សញ្ញាទាំង ៧​ចំណុចដែលបង្ហាញថា បុរសម្នាក់នោះ គឺជាបុរសល្អពិត និងមានទំនួលខុសត្រូវចំពោះនារីដែលគេស្រឡាញ់

មនុស្សជាច្រើនក្នុងសម័យនេះ នាងតែងតែគិតថា បុរសល្អពិតជាគ្មានទេក្នុងពេលបច្ចុប្បន្ន ទោះខំរកក៏រកមិនបានដែរ ដូច្នេះហើយ ទើបមានមនុស្សស្រីមួយចំនួន សុខចិត្តនៅម្នាក់ឯង មិនរៀបការ មិនមានស្នេហា ព្រោះមិនទុកចិត្ត​ និងមិនជឿជាក់លើមនុស្សប្រុសណាម្នាក់ឡើយ។

យ៉ាងណាមិញ ប្រសិនបើអ្នកចង់ដឹងថាអ្នកជាបុរសពិត ឬមានទំនាក់ទំនងជាមួយបុរសពិតសូមមើលសកម្មភាពទាំង៧ចំណុចនេះ។

2e64bf2f8c597043e55cdb687bbefbc4

បុរសពិតមានអាកប្បកិរិយាខុសគ្នាខ្លាំងពីប្រភេទក្មេងប្រុសដែលមានភាពអាត្មានិយមដែលអ្នកឃើញនៅគ្រប់ទីកន្លែង ដែលអ្នកមិនអាចកត់សម្គាល់ពីភាពខុសគ្នាបានឡើយ។ មនុស្សប្រុសខ្លះ ល្អមែន តែជាក់ស្ដែងល្អតែដំបូងតែប៉ុណ្ណោះ ដូច្នេះ ចូរសង្កេតមើលចំណុចប៉ុន្មាននេះ ដើម្បីច្បាស់ថា អ្នគជាមនុស្សស្រីដែលមានសំណាង បានជួបបុរសល្អពិតប្រាកដជាដៃគូជីវិត។

១. ស្រឡាញ់ និងគោរពមនុស្សដែលគេស្រឡាញ់

4c71f86d2d24e68594bcf23d5101b75a

អាចនិយាយបានថា វាជារឿងសាមញ្ញ តែការផ្ដល់សេចក្ដីស្រឡាញ់ ការគោរព ឱ្យតម្លៃដល់ដៃគូ វាគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សពីរនាក់។ ជាក់ស្ដែង ប្រសិនបើបុរសម្នាក់ បានផ្ដល់ឱ្យអ្នកនូវចំណុចនេះ នោះមានន័យថា អ្នកពិតជាសំខាន់ និងមានតម្លៃខ្លាំងចំពោះគេ ជាពិសេសនោះគឺ អ្នកមិនត្រឹមតែជាមនុស្សស្រី ឬប្រពន្ធតែប៉ុណ្ណោះទេ តែគេទុកអ្នកប្រៀបបាននឹងម្ដាយទីពីររបស់គេអ៊ីចឹងដែរ។

២. ច្បាស់លាស់ចំពោះទំនាក់ទំនង

56e410096301331659138e100f11b4ea

រឿងដែលពិបាករកបំផុតគឺ បុរសដែលមានភាពច្បាស់លាស់ចំពោះទំនាក់ទំនង ព្រោះថាសម័យនេះ មនុស្សប្រុសច្រើនតែចូលចិត្តលេងសើច ស៊ីហើយបោះចោល ភាគច្រើនគឺ បុរសសាវា អ្នកខ្លះ រៀបការហើយនៅតែលួចលាក់មានស្រីញីខាងក្រៅទៀត។ តែចំពោះបុរសស្មោះស្នេហ៍ ឬបុរសល្អពិតប្រាកដ គឺគាត់ច្បាស់ចំពោះទំនាក់ទំនង និងមិនទាក់ទងអ្នកផ្សេងឡើយ ព្រោះគេដឹងខ្លួនច្បាស់ថា គេមានមនុស្សដែលគេស្រលាញ់ ឬគេមានម្ចាស់រួចហើយ។

៣. រឹងមាំ ការពារដៃគូទាំងផ្លូវកាយ និងផ្លូវចិត្ត

400e7732d6394b1c4c65d969036c6d09

ភាពរឹងមាំរបស់មនុស្ស មិនមែនសំដៅតែលើរូបរាងធំមាំមួន សាច់ដុំធំៗតែប៉ុណ្ណោះទេ តែគេត្រូវតែរឹងមាំទាំងកាយ និងចិត្ត ដែលអាចមើលថែ ការពារដៃគូរបស់គេទាំងផ្លូវកាយ ផ្លូវចិត្តដូចគ្នា ជាបុរសដែលមានចិត្តនឹងន ប្រាកដ មិនមែនរេរាតាមពាក្យសម្ដីរបស់អ្នកដទៃចាក់រុក ឆ្កឹះឆ្កៀលនោះឡើយ។ លើសពីនេះ សូម្បីតែសម្ដីឪពុកម្ដាយ ដែលមើលមកដៃគូគេមិនល្អ ក៏គេមិនមែនចេះតែជឿ និងស្ដាប់តាម ឬធ្វើតាមការបញ្ជារបស់នរណាម្នាក់ងាយៗ ដោយបោះបង់ដៃគូចោលនោះទេ។

៤.​ មានគំនិតចាស់ទុំ ក្នុងការគ្រប់គ្រង និងមើលថែដៃគូ

C5afd0b0fa268596b045d1b0dd78e0a7

មនុស្សស្រីណាក៏ចង់បានដៃគូជីវិតជាបុរសដែលមានចិត្តគំនិតចាស់ទុំដែរ ទើបគេអាចមានសមត្ថភាពទាំងផ្នែកចំណេះដឹង និងសេដ្ឋកិច្ច អាចផ្ដល់ឱ្យក្រុមគ្រួសារបាន។ ជាក់ស្ដែង ដោយមិនគិតលើតួលេខអាយុ ចាស់ ឬក្មេងនោះទេ សំខាន់ឱ្យតែចេះគិត មានគំនិតយល់ដឹងពីជីវិត មានការងារ មានមុខរបរ មាចចំណូល ជាពិសេសគឺ មានគោលដៅជីវិតច្បាស់ នោះហើយជាបុរសល្អពិតប្រាកដ។ បន្ថែមពីនេះ បុរសដែលមានចិត្តគំនិតចាស់ទុំ គឺជាមនុស្សដែលដឹងខុសត្រូវ និងមានចិត្តទំណត់ ចិត្តធ្ងន់ក្នុងការទ្រាំជាមួយបញ្ហាគ្រប់បែបយ៉ាង ជាពិសេសគឺ ទ្រាំជាមួយនឹងចរិតរករឿងរបស់ដៃគូ។

៥. មានការសម្រេចចិត្តចំពោះរឿងលំបាកៗជាច្រើន

D408546838ec9646dcd94441b2c0674d

បុរសដែលរឹងមាំផ្នែកបញ្ញា ស្មារតី មិនថាមានរឿងអ្វី លំបាក វេទនា ឬជាឧបសគ្គធំបែបណា ក៏គេនៅតែអាចប្រឈមមុខ រ៉ាប់រងបានទាំងអស់ ព្រោះដើម្បីដៃគូ ឬមនុស្សដែលគេស្រឡាញ់ គេនឹងមិនខ្លាច មិនរុញរាក្នុងការតស៊ូ ព្យាយាមនោះឡើយ គេសុខចិត្តរ៉ាប់រងម្នាក់ឯង សំខាន់មិនអាចឱ្យមនុស្សគេស្រឡាញ់លំបាកដោយសារគេទេ។

៦. មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង និងដៃគូ

Fe1611464a0eaf64efa2fe5afe53a191

វាពិតជាសំខាន់ណាស់គឺ ភាពទទួលខុសត្រូវ មិនត្រឹមតែជីវិតខ្លួនឯងទេ​ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតដៃគូផងដែរ ព្រោះថានាងបានផ្ញើខ្សែវាសនា និងពាក់កណ្ដាលជីវិតជាមួយអ្នកហើយ ដូច្នេះ មិនអាចធ្វើឱ្យនាងពិបាកបានទេ។ ក្នុងនាមជាបុរសពិត គឺគេមិនមេនរត់យករួចខ្លួនឡើយ ព្រោះគេតែងតែស្ម័គ្រ និងព្រមទទួលខុសត្រូវគ្រប់បែបយ៉ាង មិនថាស្ថិតក្នុងស្ថានភាពអាក្រក់ ឬល្អ ក៏គេអាចរ៉ាប់រងបានទាំងអស់។

៧. មានភាពស្មោះត្រង់ចំពោះដៃគូ

14e483f1b95ab109013f182ad23aa0a3

បើនិយាយពីភាពស្មោះត្រង់ វាប្រហែលជាមិនសូវមាននៅក្នុងវចនានុក្រមរបស់បុរសមួយចំនួនឡើយ។ ក្នុងសម័យនេះ កុំថាឡើយស្មោះត្រង់រឿងស្រឡាញ់ដៃគូ សូម្បីតែរឿងលុយកាក់ ក៏មានបុរសខ្លះ លួចលាក់ កិបកេងពីប្រពន្ធដែរ ចំណុចនេះ វាពិតជាមិនអាចកែបានទេ។ តែទោះជាយ៉ាងណា សម្រាប់បុរសល្អពិតប្រាកដ កុំថាឡើយឱ្យមានរឿងលាក់បាំង ឬលួចមានស្រីផ្សេង សូម្បីតែថ្ងៃនេះ ទៅណាមកណា ជាមួយអ្នកណា ក៏គេមិនដែលលាក់បាំងប្រពន្ធ ឬដៃគូរបស់គេដែរ ជម្រាបដំណឹងរាល់គ្រប់វិនាទី ដូចជូនព័ត៌មានទាន់ហេតុការណ៍អ៊ីចឹង ព្រោះគេគិតថា មនុស្សដែលគេស្រឡាញ់ ឬប្រពន្ធ ត្រូវដឹងពីរឿងដែលពាក់ព័ន្ធនឹងខ្លួនគេទាំងអស់ ព្រោះនាងស្រឡាញ់ និងបារម្ភ។ ម្យ៉ាងវិញទៀត ​គេក៏គិតថាមនុស្សស្រឡាញ់គ្នា មិនត្រូវមានរឿងលាក់បាំងនឹងគ្នាឡើយ បើចង់ឱ្យនាងស្មោះត្រង់ចំពោះខ្លួន ខ្លួនក៏ត្រូវតែស្មោះត្រង់ចំពោះនាងជាមុនសិន៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: