ភ្នំពេញ៖ ព្រួយបារម្ភអត់ការងារធ្វើក្រោយពេលរៀនចប់ ជាកង្វល់ធំបំផុតរបស់យុវជនមួយចំនួនកំពុងសិក្សានៅសាកលវិទ្យាល័យនាពេលបបច្ចុប្បន្ន។ កង្វល់នេះបានក្លាយជាបញ្ហាលងបន្លាចអារម្មណ៍យុវជន គួបផ្សំនឹងសង្គមការងារកាន់តែត្រូវការបុគ្គលិកមានសមត្ថភាព បទពិសោធន៍ និងការប្រកួតប្រជែងខ្លាំងលើជំនាញនីមួយៗ។ តើធ្វើដូចម្ដេច ទើបយុវជនអាចទទួលបានការងារក្រោយពេលបញ្ចប់ការសិក្សា?
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានចែករំលែកគន្លឹះសំខាន់ៗមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ទន្ទឹមនឹងពេលវេលាសិក្សានៅសាកលវិទ្យាល័យ យុវជនគួរត្រៀមខ្លួនធ្វើការឱ្យរួចជាស្រេច ដោយសាកល្បងធ្វើការងារសមស្របណាមួយ ដើម្បីទទួលបានបទពិសោធពីការងារ។
បណ្ឌិត តាន់ មុនីវណ្ណ
“ខ្ញុំគិតថានិស្សិតគួរស្វែងរកការងារធ្វើចាប់ពីឆ្នាំទីពីរឡើងទៅ ហើយកុំសូវខ្វល់ថា ការងារនោះត្រូវជំនាញដែលយើងរៀន ប៉ុន្តែបើការងារណាចំជំនាញដែលយើងកំពុងរៀនក៏កាន់តែល្អ។ សិស្ស-និស្សិតគួរចូលរួមសកម្មភាពការងារស្ម័គ្រចិត្ត ឬការងារក្រៅម៉ោង ដើម្បីទទួលបានបទពិសោធ ហើយយកការលំបាកដែលទទួលបានពីការងារទាំងនោះ ទុកប្រើការនៅពេលដែលយើងរៀនចប់… យើងក្លាយជាបុគ្គលិកម្នាក់ដែលមានបទពិសោធស្រាប់”
លោកបណ្ឌិត តាន់ មុនីវណ្ណ
ទន្ទឹមគ្នានេះ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបន្តថា រៀបចំសរសេរប្រវត្តិរូបសង្ខេប (CV) ស្វែងរកការងារបានត្រឹមត្រូវជាបំណិនសំខាន់ដែលយុវជនមិនត្រូវមើលរំលង។ ប្រវត្តិរូបសង្ខេបត្រូវសរសេរតាមលំដាប់លំដោយក្បួនខ្នាត ហើយសំណេរត្រូវសាកសមនឹងសមត្ថភាពរបស់ខ្លួន។
“ត្រៀមខ្លួនឱ្យបានល្អមុនទៅសម្ភាស… ជាសិស្ស-និសិ្សតនៅក្មេងនរណាក៏ភ័យ ព្រោះបារម្ភខ្លាចធ្លាក់ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតាំងអាម្មណ៍កុំឱ្យភ័យ ត្រូវជឿជាក់ទៅលើខ្លួនឯងថា យើងទៅត្រូវធ្វើការងារនេះធ្វើឱ្យបាន”
បណ្ឌិត តាន់ មុនីវណ្ណ។
ឯកឧត្តមបានបន្តទៀតថា នៅពេលសម្ភាសការងារយុវជនត្រូវរៀបចំឥរិយាបថឱ្យបានល្អ បង្ហាញពីភាពស្មោះត្រង់ ភាពក្លាហាន ទឹកចិត្តក្នុងពេលបំពេញការងារ សម្លៀកបំពាក់សមរម្យ និងត្រៀមសំណួរ-ចម្លើយផ្ទាល់ខ្លួនទុកជាមុន។
គួរបញ្ជាក់ថា ការត្រៀមខ្លួនទុកជាមុនក្នុងការងារ ជាចំណុចខ្លាំងដែលនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមិនគួរមើលរំលង។ ការត្រៀមខ្លួនទុកជាមុននេះ រមែងជោគជ័យជានិច្ច ដូចពុំនោលមួយរបស់អ្នកប្រាជ្ញាចិន ខុង ជឺ បាននិយាយថា៖
“ជ័យជម្នះកើតឡើងបាន អាស្រ័យលើការត្រៀមលក្ខណៈទុកជាមុន បើមិនបានត្រៀមទុកជាមុននោះទេ ច្បាស់ជាជួបបរាជ័យពិតប្រាកដណាស់”
អ្នកប្រាជ្ញាចិន ខុង ជឺ