លោក Eldon Bob Roberts ពាក់សក្តិត្រឹម នាយឯក មានកម្ពស់មិនដល់១.៦០ម៉ែត្រជាទាហានអាមេរិក(ឯកសារខ្លះថាកាណាដា)ត្រូវបានគេស្គាល់ថាជាទាហានម្នាក់ដែលហ៊ានទៅចាប់ទាហានយក្សអាល្លឺម៉ង់កម្ពស់ជាង២ម៉ែត្រក្នុងការវាយប្រហារឡើងគោក D-Day Allied Invasion of Normandy។
Bob Roberts មានកំណើតកើតជានៅតំបន់ St John, រដ្ឋ New Brunswick, Canada និងបានចុះឈ្មោះជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Ernie Roberts ក្នុងឆ្នាំ ១៩៤២ ក្នុងជួរកងទ័ពថ្មើជើង North Shore Regiment នៃកងទ័ពកាណាដា។ មិនយូរប៉ុន្មាន ពួកគេត្រូវបានបញ្ជូនទៅអង់គ្លេស ដើម្បីទទួលការបណ្តុះបណ្តាលបន្ថែម ហើយក្រោយត្រូវបានគេបញ្ជូនមកលុកលុយក្នុងសមរភូមិប្រទេសបារាំងជាមួយកងទ័ពសម្ព័ន្ធមិត្តក្នុងសមរភូមិ D-Day Alliance of Normandy នៅប្រទេសបារាំង។
គួរឱ្យស្តាយណាស់ Ernie Roberts បានស្លាប់ក្នុងហេតុការណ៍នោះ ក្នុងយុទ្ធនាកា D-Day ក្រោយបញ្ជូនចេញពីកប៉ាល់ត្រឹម២៤ម៉ោង។ ក្រោយមក កងពលរបស់លោក Bob Roberts បានវាយសម្រុកឡើងគោកតាមឆ្នេរ Calais ហើយបានកម្ទេចកាំភ្លើងធំរបស់ទាហានអាល្លឺម៉ង់។ Roberts បានបង្កើតនូវហេតុការណ៍ដ៏ចម្លែកមួយក្នុងចំណោមហេតុការណ៍រាប់ពាន់ករណីក្នុងសង្រ្គាមលោកលើកទី២។ នៅថ្ងៃទី២៦ខែសីហាគាត់បានដឹកនាំទាហានមួយក្រុមតូចទៅចាប់ ក្រុមទាហានផ្នែកកាន់កាំភ្លើងធំអាល្លឺមម៉ង់។ Robert ដែលគេដឹងថាមានកម្ពស់ទាបជាងគេ(១.៦០ម៉ែត្រ)បានទៅតទល់ជាមួយទាហានអាល្លឺម៉ង់ម្នាក់កាន់កំណត់ត្រាជាទាហានមានកម្ពស់ខ្ពស់ជាងគេក្នុងសង្គ្រាមលើកទី២ លោកពលទោ Jakob Nacken។
Nacken និយាយភាសាអង់គ្លេសបានល្អដោយគាត់ធ្លាប់បានធ្វើដំណើរកម្សាន្តយ៉ាងច្រើន ជាមួយនឹងការសម្តែងសៀក និងកម្មវិធីធ្វើដំណើរផ្សេងៗទៀតទៅកាន់សហរដ្ឋអាមេរិក ពិសេសបានបង្ហាញខ្លួននៅក្នុងពិព័រណ៌ពិភពលោកនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៣៩ ព្រមទាំងនៅលើកញ្ចក់ទូរទស្សន៍អាមេរិពេលដែលគាត់ស្លៀកពាក់ជាតាណូអែលខ្ពស់ជាងគេនៅលើពិភពលោក។ គាត់មានកម្ពស់២.២ម៉ែត្រហើយពេលដែលគាត់ដើរទៅណាក៏គេស្គាល់គាត់ដែរ ស្របពេលសម័យនោះគាត់កាន់កំណត់ត្រាជាមនុស្សមានកម្ពស់ជាងគេនៅក្នុងពិភបលោក។ នៅពេលវិលត្រឡប់ទៅស្រុកកំណើតនៅប្រទេសអាឡឺម៉ង់នៅចុងឆ្នាំ ១៩៣៩ Nacken ត្រូវបានគេឲ្យគាត់ចូលធ្វើទាហានណាស៊ីនិងប្រយុទ្ធក្នុងសមរភូមិប្រទេសបារាំង។
គាត់មានតួនាទីជាអ្នកកាន់កាំភ្លើងធំ ហើយខោវអាវរបស់គាត់ធ្វើឡើងយ៉ាងពិសេស ខណៈស្បែកជើងរបស់គាត់ក៏ធ្វើយ៉ាងពិសេសដែរ។ វាជាការពិត នៅពេលដែលលោក Robert បានជួបគ្នាជាមួយ Nacken ធ្វើទិដ្ឋភាពពេលនោះក្លាយជារឿងគួរឲ្យរីករាយក្នុងភ្លើងសង្គ្រាមខណៈអ្នកទាំងពីរមានកម្ពស់ខុសគ្នាដល់ទៅជាងកន្លះម៉ែត្រ។ Nacken និងក្រុមទាហានកាន់កាំភ្លើងរបស់គាត់ត្រូវបានគេបញ្ជូនទៅប្រទេសអង់គ្លេសក្នុងនាមជាឈ្លើយសឹកសង្គ្រាមហើយចាប់ពីពេលនោះមកគាត់ត្រូវរង់ចាំរហូតដល់សង្គ្រាមលោកលើកទី២ចប់។
បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ Nacken បានចាកចេញពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសអាមេរិកទៅរស់នៅជាមួយប្អូនស្រីរបស់គាត់ដែលនៅទីនោះ។ នៅពេលមួយនៅអាមេរិក! គាត់ត្រូវបានគេស្គាល់តាមរយៈសារពត៌មាន ដោយចំណាយពេលមួយក្នុងបុណ្យណូអែលដែលគាត់បានក្លាយុតាណូអែលខ្ពស់បំផុតនៅលើពិភពលោក ដោយកុមារអាចដើរនៅចន្លោះជើងរបស់គាត់។ គាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនក្រោមឈ្មោះគឺ Long Jake ។
នៅឆ្នាំ១៩៥៥គាត់បានក្លាយជាប្រជាជនអាមេរិកពេញសិទ្ធិ ហើយនៅឆ្នាំ១៩៥៩គាត់បានបង្ហាញខ្លួនក្នុងតំបន់Broadway រដ្ឋ New York ក្នុងកម្មវិធីមួយក្នុងនាមជាទាហ៊ានខ្ពស់បំផុតក្នុងសង្គ្រាមលោកលើកទី២។
និយាយពី Bob Roberts វិញ បានត្រឡប់ទៅកាន់ទីក្រុង Bournemouth ភាគខាងត្បូងប្រទេសអង់គ្លេស ក្រោយសង្គ្រាមចប់ ដោយរស់នៅយ៉ាងស្ងៀមស្ងាត់។ គាត់បានរៀបការជាមួយប្រពន្ធសញ្ជាតិអង់គ្លេស ‘English Rose’ Vera ហើយពួកគេទាំងពីរ មានកូន៤នាក់ ចៅ ១០នាក់និងចៅទួត១៩នាក់។
គាត់ទើបតែស្លាប់នៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០នេះក្នុងអាយុ៩៧ឆ្នាំ ដោយសារឈឺរយៈពេលខ្លីនៅមន្ទីរពេទ្យ Bournemouth Hospital ។ ក្នុងបទសម្ភាសន៍មួយ កាលពីថ្មីៗនេះ Mr Roberts បាននិយាយអំពីហេតុការណ៍ដែលគាត់ទៅចាប់ខ្លួនយក្សអាល្លឺម៉ង់៖" ទាហានរបស់ខ្ញុំ និងទាហានអាល្លឺម៉ង់ដទៃទៀតបានឈរមើលហើយសើច ពេលដែលខ្ញុំដើរទៅចាប់ខ្លួននិងឆែកឆេរ Nacken "។ គាត់ត្រូវបានគេផ្ដល់មេដាយកិត្តិយស Legion D’Honneur ពីរដ្ឋាភិបាលបារាំងកាលពីឆ្នាំ២០១៤៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក