្ហាញពីចរិតក្មេងវ័យរបស់តួឯកស្រី​ ហើយគាប់ជួន​នឹងពាក្យថា «ស្អប់ជំពប់លើ» ហើយក៏មានសាច់រឿងជាច្រើនទៀត ដែលធ្វើឱ្យអ្នកអានរំភើប និងសើចបិទមិនជិត ទៅតាមអត្តចរិតរបស់តួស្រីផងដែរ។

៦

៧. បេះដូងមួយនេះ - សេន គឹមណេង

បេះដូងមួយនេះសម្រាប់អ្នកណា? ចង់ដឹងទាល់តែចូលទៅអាននៅក្នុងសៀវភៅនេះតែម្ដង ខណៈសៀវភៅដ៏តូចនេះបានលើកយកសាច់រឿងជាស៊េរី ចំនួន ៤រឿងបញ្ចូលគ្នា ភ្ជាប់សាច់រឿង​បែបស្នេហាយុវវ័យ ហើយពិតជាគួរឱ្យចង់អាន។

៧

៨. ម៉ឺនឯក - ពៅ មករា

ប្រលោមលោកបែបស្នេហាត្រីកោណរបស់យុវវ័យ ពីអ្នកនិពន្ធវ័យក្មេង ពៅ មករា គឺជាប្រលោមលោកមួយដែលពេញនិយម ពីសំណាក់យុវវ័យជាច្រើន ហើយអ្នកក៏អាចរកអានបាន ដើម្បីឱ្យដឹងពី​ ជីវិតរបស់ក្មេងស្រីម្នាក់ ដែលពុះពារដើម្បីអាជីព និងស្នេហារបស់ខ្លួនបានផងដែរ។

៨

៩. ស្នេហ៍អស់ពីហឫទ័យ - គឹម ឌីណា

បើម្នាក់ស្រលាញ់ស្មើជីវិត ហើយម្នាក់អាណិតពេញបេះដូង តើគួរជ្រើសយកម្នាក់ណា? សាច់រឿងនេះនឹងនាំអ្នកទៅស្វែងយល់ពីស្នេហាដ៏ជ្រាលជ្រៅ ដែលកើតចេញពីការសរសេររបស់អ្នកនិពន្ធស្រស់ស្អាត គឹម ឌីណា ម្ចាស់ស្នាដៃរឿង ភរិយាខ្ញុំអាយុ ១៩ឆ្នាំនេះឯង។

៩

១០. ព្រិលធ្លាក់កណ្ដាលសមុទ្រខ្សាច់ - សួង ម៉ាក់

ហេតុអ្វីក៏មានព្រិលធ្លាក់នៅកណ្ដាលសមុទ្រខ្សាច់ទៅវិញ? តើវាអាចទៅរួចទេ? ស្នេហារបស់...... ពីរនាក់ នឹងលាតត្រដាងក្នុងប្រលោមលោកមួយនេះ ដែលធ្វើឱ្យអ្នកអាន​ រំភើប និង​ហូរទឹកភ្នែក ដោយស្នេហារបស់ពួកគេ។ ចង់ដឹងថារឿងនេះ មានសាច់រឿងអ្វីខ្លះ កុំភ្លេចទៅរកអានទៅ ព្រោះ Admin មិនចង់ Spoil សាច់រឿងគេទេ។

១០

តាមពិតទៅ នៅមានប្រលោមលោកច្រើនក្បាលទៀតដែលអ្នកក៏គួរតែស្វែងរកអាននៅលើទីផ្សារ ប៉ុន្តែ​១០ក្បាលខាងលើនេះ គ្រាន់ជាជម្រើសដែល  ក្នុងស្រុកបានអានថ្មីៗ ហើយក៏ចង់លើក មកចែករំលែកតែប៉ុណ្ណោះ ប៉ុន្តែយើងក៏មានប្រលោមលោកពីអ្នកនិពន្ធល្បីៗជាច្រើនទៀត ដែលអ្នកអាចស្វែងរកអានដោយខ្លួនឯង ហើយកុំភ្លេចចែករំលែកឱ្យ​ Admin ដឹងផងណា!