អាជ្ញាធរជាតិអប្សរា៖ រកឃើញបំណែកព្រះពុទ្ធបដិមា ១០៥ និងពិធីយោងបំណែកចេញពីរណ្តៅ នៅប្រាសាទអង្គរវត្ត

សៀមរាប៖ ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរជាតិអប្សរា ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

តាមការបញ្ជាក់របស់ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បដិមា ១ អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម ព្រោះគេបានស្គាល់ច្បាស់ថា បំណែកព្រះពុទ្ធបដិមាទាំងអស់ មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។

បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា១ រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ៕

Screen Shot 2020 05 22 At 11.25.02 AM

99291048_1483906958482894_2211574936697307136_o

ប្រភព៖ អាជ្ញាធរជាតិអប្សរា