ភ្នំពេញ, ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ - ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Smart PUBG Mobile Tournament ដែលរៀបចំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា Smart Axiata ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។
ក្រុមជ័យលាភីដែលមានសមាជិកចំនួន ៥នាក់ បានទទួលរង្វាន់ជាសាច់ប្រាក់ចំនួន ៦០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ផងដែរ។
ការប្រកួតនេះបានចាប់ផ្ដើមឡើងដោយមានក្រុមចំនួនជាង ៣០០ ក្រុមបានចុះឈ្មោះ ហើយមានក្រុមចំនួន ៤០ ក្រុមត្រូវបានជ្រើសរើស ដើម្បីឲ្យចូលរួមប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី ថ្ងៃទី ២៧ ខែមិថុនា ។ បន្ទាប់មកមានក្រុមចំនួន ២០ ក្រុមតែប៉ុណ្ណោះត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ្តកាលពី ថ្ងៃទី ២៨ ខែមិថុនា ដែលក្នុងនោះមានក្រុមកំពូលចំនួន ១០ ក្រុមដែលទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ១២០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ។
ស៊ីម ឡៃស្រ៊ុន សមាជិកក្រុមជ័យលាភី Angkor PUBG បានឲ្យដឹងថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុម Smart Axiata ដែលបានបង្កើតកម្មវិធីកំសាន្តប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា។
«ការប្រកួតប្រជែងនេះបានផ្ដល់បទពិសោធន៍ដ៏រំភើបមួយសម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ ជាធម្មតា យើងលេងជាការកំសាន្ត ប៉ុន្ដែ ក្នុងនាមជាតំណាងឲ្យក្រុមមួយ ដើម្បីចូលរួមប្រកួតប្រជែងជាមួយក្រុមដ៏ទៃ ដោយផ្សាយផ្ទាល់លើ Facebook គឺមានការរំភើបខ្លាំង។ ក្រុមរបស់ខ្ញុំ បានបង្ហាញពីកិច្ចសហការ និងស្មារតីក្រុម ក្នុងយុទ្ធសាស្ត្រនៃការប្រយុទ្ធ និងការការពារ ដែលនាំឱ្យយើងក្លាយជាជើងឯក ហើយយើងក៏រីករាយដែលបានចូលរួមក្នុងការប្រកួតនេះផងដែរ»។
ដោយមានការគាំទ្រពីក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអិុនធឺណិត និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក និងក្រុមហ៊ុន Realme ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនឈានមុខគេបង្អស់មួយក្នុងលោក ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ និងផ្តល់ឱកាសឲ្យពួកគេលេងកីឡាអេឡិចត្រូនិចជាសហគមន៍រួមគ្នា។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរដល់ ក្រុម Angkor PUBG ដែលបានឈ្នះការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament ដំបូងគេ បង្អស់។ ក្រុមការងារនៅក្រុមហ៊ុន Smart ទាំងអស់នឹងបន្តនាំយករបៀបរស់នៅចំរុះបែបឌីជីថលបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង រួមមាន ការនាំយកគំនិងផ្ដួចផ្ដើមថ្មីៗផ្សេងទៀតក្នុងវិស័យកីឡាអេឡិចត្រូនិច។ យើងពិតជារំភើបដែល យុវជនកម្ពុជា ជាច្រើនបានបង្កើតជាក្រុម ហើយបានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ហើយយើងក៏សង្ឃឹមថានឹងមានការចូលរួមកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍របស់យើងនាពេលអនាគតផងដែរ។»
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ koam.tivea[@]smart.com.kh