នៅក្នុងវេទិការបំណិតជីវិតដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានលើកឡើងវិធីសាស្រ្ត៤ចំណុចជួយដល់អ្នកញៀនគ្រឿងស្រវឹង។ វិធីសាស្រ្តនេះ គឺលើកឡើងដើម្បីជាដំណោះស្រាយដល់សិស្សស្រីម្នាក់ដែលមានម្ដាយញៀនស្រាក្រោយឪពុកបានស្លាប់ចោល។ ដោយសារក្ដីបារម្ភចំពោះសុខភាពម្ដាយ ធ្វើឱ្យប្អូនស្រីពិបាកចិត្ត គិតច្រើនលើបញ្ហានេះ ដែលនាំឱ្យការសិក្សាមិនសូវទទួលបានលទ្ធផលល្អប្រសើរ ។
ឆ្លើយតបនឹងបញ្ហានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ថា ម្ដាយរបស់ប្អូនស្រីដែលញៀនស្រា គឺគាត់បានក្លាយទៅជាជនរងគ្រោះដោយសារគ្រឿងស្រវឹង។ ហេតុនេះ សូមប្អូនៗជាកូនៗកុំបន្ទោសគាត់ ហើយប្អូនៗគ្មានសមត្ថភាពកែគាត់បានទេ ក៏ប៉ុន្តែពិតជាមានវិធីដែលអាចដោះស្រាយបាន។ «ប្រសិនបើចង់កែមនុស្សម្នាក់ទាល់តែប្អូនជាមនុស្សម្នាក់ដែលមានឥទ្ធិពលជាងគាត់ គ្មានបុគ្គលណាដែលយើងមានឥទ្ធិពលតិចជាងគាត់យើងទៅនិយាយកឬមនុស្សដែលមានឥទ្ធិពលជាងយើងទេ»។
អគនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បញ្ជាក់បន្ថែមថា ចំពោះវិធីសាស្រ្តដែលអាចជួយម្ដាយ ឬឪពុកដែលក្លាយជាអ្នកញៀនគ្រឿងស្រវឹង ចាំបាច់ត្រូវតែចូលរួមសហការជាមួយសមាជិកគ្រួសារដែលមានភាពចាស់ទុំជាងគេ ដូចជាបងប្រុស ឬបងស្រីនៅក្នុងគ្រួសារ។ ការអនុវត្តរួមមាន៖
ទី១. ផ្ដាច់ហិរញ្ញវត្ថុចំនួនណាមួយ ផ្ដាច់លុយតែទិញអាហារឱ្យគាត់តែសូមកុំឱ្យលុយ ព្រោះគាត់អាចយកលុយនោះទៅទិញស្រា។
ទី២. បបួលឪពុកម្ដាយដើរលេង ព្រោះមនុស្សមិនចេញពីកន្លែងមិនដូរការគិតទេ មនុស្សខ្លះប្ដូរការគិតនៅពេលខ្លួនឯងចេញពីតំបន់សុខស្រួល (Comfort Zoon)។ ដូច្នេះ ប្អូនបបួលគាត់ទៅលេងសមុទ្រ បបួលគាត់ទៅលេងភ្នំពេញ បបួលគាត់សៀមរាប ដើម្បីលើកទឹកចិត្តគាត់ ព្រោះគាត់ខូចចិត្តហើយ ។
ទី៣. យកឪពុកម្ដាយទៅពេទ្យពិនិត្យ ហើយសហការជាមួយគ្រូពេទ្យប្រាប់ថា ដោយសារផឹកស្រាច្រើនពេកថ្លើមជិតខូចអាចគ្រោះថ្នាក់ដល់ជីវិត។ ប្រសិនបើពេទ្យប្រាប់គាត់អាចនឹងស្ដាប់ ព្រោះពេទ្យគេនឹងមានមធ្យោបាយ។
ទី៤. ពេទ្យសរសៃប្រសាទ ក៏ពូកែដែរគេអាចពន្យល់ឪពុកម្ដាយប្អូនអ្នកញៀនស្រាឱ្យឈប់ផឹកស្រាបាន។
បើតាមលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្អូនៗជាកូនៗក្នុងវ័យសិក្សាបែបនេះ មិនអាចកែឪពុកម្ដាយឱ្យឈប់ផឹកស្រាបានទេ ហេតុនិងផលវាបានកើតប្អូនត្រូវតែទទួលយក ហើយចាប់ផ្ដើមរកដំណោះស្រាយ និងអនុវត្តវិធីសាស្រ្តខាងលើតាមរយៈការសហការជាមួយបងប្អូនក្នុងក្រុមគ្រួសារលើកទឹកចិត្តឪពុកម្ដាយឱ្យឈប់ផឹកស្រា៕