មានចំណងជើងរឿងមួយចេញពីខ្សែភាពយន្តមួយគឺ “ ថ្ងៃមួយ” (One Day) សង្ឃឹមថាអ្នកស្តាប់ហើយ មិនយល់ពីអត្ថន័យជារៀងរហូតទៅចុះ។ តើវាមានអត្ថន័យអ្វីទៅ? ក្នុងអត្ថន័យនេះបានន័យថា ៖ ខ្ញុំនៅតែស្រលាញ់អ្នកយ៉ាងខ្លាំងដដែល គ្រាន់តែខ្ញុំគ្មានកម្លាំង និងភាពក្លាហានចូលទៅក្បែរអ្នកបន្តទៀតនោះទេ។
នៅក្នុងចិត្តខ្ញុំ អ្នកនៅតែឈរនៅក្នុងតំណែងដ៏សំខាន់ដដែល តែខ្ញុំលែងមានក្តីស្រមើស្រមៃអ្វីទៅលើអ្នកទៀតឡើយ។ លែងមានការទន្ទឹងរង់ចាំ ថានឹងអាចកសាងសុភមង្គលដ៏ផូរផង់ជាមួយអ្នកទៀតឡើយ លែងចង់បានការយកចិត្តទុកដាក់ពីអ្នកទៀតហើយ។
អ្នកបានបោះបង់សេចក្តីថ្លៃថ្នូរដើម្បីគេ តែគេបែរជាធ្វើឱ្យអ្នកបន្ទាបតម្លៃខ្លួនកាន់តែទាប ពេលដែលជួបនឹងមនុស្សប្រភេទនេះ ដោយសារតែស្រលាញ់គេ ដូច្នេះអ្នកសុខចិត្តចុះចាញ់ សុខចិត្តតម្រូវតាមចិត្តគេ ទោះជាគេសោះអង្គើយដាក់អ្នក អ្នកក៏មិនខ្វល់ពីខ្លួនឯង ហើយទៅយកចិត្តគេ តែគេមិនត្រឹមតែមិនស្តាយស្រណោះអ្នកទេ ហើយនៅនិយាយពាក្យសោះកក្រោះដាក់អ្នកទៀត។
តួឯកស្រីនៅក្នុងរឿង “ថ្ងៃមួយ”( One Day) ធ្លាប់និយាយថា “ ខ្ញុំមិនមែនឈប់ស្រលាញ់អ្នកទេ គ្រាន់តែលែងចូលចិត្តអ្នកប៉ុណ្ណោះ”។
ស្រលាញ់ ឬអត់ ប្រហែលជាមិនអាចហាមឃាត់បាននោះទេ តែការចូលចិត្តវិញ គឺទទួលអារម្មណ៍ច្បាស់ណាស់ អាចនៅស្រលាញ់ ប៉ុន្តែលែងចូលចិត្តទៀតហើយ។ នោះគឺដោយសារចិត្តរបស់ខ្លួនគ្មានមធ្យោបាយដើរទៅមុខ ហើយក៏មានការប្រឆាំងជាមួយនឹងទង្វើរបស់ដៃគូអ្នកដែរ។
ជីវិតមិនចាំបាច់ហត់ពេកទេ មានមនុស្សខ្លះ អ្នកមិនអាចស្រលាញ់គេបានជារៀងរហូត
ច្បាស់ណាស់អ្នកទាំងពីរស្រលាញ់គ្នាជាខ្លាំង ក៏មានពេលវេលាដ៏ផ្អែមល្ហែមជាមួយគ្នាដែរ តែដោយសារភាពខុសគ្នានៃចរិតធម្មជាតិ រមែងតែមានការប៉ះទង្គិចគ្នា ការឈ្លោះគ្នា តាមពិតក្តីស្រលាញ់ក៏នៅតែមានដែរ មានទាំងស្រលាញ់មានទាំងស្អប់ ពិតជាហត់ខ្លាំងណាស់ ។ គឺប្រៀបដូចជាអ្នកចូលចិត្តញុំាម្ទេស តែបើអ្នកញុំាលែងបានហើយ ដូច្នេះរាល់ពេលញុំាម្ទេស ក្រពះពោះវៀនតែងមិនស្រួល អ្នកបែរជានៅតែចង់ញុំាទៀត នេះគ្រាន់តែធ្វើបាបខ្លួនប៉ុណ្ណោះ។ ចុងក្រោយពិតជាទ្រាំលែងបានហើយ មានតែបោះបង់ចោល ទោះជាអ្នកនៅតែចូលចិត្តញ៉ាំហិលយ៉ាងណាក៏ដោយ តែអ្នកលែងហ៊ានញ៉ាំទៀតហើយ។
ពេលដែលទ្រាំលែងបានហើយ ទោះជាអ្នកព្រមព្រលែងដៃ ពិតជាយឺតពេលហើយ។ មានពេលខ្លះឃ្លាតពីមនុស្សម្នាក់ មិនមែនព្រោះតែអ្នកមិនខ្វល់ពីគេទេ តែទីបំផុតអ្នកយល់ច្បាស់ពីភាពខុសគ្នារវាងអ្នកទាំងពីរ គឺមិនអាចត្រូវរ៉ូវគ្នាបានឡើយ។ ជួនស្រលាញ់ជួនស្អប់មិ នមែនជាក្តីស្រលាញ់ទេ ការផិតក្បត់បោកប្រាស់ក៏មិនមែនជាក្តីស្រលាញ់ដែរ ពេលដែលមនុស្សម្នាក់ធ្វើឱ្យអ្នកហត់នឿយ ទោះជាស្រលាញ់យ៉ាងណាក៏ត្រូវព្រលែងដៃដែរ។
ក្តីស្រលាញ់គឺជាភាពភ្លឺថ្លា និងភាពរីករាយ វានាំមកឱ្យអ្នកនូវកម្លាំងរស់រវើក និងពន្លឺស្រស់ស្អាតដល់ជីវិតរបស់អ្នក ញុំាងឱ្យអ្នករឹតតែគោរពខ្លួនឯង ស្រលាញ់ខ្លួនឯង តែមិនមែនយកសេចក្តីថ្លៃថ្នូរបស់អ្នកជាន់ឈ្លីទេ ធ្វើឱ្យអ្នកសង្ស័យចំពោះឆាកជីវិតនេះមិនឈប់ឈរ។
មនុស្សបែបនេះ គ្មានតម្លៃក្នុងការស្រលាញ់សូម្បីតែបន្តិច ពីព្រោះគេស្រលាញ់បំផុតនោះគឺខ្លួនឯង ហើយក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នក នាំឱ្យគេបានចិត្តតែប៉ុណ្ណោះ។
អ្វីដែលអ្នកធ្វើបានគឺត្រូវធ្វើការសម្រេចចិត្តមួយសម្រាប់ខ្លួនឯង មិនចាំបាច់នៅជាមួយមនុស្សបែបនេះនោះទេ ឱ្យគេហូរអណ្តែតតាមទឹកទន្លេដ៏វែងនៃជោគវាសនារបស់គេទៅ ក្លាយទៅជាអតីតកាល និងការចង់ចាំទៅបានហើយ។ ពីព្រោះអ្នកសក្តិសមនឹងជីវិតដែលរឹតតែប្រសើរ កុំធ្វើឱ្យជីវិតរស់នៅដោយភាពអាប់អួរ ជីវិតក៏មិនគួរស្មុគស្មាញបែបនេះដែរ។
ស្រលាញ់មនុស្សខុស អ្នកនឹងឃ្លាតពីសុភមង្គលយ៉ាងឆ្ងាយ សូម្បីតែក្តីសង្ឃឹមក៏គ្មានដែរ ហេតុអ្វីអ្នកចាំបាច់ឱបទុក្ខនូវភាពគ្មានសង្ឃឹមបែបនេះមិនព្រលែងទៅវិញ? ពេលដែលអ្នកអាចយកគេចេញពីបេះដូង និងជីវិតរបស់អ្នកបានហើយ ទើបគេយល់ពីទម្ងន់របស់អ្នកនៅក្នុងចិត្តរបស់គេ តើធ្ងន់ប៉ុនណា ពេលនោះសូមអ្នកកុំត្រឡប់ក្រោយឱ្យសោះ ពីព្រោះទម្លាប់ចាស់របស់គេនឹងលេចឡើងម្តងទៀត៕
ប្រភព ៖ https://goodarticle.life / ប្រែសម្រួល ៖ Mythical Bird