ទឹកដូងមានតម្លៃថោក និងងាយរកមែនទែន ក្នុងការ យកមកទទួលទាន តែនៅក្នុងនោះយើងក៏អាចយកមកធ្វើជាគ្រឿងថែទាំសម្រស់ផ្ទៃមុខ និងសរសៃសក់បានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្រ្តបែបងាយៗសាមញ្ញដូចជា៖
១. ផ្ទៃមុខក្មេងជាងវ័យ
ការទទួលទានទឹកដូងខ្ចីអាចជួយធ្វើឱ្យស្បែករលោងស្រស់ថ្លា និងបណ្តេញជាតិពុលចេញពីរាងកាយ។ បន្ថែមពីនេះអ្នកគ្រាន់តែយកទឹកដូងខ្ចីមកជូត ឬលុបលាងមុខជាប្រចាំក៏អាចស្អាតបានមួយកម្រិតទៀតផងដែរ ថែមទាំងធ្វើឱ្យផ្ទៃមុខ ទន់ រលោង និងម៉ដ្ឋខៃ។
២. ការពារស្បែកស្ងួត
សម្រាប់ស្បែកមុខដែលមើលទៅមានសភាពស្ងួតពីធម្មជាតិ ឬស្ងួតដោយសារ អាកាសធាតុ ទឹកដូងខ្ចី គឺជាផលិតផលផ្តល់ដំណើមមួយប្រភេទដ៏មានប្រសិទ្ធភាព។ ដោយគ្រាន់តែយកដុំសម្លីជ្រលក់ទឹកដូងខ្ចីមកជូត ឬលាបលើផ្ទៃមុខជាប្រចាំ នឹងអស់បញ្ហាស្បែកស្ងួតជាមិនខាន។
៣.ទឹកជូតសម្អាតផ្ទៃមុខ
ទឹកដូងខ្ចីអាចកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងប្រសើរ ធ្វើឱ្យមុខភ្លឺរលោង មានសំណើម មានសភាពស្រស់ស្អាត ថែមទាំងអាចយកមកប្រើប្រាស់ជំនួសផលិតផលជូតសម្អាតគ្រឿងសម្អាងពីផ្ទៃមុខផងដែរ។ ដោយគ្រាន់តែលាយទឹកក្រូចឆ្មារ ប៉ុន្មានដំណក់ចូលទៅក្នុងទឹកដូងក្នុងបរិមាណសមល្មមសម្រាប់ជូតសម្អាតផ្ទៃមុខ។
៤. ព្យាបាលសើស្បែក
គ្រាន់តែលាបទឹកដូងខ្ចីលើស្បែកដែលមានបញ្ហា ឬវិធីម្យ៉ាងទៀត អ្នកអាចលាយទឹកដូងនៅក្នុងទឹកមួយធុង សម្រាប់ងូតទឹកជាប្រចាំត្រឹមតែ ២ ទៅ ៣ថ្ងៃជាការស្រេច។ វិធីនេះអាចជួយប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីផ្សេងៗបានយ៉ាងល្អ ថែមទាំងអាចធ្វើឱ្យបញ្ហាមុខរបួសសើស្បែកឆាប់ជាសះស្បើយ។
៥. ការពារការកើតមុន និងប្រឆាំងនឹងស្នាមជ្រួញ
គ្រាន់តែលាប ឬយកដុំសម្លីជូតទឹកដូងខ្ចីឱ្យសព្វផ្ទៃមុខរាល់យប់មុនពេលចូលគេង ហើយចាំលាងទឹកចេញពេលព្រឹកជាប្រចាំ ឬជារៀងរាល់ថ្ងៃនោះ អាចជួយដល់បញ្ហាស្បែកបានច្រើនប្រភេទ ដូចជា៖ បំបាត់ស្នាមមុខច្រើនប្រភេទដូចជា៖ ស្នាមមុន ស្នាមខ្មៅ ជាំ អុចផ្សេងៗ និងស្នាមចាស់ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ បន្ថែមពីនេះ វាថែមទាំងអាចជួយការពារផ្ទៃមុខពីការកើតមុន ព្រមទាំងធ្វើឱ្យផ្ទៃមុខភ្លឺ រលោង និងមានភាពស្រស់ថ្លាក្មេងខ្ចីជាងវ័យទៀតផង។
៦.ស្បែកមុខឡើងប្រេង/ខ្លាញ់
គ្រាន់តែឧស្សាហ៍លុបលាងមុខ ឬជូតមុខដោយប្រើទឹកដូងខ្ចី អាចជួយកាត់បន្ថយជាតិប្រេងលើផ្ទៃមុខបានយ៉ាងល្អ ថែមទាំងធ្វើឱ្យផ្ទៃមុខភ្លឺ រលោង និងមានសភាពស្រស់ស្អាតផងដែរ៕