តើអ្នកធ្លាប់ជួបហេតុការណ៍ដែលអ្នកលក់បានវិនិច្ឆ័យអតិថិជនដោយផ្អែកលើសម្លៀកបំពាក់និងរូបរាងរបស់ពួកគេដែរឬទេ?
ពីព្រោះមនុស្សដើរចូលទៅក្នុងហាងគាត់ស្លៀកពាក់ធម្មតា ហើយអ្នកលក់ខ្លះគេនឹងព្រងើយកន្តើយចំពោះអតិថិជនដោយគិតថាមិនអាចមានលទ្ធភាពទិញទំនិញនោះបាន។
យោងតាមសារព័ត៌មានថៃមួយបានចុះផ្សាយថា មានបុរសវ័យចំណាស់ម្នាក់មកពីប្រទេសថៃបានចូលទៅក្នុងហាងលក់ម៉ូតូជាច្រើនកន្លែង ប៉ុន្តែត្រូវបានអ្នកលក់ព្រងើយកន្តើយដោយសារតែគាត់ពាក់អាវយឺត ខោរហែកពណ៌ប្រផេះ និងពាក់ស្បែកជើងផ្ទាត់។
អ្នកលក់បានវិនិច្ឆ័យថាគាត់ប្រាកដជាគ្មានលទ្ធភាពទិញម៉ូតូដែលមានតម្លៃថ្លៃពីហាងរបស់ពួកគេបានទេ។
បុរសរូបនេះបានចេញពីហាងម៉ូតូមួយហើយចូលទៅហាងមួយទៀតរហូតដល់ទីបំផុតគាត់ទទួលបានការយកចិត្តទុកដាក់និងប្រកបដោយភាពរួសរាយរាក់ទាក់ពីហាងម៉ូតូធំមួយ។
ក្នុងរយៈពេលតែ ១០ នាទីបុរសចំណាស់រូបនេះបានសំរេចចិត្តទិញយកម៉ូតូធំមួយគ្រឿងម៉ាក Harley Division ហើយបានយកប្រាក់ចំនួន ២០,០០០ ដុល្លារពីខោក្នុងរបស់គាត់ដើម្បីទូទាត់ថ្លៃម៉ូតូនេះ។
រឿងរ៉ាវមួយដែលប្រិយមិត្តគួរកត់សំគាល់ បន្ទាប់ពីរឿងរ៉ាវរបស់បុរសចំណាស់នោះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម។ បុរសចំណាស់នោះមានឈ្មោះថា Lung Decha ហើយគាត់ជាវិស្វករមេកានិកដែលមានចិត្តស្មោះត្រង់ និងឧស្សាហ៍ព្យាយាមដែលបានចូលនិវត្តន៍ពីការងារ។ គាត់មិនជក់បារី ផឹកស្រា ឬលេងល្បែងទេ។
បន្ទាប់ពីខំប្រឹងអស់មួយជីវិតគាត់បានសំរេចចិត្តប្រើប្រាក់សន្សំរបស់គាត់ដើម្បីទិញម៉ូតូដែលគាត់ស្រឡាញ់ក្នុងក្តីសុបិន្តរបស់គាត់។ សូមឱ្យនេះជាមេរៀនដល់អ្នកលក់ទាំងអស់នៅទីនោះ!
ប្រែសម្រួល៖ ក្នុងស្រុក