ការរៀបការ មិនមែនជារឿងដែលស្រួលដូចយើងគិត ហើយវាក៏ជាបញ្ហាពេញមួយជីវិតដែរ ដូច្នេះ ត្រូវតែជ្រើសរើសរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ពេញចិត្ត រៀបការជាមួយមនុស្សដែលបានសម្រេចចិត្តជ្រើសយកយើង មនុស្សដែលពេញចិត្តយើង កុំរៀបការព្រោះតែចង់ផ្គាប់ចិត្តអ្នកណា កុំរៀបការព្រោះតែម៉ាក់ប៉ាបង្ខំ ឬតាមបងប្អូនណែនាំថាល្អ យើងក៏ទៅតាមទាំងដែលមិនបានគិត និងសួរចិត្តខ្លួនឯងបានច្បាស់លាស់។
ម្យ៉ាងវិញទៀត ជាមួយមនុស្សដែលមិនបានស្រឡាញ់យើង មនុស្សដែលយើងស្រឡាញ់គេតែម្ខាង កុំព្យាយាមបង្ខំគេឱ្យស្រឡាញ់យើង រឹតតែកុំបង្ខំគេឱ្យរៀបការជាមួយនឹងយើង ព្រោះវាមិនមានក្ដីសុខ គ្មានសុភមង្គលអ្វីឡើយ ព្រោះថាចុងក្រោយនៃអាពាហ៍ពិពាហ៍ដែលកើតឡើងដោយការបង្ខំ គឺមានតែការឈឺចាប់តែប៉ុណ្ណោះ។
សួរថានៅពេលដែលជីវិតបន្ទាប់ពីរៀបការរួច មានទុក្ខ ជួបបញ្ហា រស់នៅមិនចុះសម្រុង ក្នុងគ្រួសារមានតែការឈឺចាប់ តើអ្នកណាមកស៊ូរ៉ាប់រងជំនួសយើង គឺគ្មានទេ មានតែយើងខ្លួនឯងហ្នឹងហើយ ដែលត្រូវប្រឈមមុខ ទូលរែកតែម្នាក់ឯងនោះ ។ ទោះអ្នកផ្សេងដឹងឮ ក៏គេបានត្រឹមតែអឺអើ ធ្វើអ្វីក៏មិនចេញដែរ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលជាអ្នករងគ្រោះ ឈឺចាប់ ខូចចិត្ត រងវិបត្តិ ផ្លូវកាយផ្លូវចិត្ត គឺឱបក្រសោបតែម្នាក់ឯង។
ដូច្នេះហើយ មុននឹងរៀបការ ត្រូវសួរចិត្តខ្លួនឯងឱ្យបានច្បាស់សិន ច្បាស់លាស់ខ្លួនឯង សម្រេចចិត្តដោយខ្លួនឯង ស្រឡាញ់ ពេញចិត្ត ឬក៏អត់ រៀនត្រិះរិះ ហើយបង្ហាញពីចិត្តគំនិត និងអារម្មណ៍ខ្លួនឯងទៅ កុំបណ្ដោយឱ្យការសម្រេចចិត្តក្នុងរឿងគូស្រករទៅអ្នកណាគិតគូរ និងសម្រេចចិត្តជំនួសខ្លួនឯងអី វាមិនមែនជារឿងដែលល្អនោះឡើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ