ភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២០ នេះដែរក្រុមការងារ សារព័ត៌មានក្នុងស្រុក បានធ្វើពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដ ដើម្បីជម្រុញបន្ថែមក្នុងការផ្សព្វផ្សាយអត្ថបទវេជ្ជសាស្រ្តជូនបងប្អូនប្រជាជនកម្ពុជាយល់ដឹងបន្ថែម និងកាន់តែទូលំទូលាយ។
ជាមួយគ្នានេះដែរ ខាងស្ថាប័នសារព័ត៌មានក្នុងស្រុក ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូសហការណ៍ជាមួយនឹង សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ក្នុងការទទួលយកនូវ អត្ថបទចំណេះដឹង និងវីដេអូផ្សេងៗដែលផ្ដល់ជូនដោយក្រុម សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ដើម្បីចុះផ្សាយជាសាធារណៈ សម្រាប់ចែកជូនដល់ជនរួមជាតិទាំងអស់។
ក្នុងឱកាសនេះដែរយើងសង្ឃឹមថា ការសហការណ៍នេះនឹងរលូនទៅមុខ ក៏ដូចជាការចូលរួមមួយផ្នែកជាមួយនឹងរដ្ឋាភិបាលក្នុងការសម្រួលផ្នែកវិជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ និងទូលំទូលាយ។
គួរបញ្ជាក់ផងដែរថា គេហទំព័រសារព័ត៌មានក្នុងស្រុក គឺជាបណ្ដាញសង្គមមួយដែលធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាក់លាក់ ច្បាស់លាស់ ពិតប្រាកដ ដែលមានប្រភពច្បាស់ការណ៍ ក៏ដូចជាមានការចុះផ្សាយនូវអត្ថបទព័ត៌មានផ្សេងៗបែបអប់រំ និងទីកន្លែងកម្សាន្តប្លែកៗ សប្បាយៗនៅទូទាំងប្រទេសកម្ពុជា៕