ថ្ងៃទី០២ខែតុលាឆ្នាំ១៩៤១ អាល្លឺម៉ង់ចាប់ផ្ដើមប្រមូលកងទ័ពរបស់ខ្លួនចូលលុកលុយក្រុងមូស្គូដែលដឹកនាំដោយកងវីរសេនាធំលេខ១និងមានមេបញ្ជាការលោក Gen. Fedor von Bock។ ប្រជាកសិកររុស្សីដែលនៅតាមផ្លូវធ្វើដំណើរទៅមូស្គូត្រូវបានកងទ័ពអាល្លឺម៉ង់យកធ្វើជាឈ្លើយសឹកហើយមួយចំនួនត្រូវសម្លាប់ចោលតាមគោលនយោបាយ “scorched-earth” របស់ហ៊ីត្លែ។
“scorched-earth”នៅទីនេះមានន័យថាជាយុទ្ធសាស្រ្តឬបេសកកម្មទ្រង់ទ្រាយធំមួយដែលត្រូវតែ កម្ទេចឬសម្លាប់ចោលគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ប្រទេសជាតិ។ កងកម្លាំងរបស់ហ៊ីត្លែរបានលុកលុយសហភាពសូវៀតកាលពីខែមិថុនា ហើយក្នុងដំណាក់កាលដំបូង វាបានក្លាយជាការរុញច្រានឥតឈប់ឈរមួយចូលទៅក្នុងទឹកដីរុស្ស៊ីកាន់តែជ្រៅទៅៗ។
ការបង្អាក់ដំណើរលុយកលុយរបស់កងទ័ពអាល្លឺម៉ង់លើកដំបូងបានកើតឡើងនៅក្នុងខែសីហា នៅពេលរថក្រោះរបស់កងទ័ពក្រហមសូវៀត បានរុញច្រានកងកម្លាំងអាល្លឺម៉ង់ត្រឡប់មកតំបន់ Yelnya វិញ។ ហ៊ីត្លែរបានសារភាពការគិតខុសរបស់ខ្លួន ចំពោះឧត្តមសេនីយ៍ Fedor von Bock នៅពេលនោះថា៖ “ ប្រសិនបើខ្ញុំដឹងថាពួកគេមានរថក្រោះច្រើននោះ ខ្ញុំនឹងគិតឲ្យពីរដងមុនពេលលុកលុយ” ។ ប៉ុន្តែមិនមានការងាកក្រោយសម្រាប់ហ៊ីត្លែរទេ - គាត់ជឿជាក់ថា គាត់មានបំណងដើម្បីទទួលបានជោគជ័យនៅកន្លែងដែលអ្នកផ្សេងទៀតបានបរាជ័យ ហើយកាន់កាប់ទីក្រុងម៉ូស្គូ"។
មានមេបញ្ជាការកងទ័ពជាន់ខ្ពស់ និងឧត្តមសេនីយ៍អាឡឺម៉ង់ បានព្រមានហ៊ីត្លែរហើយថា មិនឲ្យការបើកការវាយប្រហារ Operation Typhoon នោះទេ ពីព្រោះរដូវរងារដ៏អាក្រក់របស់រុស្ស៊ីកំពុងចាប់ផ្តើមហើយ ។ ប្រវត្តិសាស្រ្តចាំពីជោគវាសនាអធិរាជណាប៉ូលេអុង កាលពីអតីតកាលបានបរាជ័យហើយកងទ័ពចក្រភពបារាំងកាលនោះ បានបាត់បង់ទាហានថ្មើជើង និងសេះរាប់ពាន់នាក់ស្លាប់ដោយអាកាសធាតុត្រជាក់នេះ។ លោក ឧត្តមសេនីយ៍ Bock ក៏បានប្រាប់រឿងនេះដល់ហ៊ីត្លែដែរ។
រឿងដែលធ្វើឲ្យហ៊ីត្លែកាន់ក្អេងក្អាងថែមទៀតនោះគឺកងទ័ពអាឡឺម៉ង់បានដណ្តើមបានទីក្រុងគៀវនៅចុងខែកញ្ញាបណ្តាលឱ្យហ៊ីត្លែរប្រកាសថា "សត្រូវបានបែកហើយ ពួកគេគ្មានជំហររឹងមាំងើបឡើងវិញនោះទេ។ "
ត្រឹមរយៈពេល ១០ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ២ ខែតុលាក្រុមកងទ័ពវីរៈសេនាធំលេខ ១ បានធ្វើដំណើឆ្ពោះទៅទិសខាងកើតដោយខិតទៅជិតរដ្ឋធានីនៃសហភាំពសូវៀតបន្តិចម្ដងៗ។ ជនជាតិរុស្ស៊ីក៏នឹកឃើញដល់ណាប៉ូលេអុងពីអតីតកាល ហើយចាប់ផ្តើមបំផ្លាញអ្វីៗទាំងអស់នៅតាមផ្លូវទីមូស្គូ។ ពេលនោះជាពេលវេលាមួយដែលពួកគេត្រូវភៀសខ្លួនចេញពីភូមិ ចេញពីផ្ទះរបស់ពួកគេហើយ។
ប្រជាជនរុស្សី និងកងទ័ពក្រហមបានដុតដំណាំ ចម្ការច្បាដំណាំ ហើយផលដំណាំដែលច្រូតកាត់រួចដែលដឹកទៅមិនរួចបានដុតចោលកម្ទេច។ លើសពីនេះពួគគេថែមទាំងដុតផ្ទះ បំផ្ទុះអាគារធំៗរាបដល់ដី ដែលធ្វើបែបនេះប្រជានជនរុស្សីមិនបានបន្សល់ទុកកន្លែងជ្រកកោន ស្បៀងអាហារដល់កងទ័ពសត្រូវឡើយ។ កងទ័ពអាល្លឺម៉ង់ដែលធ្វើដំណើឆ្ងាយផង ឃ្លានផង អាកាសធាតុត្រជាក់ផង ទទួលបានតែកម្ទេចអាគារបាក់បែក និងផេះដែលនៅសល់តែប៉ុណ្ណោះ។
ពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុត្រជាក់ទៅៗ កន្លែងខ្លះធ្លាក់ដល់-៤៥អង្សារ ។ កងទ័ពរុស្សីដែលត្រៀមរង់ចាំទប់ទល់រៀបចំខ្លួនបានមុន រៀបកាំភ្លើងធំ រងក្រោះ ឡានប្រយុទ្ធនិងកងទ័ពត្រៀមវាយបក។ កងទ័ពអាល្លឺម៉ង់បានមិនអាចទប់ទល់បានដល់៣ខែនោះទេ។ គិតត្រឹមថ្ងៃទី១៣ខែធ្នូ កងទ័ពអាល្លឺម៉ង់បានដកទ័ពថយក្រោយនិងឆ្ងាយពីមូស្គូ៨០គីឡូម៉ែត្រ។នៅថ្ងៃទី១៨ខែធ្នូ ឧត្តមសេនីយ៍ Bock បានលាលែងពីដំណែងដោយយកលេសបញ្ហាសុខភាព។មានមេបញ្ជាការជាន់ខ្ពស់៤០នាក់ផ្សេងទៀតក៏បានលាលែងពីដំណែងក្នុងជួរទ័ពដោយសារការបរាជ័យកាន់កាប់ក្រុងមូស្គូរបស់សហភាពសូវៀត។
បេសកកម្មនេះកងទ័ពអាល្លឺម៉ង់មានចំនួន ជិត២លាននាក់ រថក្រោះ និងរថបំពាក់កាំភ្លើងយន្ត២៤៧០គ្រឿង យន្តហោះ៥៤៩គ្រឿងនិងបន្ទាប់បន្សំផ្សេងទៀត។ ចំណែកកងទ័ពសូវៀត ជាង១.២លាននាក់ រថក្រោះនិងឡាន ជាង៣០០០គ្រឿង កាំភ្លើងធំ៧៦០០គ្រឿង យន្តហោះសរុប ៩៣៦គ្រឿង និងបន្ទាប់បន្សំផ្សេងទៀត។
ចំណែកអ្នកស្លាប់និងរបួសក្នុងប្រតិបត្តិកានេះមានការសរុបខុសៗគ្នាទាំងកងទ័ពរុស្សី និងអាល្លឺម៉ង់ ហើយអ្នកប្រវត្តិសាស្រ្តសន្មត់ថាវាជាសមរភូមិទីក្រុងមូស្គូក្នុងសង្គ្រាមលោកលើកទី២។គិតចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ១៩៤១ដល់ថ្ងៃបញ្ចប់ថ្ងៃទី០៧ខែមករាឆ្នាំ១៩៤២សរុបអ្នកស្លាប់ របួស និងបាត់ខ្លួនគឺជាង១លាននាក់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក