អាហារសម្រន់បែប Street Food តាមផ្លូវ ក្លាយជាចំណូលចិត្តរបស់យុវជនសម័យថ្មីនេះ ដោយសារតែវាសុទ្ធតែជាអាហារពេញនិយម ឆ្ងាញ់ ពិសេសគឺមានតម្លៃសមរម្យ អាចនិយាយបានថា ត្រឹមតែជាសិស្ស និស្សិត និងអ្នកធ្វើការក៏អាចទទួលទានបានផងដែរ។
សម្រាប់អ្នកដែលចូលចិត្តអាហារសម្រន់បែបបុកល្ហុង « ក្នុងស្រុក» ក៏ធ្លាប់បានណែនាំទីកន្លែងជាច្រើនហើយដែលសុទ្ធតែពេញនិយម និងឆ្ងាញ់ពិសា តែសម្រាប់អ្នកចង់បានរសជាតិប្លែកទាំងបុកល្ហុង និងខ្យងស្ងោរជាមួយគ្នាក្នុងពេលតែមួយនោះ យើងខ្ញុំសូមណែនាំហាងមួយកន្លែងទៀតដែលលាក់ខ្លួនស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ តែបែរជាមានអ្នកទៅទទួលទានពេញៗស្ទើររាល់ថ្ងៃនោះគឺ « បុកល្ហុងលាក់ខ្លួន »។
« បុកល្ហុងលាក់ខ្លួន » មានបម្រើមុខម្ហូបបែបបុកល្ហុងជាច្រើនមុខ ទាំងបុកល្ហុង បុកពោត បុកគ្រឿងសមុទ្រ សុទ្ធតែរសជាតិឆ្ងាញ់ៗប្លែក ដោយមានអាហារសម្រន់ដទៃអមជាមួយដូច ភ្លៅមាន់អាំង សាច់ជ្រូកអាំងបាយដំណើប ពិសេសម្ហូបដែលពេញនិយមមួយទៀតនោះគឺ ខ្យងស្ងោរឆ្នាំងដីពិសេសរសជាតិឆ្ងាញ់ខ្លាំង ជាមួយនឹងទឹកជ្រលក់អំបិលមី។
គួរឱ្យដឹងផងដែរថា « បុកល្ហុងលាក់ខ្លួន » នេះ មានទីតាំងលាក់បំពួនដូចជាឈ្មោះចឹង ដោយមានទីតាំងនៅលើផ្លូវ ៣៩៦ (ផ្លូវលូ) ដែលស្ថិតនៅខាងក្រោយហាង Toy &Me ទូលទំពូងតែម្តង ឬជិះមកពីផ្លូវម៉ៅសេទុង ចូលច្រក ហាងទន្លេបាសាក់ រួចងាកបត់ស្តាំបន្តិច ដោយអាចទំនាក់ទំនងសាកសួរបានតាមរយៈលេខទូរស័ព្ទ 010 668 669 ៕
អត្ថបទ៖ ក្នងស្រុក