មនុស្សប្រុសសុទ្ធតែបែបហ្នឹងមែនទេ ពេលមានគេនៅក្បែរ បែរជាព្រងើយកន្តើយ ដល់ពេលគេមានអ្នកថ្មី តាំងស្ដាយក្រោយ ហើយបែរជាលះបង់មនុស្សខ្លួនស្រឡាញ់ឱ្យទៅអ្នកផ្សេងទៅវិញ

៣ឆ្នាំមកនេះ បងជាមនុស្សអាត្មានិយម

បីឆ្នាំជាងដែលពួកយើងបានស្រលាញ់គ្នា។ ជួបគ្នាដំបូងអូនទើបតែបែកពីសង្សាចាស់ អូនកំពុងតែឈឺចាប់ខ្លាំង ហើយអូនកំពុងតែរកការងារធ្វើ។ ពេលនោះហើយ ដែលបងបានចូលទៅក្នុងជីវិតអូន ដោយគ្រាន់តែចង់លើកទឹកចិត្ត ចង់ឃើញមនុស្សស្រីម្នាក់នោះមានភាពសប្បាយរីករាយ និងរឹងមាំក្នុងការបន្តដំណើរទៅមុខទៀត ហើយបងក៏មិនដែលមានកូនចិត្តថាស្រលាញ់អូនដែរ។

តែការលើកទឹកចិត្ត ការនិយាយពាក្យល្អៗ ការជួយរកការងារឱ្យអូនធ្វើ ការដឹងសុខទុក្ខរបស់អូនកាន់តែច្បាស់ បានធ្វើឱ្យបងលង់ស្រលាញ់អូនដោយមិនដឹងខ្លួន ហើយរហូតមកដល់ពេលនេះយើងបានស្រលាញ់គ្នាជាងបីឆ្នាំហើយ។

អូន....គឺជាមនុស្សស្មោះត្រង់ រួសរាយរាក់ទាក់ ពូកែធ្វើម្ហូប មានអាកប្បកិរិយាល្អ និយាយឱ្យចំទៅគឺជានារីដ៏ល្អ និងស្រស់ស្អាត។ តែពួកយើងមានពេលវេលាជួបគ្នាតិចតួចណាស់ព្រោះបងរវល់ការងារ និងធ្វើការនៅខេត្ត ចំណែកអូននៅភ្នំពេញ។

ជួបគ្នាម្តងៗពេលបងមកប្រជុំនៅភ្នំពេញ ពួកយើងសប្បាយចិត្តណាស់។ អូនតែងតែធ្វើអាហារពេលថ្ងៃត្រង់ឱ្យបង ហើយយកទៅឱ្យបងដល់មុខការិយាល័យ។ ល្ងាចឡើងអូនតែងតែចាំទទួលបងនៅមុខការិយាល័យ ដើម្បីទៅហូបអីជុំគ្នា។

២ឆ្នាំកន្លងផុតទៅ ទំនាក់ទំនងយើងភាគច្រើនគឺតាមរយៈទូរស័ព្ទ និងបណ្ដាញសង្គមតែប៉ុណ្ណោះ ហើយបងមិនសូវបានទទួលទូរស័ព្ទ ឬនិយាយលេងជាមួយអូនទេ។

102968029_658365018050302_5717116691952330510_o

មានថ្ងៃខ្លះអូនបានខលមិនតិចជាង១០ដងទេ ព្រោះចង់ដឹងសុខទុក្ខ និងនិយាយលេងជាមួយបង។ ប៉ុន្តែបងមិនសូវបានទទួលទូរស័ព្ទអូនទេ ដោយសាររវល់។

ថ្ងៃមួយបងមានប្រជុំនៅភ្នំពេញ អូនសប្បាយចិត្តណាស់ព្រោះគិតថាយើងនឹងបានជួបគ្នាមិនខាន តែដោយសារតែបងធ្វើដំណើរតាមឡានច្រើនម៉ោងពេក បងមានអារម្មណ៍អស់កំលាំងខ្លាំង ហើយបងត្រូវត្រៀមដើម្បីប្រជុំ និងធ្វើកិច្ចការជាច្រើនទៀត ទើបបងមិនបានទទួលទូរស័ព្ទ ឬជួបអូនទេ ថ្ងៃនោះបងធ្វើការរហូតដល់ម៉ោង៤ទៀបភ្លឺ។

នៅថ្ងៃបន្ទាប់ ក្រោយពីចេញពីប្រជុំអូនបានខលមកបង ដោយអន់ចិត្ត និងយំយ៉ាងខ្លាំង យើងនិយាយគ្នាយ៉ាងគំរោះគំរើយ បន្ទាប់មកយើងក៏ឈានដល់ការឈ្លោះគ្នា និងនិយាយពាក្យបែកគ្នា។ បងដឹងថាអូនមិនបានហត់នឿយនឹងបងនោះទេ តែគ្រាន់តែចង់បានការយកចិត្តទុកដាក់ និងចង់ដឹងសុខទុក្ខមនុស្សដែលខ្លួនស្រលាញ់តែប៉ុណ្ណោះ។

ក្រោយពេលបែកគ្នាមិនយូរប៉ុន្មាន បងក៏មានអ្នកថ្មី តែអូននៅតែរក្សាក្ដីស្រលាញ់របស់អូនចំពោះបងជានិច្ច ទោះបីជាមានបុរសជាច្រើនតាមចែចង់ និងស្ដីដណ្ដឹងអូន ក៏អូនប្រកែកហើយរង់ចាំបង។ មួយឆ្នាំកន្លងផុតទៅ នៅពាក់កណ្ដាលខែឧសភា (ថ្ងៃទី១៥) បងបានសុំបែកពីអ្នកថ្មីហើ យសុំអូនត្រូវគ្នាវិញ។

អូនត្រេកអរណាស់ អូនឆ្លើយដោយមិនស្ទាក់ស្ទើរក្នុងចិត្ត។ ខែបន្ទាប់នៅថ្ងៃទី៥ (ថ្ងៃខួបកំណើតអូន) យើងបានជួបគ្នា ហើយបងបានលួចមើលទូរស័ព្ទរបស់អូន។ ពេលនោះ បងក្កុកក្ដួលក្នុងចិត្តណាស់.....អូនកំពុងតែមានបុរសល្អម្នាក់ តាមស្រលាញ់អូន ហ៊ានធ្វើរឿងជាច្រើនសម្រាប់អូន គាត់បានទៅជួបគ្រួសារអូន ខ្វល់ខ្វាយពីអូនគ្រប់ជំហាន ខលសួរសុខទុក្ខអូនរាល់ថ្ងៃតាមទូរស័ព្ទ និងហ្វេសប៊ុក។

គេមានអាជីវកម្មល្អ មានគំនិតរកស៊ី មានភាពច្បាស់លាស់ជាមួយអូន សុំចូលស្ដីដណ្ដឹងអូន (តែអូនមិនទាន់ទទួល ដោយសារចង់មើលចិត្តគេឱ្យច្បាស់សិន តែអូនបានបដិសេធគេ ព្រោះបងវិលត្រលប់) គេយកចិត្តទុកដាក់ចំពោះប្អូនស្រីអូន គេផ្ញើកាដូថ្ងៃខួបកំណើតឱ្យប្អូនស្រីអូន ម្ដាយអូនក៏ពេញចិត្តចំពោះគេ ព្រោះឃើញទង្វើល្អរបស់គេដាក់កូនស្រីគាត់។ មិនដូចបង ព្រោះបងធ្លាប់ធ្វើឱ្យអូនឈឺចាប់។

101839404_657959084757562_8666940015622272798_o

បងដឹងថាអូននៅតែស្រលាញ់បង តែអូនក៏មានអារម្មណ៍ល្អ និងកូនចិត្តចំពោះគេ ហើយពេលវេលាកន្លងទៅ គឺអូនរង់ចាំការវិលត្រលប់របស់បង។ បងតែងតែនៅពាំងផ្លូវរបស់អូន មិនអាចឱ្យអូនទៅមុខ ឬទៅក្រោយរួច។

បងអាត្មានិយមណាស់ បងមិនអាចឈរលើក្ដីស្រលាញ់របស់ខ្លួនឯងបាន ព្រោះបងឃើញគេល្អជាងបង គេប្រសើរជាងបង គេអាចផ្តល់ការយកចិត្តទុកដាក់ចំពោះអូន និងគ្រួសារអូនជាងបង។ បងបានសម្រេចចិត្តសុំអូនបែកគ្នាជាលើកទី២ តែ២០ថ្ងៃប៉ុណ្ណោះក្រោយពេលយើងត្រូវគ្នាវិញ។ អូនអង្វរបង អូនឈឺចាប់ណាស់ ឈឺចាប់ជាងការបែកគ្នាលើកមុនទៀត ប៉ុន្ដែបងធ្វើមិនលឺ បងនៅតែទទូចសុំអូនបែកគ្នា។

បងចង់ប្រាប់អូនថា បងឈឺចាប់ណាស់ ដែលបងនិយាយពាក្យបែកទៅកាន់អូន ហើយបងរឹតតែមិនអាចឃើញខ្លួនឯងបំផ្លាញអនាគតអូនដែលអាចនឹងប្រសើរជាងការរស់នៅជាមួយបង។

បងអរគុណគ្រប់យ៉ាងដែលអូនមានចំពោះបង ក្ដីស្រលាញ់ដ៏ស្មោះត្រង់ ការយកចិត្តទុកដាក់អស់ពីចិត្ត និងការលះបង់ដ៏ច្រើនលើសលប់សំរាប់ក្ដីស្រលាញ់មួយនេះ។ បងសូមទោសចំពោះអូន ក្រុមគ្រួសារអូន និងមិត្តភក្ដិរបស់អូន ដែលបងសម្រេចចិត្តដើរចេញពីជីវិតអូន។

ប្រសិនបើអូនមានសុភមង្គល នោះគឺជាសេចក្ដីសុខរបស់បង តែបើអូនរស់នៅដោយមិនមានសុភមង្គលនោះទេ វាគឺជាការឈឺចាប់ធំបំផុតរបស់បង ដែលបងបានសម្រេចចិត្តបែបនេះ៕

1055213a F226 11e8 Bbe8 Afaa0960a632_1280x720_103033

ពីប្រិយមិត្ត៖ កវីលាក់ស្នេហ៍-ប្រលោមលោក