បច្ចុប្បន្ននេះ តាមប្រព័ន្ធផ្សព្វផ្សាយលើអ៊ីនធឺណែត តាមទូរទស្សន៍ និងបណ្តាញព័ត៌មានផ្សេងៗបានចែករំលែកអំពីភាពខុសគ្នារវាងទម្លាប់អ្នកមាន និងអ្នកក្រជាញឹកញាប់។ ហើយមានការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទនេះ មានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់បានសិក្សាពីវា ហើយមានអ្នកខ្លះព្យាយាមកែប្រែខ្លួនរហូតទាល់តែបានជោគជ័យ និងប្រកាន់ខ្ជាប់នូវទម្លាប់ល្អៗពីអ្វីដែលពួកគេបានប្រព្រឹត្ត។
អត្ថបទនេះនឹងបង្ហាញពីទម្លាប់ ១០យ៉ាងពីភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រដែលពួកគេតែងប្រព្រឹត្ត៖
អ្នកមាន ឬអ្នកជោគជ័យភាគច្រើនចូលចិត្តចែករំលែកនូវចំណេះដឹង ការបរិច្ចាគសាច់ប្រាក់ សម្ភារៈសិក្សា ក៏ដូចជាដំបូន្មានល្អៗទៅកាន់មនុស្សនៅជុំវិញខ្លួន និងជាសាកល។ ទង្វើចែករំលែក និងការផ្តល់ឲ្យអាចឲ្យពួកគេមានអារម្មណ៍ល្អ ព្រមទាំងទទួលបានចំណេះដឹងបន្ថែមទៀតពីការចែករំលែកផងដែរ។
អ្នកក្រចូលចិត្តនិយាយច្រើនជាងស្តាប់នូវគំនិតអ្នកដទៃ ប៉ុន្តែអ្នកមានវិញទទួលយកការស្តាប់ល្អជាងការនិយាយច្រើនឥតបានការ។ តើអ្នកជាមនុស្សដែលចូលចិត្តស្តាប់អ្នកដទៃនិយាយមែនទេ? បើបែបនេះមែនជាការល្អប្រសើរ ពីព្រោះថាការបើកចិត្តឲ្យទូលាយដើម្បីទទួលគំនិតពីមនុស្សនៅជុំវិញខ្លួន អាចធ្វើឲ្យខ្លួនយើងមានការអភិវឌ្ឍន៍ក្នុងសកម្មភាពប្រចាំថ្ងៃ និងបង្កើនគំនិតល្អៗដើម្បីចែករំលែកដល់អ្នកដទៃគ្រប់ពេល។
ការនិយាយដើម មិនមែនជាទម្លាប់ល្អឡើយក្នុងការងារ ឬមុខជំនួញផ្សេងៗ ព្រោះវាអាចប៉ះពាល់ដល់ចំណងមិត្តភាពរបស់អ្នក។ អ្នកគួរតែដោះស្រាយវាដោយផ្ទាល់ បើអ្នកមានបញ្ហាជាមួយនរណាម្នាក់ក្នុងស្ថាប័នរបស់អ្នក។
មនុស្សម្នាក់ៗតែងមានក្តីប្រាថ្នារៀងៗខ្លួន អ្នកខ្លះអាចមាកការប្រាថ្នាលើសពីមួយ ឬពីរទៀត ប៉ុន្តែសូមអ្នកពិចារណា បើអ្នកគ្រាន់តែប្រាថ្នាពីមួយថ្ងៃទៅមួយថ្ងៃជារឿងល្អដែលឬទេ! អ្នកមានតែងតែមានការកំណត់គោលដៅច្បាស់លាស់។ ពួកគេមិនបានដេករងចាំឱកាស ឬក្តីប្រាថ្នាមកដល់ឡើយ ផ្ទុយទៅវិញ ការកំណត់សកម្មភាពដែលឈានទៅរកក្តីស្រមៃ គឺជារឿងចាំបាច់ដែលអ្នកមានគិតថាត្រូវធ្វើដំបូងគេបង្អស់។
ខ្ញុំជឿថា អ្នកមានមិនដែលមានគំនិតចង់លេងល្បែង ឬលេងឆ្នោតអ្វីឡើយ ព្រោះអាចធ្វើអោយខាតបង់ពេលវេលា សាច់ប្រាក់ជាដើម។ ហើយពួកគេមិនដែលរំពឹងថានឹងអាចក្លាយជាអ្នកមានដោយសារការលេងល្បែងទាំងនោះឡើយ។
ការអាន ជាទម្លាប់មួយល្អដែលអ្នកក្រមើលរំលង ប៉ុន្តែអ្នកមានធ្វើវាជារៀងរាល់ថ្ងៃ។ អ្នកមានចូលចិត្តអាននៅពេលទំនេរពីការងារ ឬដើម្បីកាត់បន្ថយភាពតានតឹងផ្សេងៗដែលគេមាន ជៀសវាងការនិយាយលេងច្រើនឥតបានការ។ ម្យ៉ាងទៀត ពួកគេអានអ្វីដែលទាក់ទងនឹងមុខជំនួញ ឬគោលដៅរបស់ពួកគេជានិច្ច។
អ្នកក្រចូលចិត្តអួតខ្លួនមកខាងក្រៅតាមរយៈការនិយាយស្តី សម្ភារៈនិយម ឬអ្វីៗផ្សេងៗ ទាំងដែលអ្នកមានគិតថាវាជារឿងឥតប្រយោជន៍ច្រើនជាង។ តើអ្នកជាមនុស្សប្រភេទមួយណា?
ស្នាមញញឹម អាចបញ្ជាក់ថាអ្នកជាមនុស្សរួសរាយរាក់ទាក់ ដែលអាចធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកមានអារម្មណ៍ល្អចំពោះអ្នក និងសូម្បីតែខ្លួនអ្នកផ្ទាល់។ ការញញឹម ធ្វើអោយកូនចៅក្រោមបង្គាប់មានការគោរព និងបំពេញការងារដែលប្រកបដោយផលិតភាពខ្ពស់។
អ្នកមានតែងចង់នៅឃ្លាតឆ្ងាយពីបំណុល ប្រសិនបើពួកគេចង់ទិញអ្វីមួយ គេត្រូវការសន្សំដើម្បីទិញវា។ ការខ្ចីលុយពីធនាគារសម្រាប់ដំណើរកំសាន្ត ឬទិញឡានមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះអ្នកត្រូវតែបង់ការប្រាក់ជាប្រចាំ។ បំណុល គឺជាឧបសគ្គដ៏ធំនៃការធ្វើអោយក្លាយជាអ្នកមាន ប៉ុន្តែប្រសិនអ្នកចំណាយលុយដើម្បីបង្កើតលុយវិញជារឿងដ៏ល្អបំផុត។
គ្មានការជោគជ័យរបស់ស្ថាប័នមួយដោយសារតែមនុស្សម្នាក់ឡើយ គ្រប់យ៉ាងត្រូវការការចូលរួមពីមនុស្សនៅជុំវិញខ្លួន ត្រូវមានការសហការណ៍ដើម្បីសម្រេចគោលដៅរួមមួយ។ អ្នកមិនអាចបំពេញកិច្ចការបានគ្រប់រឿងឡើយ ហើយក៏គ្មានការជោគជ័យណាដែលមិនត្រូវការការចូលរួមពីមនុស្សជុំវិញខ្លួនដែរ។
Translated by: Ly Hout
Edited by: Serpent & Rey
Cited by: happylearnnews.com
Source in English: Brightside.me