ការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានបែបធម្មជាតិ ភាគច្រើនគឺដើម្បីរកភាពស្ងប់ស្ងាត់ និងសេចក្តីស្ងប់ក្នុងចិត្តជាមួយនឹងបរិយកាសស្រស់ស្រាយជាមួយធម្មជាតិតែម្តង។ យ៉ាងណាមិញ មួយរយៈនេះការដើរលេងតាមទីកន្លែងធម្មជាតិ ត្រូវបានពេញនិយមជាខ្លាំងនៅក្នុងពេលបច្ចុប្បន្ន តែដែលជាបញ្ហាចោទនោះ អ្នកទេសចរណ៍មួយចំនួនបែរជាស្ពាយឧបករណ៍បំពងសម្លេង ដូចជាធុងប៉ាស ខារ៉ាអូខេជាដើម ជាការកំដរអារម្មណ៍ទៅវិញ ធ្វើឱ្យកន្លែងធម្មជាតិបាត់បង់សោភណនៃភាពស្ងប់សុខ ពិសេសអាចរំខានអ្នកទេសចរណ៍ផ្សេងទៀត និងអាចរំខានដល់បណ្តាសត្វព្រៃក្នុងមូលដ្ឋានទៀតផង។
ដើម្បីបង្ការបញ្ហាទាំងនេះ ពេលនេះ សហគមន៍នៃតំបន់កម្សាន្តមួយ គឺ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលជាទីតាំងកម្សាន្ត បោះតង់ ជិះទូកមើលសត្វស្លាប និងព្រៃលិចទឹក គយគន់មើលថ្ងៃលិច និងថ្ងៃរះ ញាំត្រីស្រស់ៗ ស្ថិតនៅក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានចេញវិធានការមួយក្នុងការហាមឃាត់ការប្រើប្រាស់គ្រឿងបំពងសម្លេង ធ្វើឱ្យមានការសាទរជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក
ដោយ សហគមន៍អេកូទេសចរណ៍កោះសាមសិប បានចេញប្រកាសជូនដំណឹងមានសេចក្តីលម្អិតទាំងស្រុងថា៖
« គណ:កម្មការគ្រប់គ្រងសហគមន៍អេកូទេចរនណ៍កោះសាមសិប សូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរទាំងអស់ដែលមានបំណងមកកំសាន្តនៅសហគមន៍កោះសាមសិបអោយបានជ្រាបថា រាល់ការប្រេីប្រាស់ឧបករណ៍បំពងសម្លេងគ្រប់ប្រភេទត្រូវបានហាមឃាត់ ព្រោះកោះសាមសិបជាតំបន់ស្នូលសម្រាប់អភិរក្សសត្វស្លាបកម្ររងការគំរាមកំហែង និងជិតផុតពូជពងកូន ដូចច្នេះការកំសាន្តបែបផ្សងព្រេងជាមួយធម្មជាតិបែបស្ងៀមស្ងាត់ និងបញ្រ្ជាបការអប់រំពីសារ:សំខាន់ធនធានធម្មជាតិ ជាគោលបំណងចម្បងរបស់សហគមន៍យេីងខ្ញុំ ។ អរគុណសម្រាប់ការយោគយល់ »។
ទោះយ៉ាងណានេះគ្រាន់តែជាសេចក្តីប្រកាសជម្រាបជូន ដោយសុំការយោគយល់ប៉ុណ្ណោះ មិនមានវិធានការពិន័យអ្វីនោះទេ តែគណៈកម្មការសហគមន៍នឹងផ្តល់ព័ត៍មានដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលចង់មកលេងសហគមន៍ដោយខ្លួនឯង និងតាមរយៈភ្នាក់ងារទេសចរណ៍ឱ្បានដឹងមុន លើសពីនេះពេលភ្ញៀវមកដល់គណៈកម្មការសហគមន៍នឹងតាមដានជាប់ជាប្រចាំ។ សង្ឃឹមថាគំនិតនេះនឹងត្រូវបានយកនៅអនុវត្តន៍នៅសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផ្សេងទៀត៕