អាយុកាន់តែច្រើន ជួបមនុស្សកាន់តែប្លែកៗ ឆ្អែតនឹងមនុស្សមួយចំនួនកាន់តែខ្លាំង

នៅពេលដែលអាយុកាន់តែកើនឡើងបន្តិចម្ដងៗ មិត្តភក្តិ អ្នករាប់អានក៏កាន់តែមានតិចទៅៗ មិត្តដែលអាចនៅសល់ មានមិនច្រើនឡើយ គ្រប់យ៉ាងក៏មកពីមានមនុស្សមួយចំនួន កាន់តែរាប់អានយូរ គឺកាន់តែឃើញពីធាតុពិតរបស់ពួកគេបានច្បាស់ មនុស្សខ្លះ គេស្គាល់យើងទាល់តែយើងមានប្រយោជន៍ គេស្គាល់យើង ទាល់តែយើងមានមុខមានមាត់ មានលុយ មានទ្រព្យសម្រាប់អែបអបតែប៉ុណ្ណោះ។

119980997_1019093908531306_972231898301128787_o

យ៉ាងណា មនុស្សល្អៗ មិត្តល្អៗក៏នៅតែមាន តែដែលអាចរាប់អានបានឱ្យស្និទ្ធស្នាល ដឹងចិត្តថ្លើមគ្នានោះ គឺមានមិនច្រើននោះឡើយ ដូចមនុស្សខ្លះ អាចស្គាល់ហៅរកម្ដងម្កាលបាន តែហាមស្និទ្ធស្នាល ប្រាប់អាថ៌កំបាំង ឬរឿងផ្ទៃក្នុងឱ្យគេបានដឹងឱ្យសោះ ដូច្នេះហើយ មុននឹងទុកចិត្តមនុស្ស ក៏ត្រូវតែមើលគេឱ្យបានច្បាស់ដែរ មិនមែនថាយើងគិតអាក្រក់ អវិជ្ជមានទេ តែត្រៀមខ្លួន ការពារខ្លួនទុកជាមុនទើបជារឿងដែលប្រសើរ។

អាយុកាន់តែច្រើន បានឆ្លងកាត់រឿងរ៉ាវជីវិតក៏មិនតិចនោះដែរ ចំណែកមនុស្សក៏ស្គាល់មកហូរហែ តែការដែលបានស្គាល់មនុស្សកាន់តែច្រើន មនុស្សកាន់តែប្លែកៗ ធ្វើឱ្យយើងនេះឆ្អែតចិត្តកាន់តែខ្លាំង ដូច្នេះហើយ ទើបត្រូវធ្វើជាមនុស្សស្ងៀមស្ងាត់ ប្រុងប្រយ័ត្ន និងតឹងតែក្នុងការរាប់អានមនុស្ស និងមិត្តភក្តិដែលគួរតែទុកឱ្យនៅក្បែរខ្លួន។

119993511_1019093891864641_917401004192665746_o

ការពិត យើងទុកចិត្តខ្លួនឯងច្បាស់ណាស់ថា យើងមិនបានមានបំណងចង់បានប្រយោជន៍ពីអ្នកណា ក៏មិនដែលគិតថា ចង់បំផ្លាញអ្នកណាដែរ តែយើងមិនច្បាស់នឹងមនុស្សដែលយើងបានស្គាល់ឡើយ មនុស្សខ្លះ ពិតជាធ្វើឱ្យយើងនេះ ឆ្អែតចិត្ត ឈឺចិត្ត និងខកចិត្តយ៉ាងខ្លាំង ព្រោះតែបានឆ្លងកាត់រឿងរ៉ាវជាច្រើន ជាមួយនឹងមនុស្សមនោសញ្ចេតនាក្លែងក្លាយទាំងនោះ ទើបធ្វើឱ្យចិត្តនេះ មិនអាចទុកចិត្តអ្នកណា មិនចង់នៅក្បែរមនុស្សច្រើនពេកទេ ព្រោះវាមិនមានសុវត្ថិភាព មនុស្សខ្លះ ក៏ធ្វើឱ្យយើងនេះឆ្អែតចិត្ត ឈឺចាប់ខ្លាំងដែរ តែងតែធ្វើឱ្យយើងនេះ គ្មានក្ដីសុខ គ្មានសុភមង្គលឡើយនៅក្នុងជីវិត ដូច្នេះ ដើរចេញពីគេទៅវាល្អជាង៕

120117282_1019093925197971_2851476464409211661_o

120133016_1019093898531307_2232235550032001822_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ