មនុស្សយើងម្នាក់ៗ ប្រាកដជាមានចំណុចខ្សោយរៀងៗខ្លួន ហើយក្នុងកាលៈទេសៈខ្លះ ជួបនឹងស្ថានភាពខ្លះ យើងពិតជាពិបាកនឹងរឹងមាំណាស់ តែទោះជាយ៉ាងណា វាក៏មិនឈ្នះនឹងការប្ដេជ្ញា ការតាំងចិត្តរបស់យើងដែរ។ មិនស្ថិតក្នុងស្ថានភាពណា ជួបបញ្ហាយ៉ាងណាទេ អ្នកត្រូវតែប្រាប់ខ្លួនឯងថា យើងត្រូវតែខ្លាំង និងឆ្លាតជាងបញ្ហាដែលបានកើតឡើងនោះ។
ធ្វើជាមនុស្សម្នាក់ដែលខ្លាំង ហើយឆ្លាត វាពិតជាពិបាក និងប្រឈមមុខជាមួយនឹងទំនួលខុសត្រូវខ្ពស់ខ្លាំង ហើយពេលខ្លះ យើងក៏ត្រូវក្លាយជាមនុស្សដែលចិត្ត និងឯកាថែមទៀតផង។ ប៉ុន្តែមិនថាទោះបីជាយ៉ាងណាក៏ដោយ ក៏យើងត្រូវតែធ្វើជាមនុស្សដែលខ្លាំង និងឆ្លាតដែរ ព្រោះថាជីវិតយើងម្នាក់ៗ គឺត្រូវជួបប្រទះ និងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ដូច្នេះ យើងមិនអាចទន់ជ្រាយបានទេ ប្រសិនបើយើងទន់ជ្រាយ នោះបញ្ហាក៏ងាយនឹងបំបាក់យើងបានស្រួលៗដែរ។
ត្រូវតែដាស់តឿន និងពង្រឹងស្មារតីខ្លួនឯងឱ្យរឹងប៉ឹង ត្រូវទន្ទេញឱ្យចាំថា អ្នកត្រូវតែខ្លាំង និងឆ្លាតជាងបញ្ហាដែលបានកើតឡើង យើងជាម្ចាស់នៃបញ្ហា ទើបអាចគ្រប់គ្រង និងសម្លាប់បញ្ហាបាន តែបើយើងទន់ជ្រាយ ចុះញមហើយនោះ បញ្ហាវានឹងសម្លាប់យើងវិញមិនខានឡើយ។ ដូច្នេះហើយ កុំបណ្ដោយឱ្យបញ្ហាមកត្រួតត្រាលើជីវិតយើង កុំឱ្យសេចក្ដីទុក្ខ និងរឿងរ៉ាវស្មុគស្មាញ មកបំផ្លាញ ឬធ្វើបាប បញ្ជាលើខ្សែជីវិត ឬចិត្តគំនិត និងខួរក្បាលយើងបានឱ្យសោះ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ