តើហេតុអ្វីបានជាពួកនាងរកសង្សារមិនបាន? ថ្ងៃនេះខ្ញុំចង់លើកយករឿងរ៉ាវក្នុងប្រទេសចិនខ្លះៗមកនិយាយ។
នៅក្នុងសង្គមចិនបច្ចប្បុន្នគេអាចយកគ្នាជាសង្សារ ហើយនៅជាមួយគ្នាដូចប្តីប្រពន្ធ ហើយខាងប្រុសជាអ្នកចិញ្ចឹម ចេញថ្លៃជួលផ្ទះ ទឹក ភ្លើង ម្ហូប គ្រឿងតែងខ្លួន ការ Shopping របស់ខាងស្រីទាំងអស់ ហើយប្រាក់ខែរបស់ខាងប្រុស ក៏ត្រូវប្រគល់ឱ្យខាងស្រីជាអ្នកកាន់ ប៉ះស្រីខ្លះអាត្មានិយម សូម្បីឪពុកម្តាយខាងប្រុសឈឺ ក៏នាងមិនដកលុយឱ្យទៅពេទ្យដែរ។
ពេលនិយាយដល់រឿងរៀបការ គេនឹងនិយាយដល់រឿងថ្លៃទឹកដោះកប់ពពក ទិញផ្ទះបង់រំលស់ដំបូង និងថ្លៃជួសជុលតម្រូវឱ្យម្តាយខាងប្រុសជាអ្នកស្វែងរកលុយមកបង់ ហើយដាក់ឈ្មោះខាងស្រីទៀត ឪពុកម្តាយខាងប្រុសត្រូវលក់ផ្ទះចាស់របស់ខ្លួន និងលុយសម្រាប់ចូលនិវត្តរបស់ខ្លួន ដើម្បីតែកូនប្រុសមានប្រពន្ធនឹងគេ។
និយាយរួម ក៏ព្រោះតែពាក្យលើកទឹកចិត្តនៅក្នុងប្រព័ន្ធបណ្តាញសង្គម ដែលគេឱ្យឈ្មោះថា《ស៊ុបមាន់ថ្នាំពុល 毒鸡汤》គេនិយាយថា ៖ " ពេលស្រឡាញ់គ្នា គឺត្រូវតែមើលថែនាង ស្រឡាញ់នាងឱ្យដូចជាព្រះនាង។
ត្រូវទ្រាំនឹងការរករឿងឥតហេតុផលទាំងអស់របស់នាង។ អ្នកត្រូវតែទិញរបស់ដែលល្អបំផុតឱ្យនាង ទើបអាចបញ្ជាក់ពីការស្រឡាញ់របស់អ្នកចំពោះនាង។ ការតុបតែងខ្លួនរបស់នាង ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អ្នក។
បុណ្យសង្សារ បុណ្យខួបកំណើត Anniversary បុណ្យអីក៏ដោយក៏ត្រូវតែឆ្លង មានបាច់ផ្កា មានកាដូ ក្រែម ទឹកអប់ កាបូបមួយណាក៏មិនអាចខ្វះបានដែរ។
ពេលគេនិយាយពាក្យទាំងនេះ ស្តាប់ទៅដូចជាមិនមានបញ្ហាអ្វីទេ! ប៉ុន្តែធាតុពិតនៅពីក្រោយខ្នងពាក្យទាំងអស់នេះ គឺជាការបញ្ចុះបញ្ចូលឱ្យអ្នកចំណាយលុយ (ជាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន) រឹតតែពិសពុលជាងនេះទៀតគេនិយាយថា ៖ មនុស្សប្រុសដែលមិនចេះលួងមនុស្សស្រី គឺជាមនុស្សប្រុសដែលកើតមហារីកពោះវៀន។ មនុស្សប្រុសមានកម្ពស់ទាបជាង 170 គឺពិការភាពខួរក្បាល។ រកដៃគូគឺត្រូវតែរក អ្នកមាន សង្ហា កម្ពស់ខ្ពស់ មានឡាន មានផ្ទះ មានលុយតម្កល់ក្នុងកុងធនាគារ។ ប្រសិនបើសង្សារអ្នកមិនហ៊ានជូនកាដូថ្លៃឱ្យអ្នក មិនហ៊ានចំណាយលើអ្នក បានន័យថា គេមិនស្រឡាញ់អ្នកទេ។ បើគិតតែសន្សំលុយ ថ្ងៃណាមួយគេនឹងទាត់អ្នកចោល អ្នកនឹងខាតបង់ទាំងអស់។
ក្រោយពីចេញទ្រឹស្តីបែបនេះមក ប៉ុន្មានឆ្នាំនេះ មានស្រីៗក្មេងៗជាច្រើននាក់បានលង់ជឿ ងប់ ហើយស្តង់ដានៃការរើសសង្សារក៏កាន់តែខ្ពស់ទៅៗ។ អ្នកខ្លះខ្លួនឯងកម្ពស់ 150 តែបើមិនបាន 180 មិនរៀបការ។ អ្នកខ្លះខ្លួនឯងការងារប្រាក់ខែទាប តែចង់ឱ្យខាងប្រុសមានប្រាក់ខែខ្ពស់ ខ្លួនឯងមិនមែនជាខ្សែរាជវង្សទេ តែមានជំងឺព្រះនាងពេញខ្លួន។
ឋិតក្នុងបរិយាកាសបែបនេះ ទោះបីជាមនុស្សប្រុសខិតខំប្រឹងអស់លទ្ធភាពយ៉ាងណាក៏ដោយ ក៏មិនអាចបំពេញតម្រូវការមនុស្សស្រីបានឡើយ។ មនុស្សស្រីក្មេងៗស្អាតៗជាច្រើនក៏ចាប់ផ្តើមនិយាយថា ខ្ញុំប្រកែកជាមួយគេអស់ច្រើនយ៉ាងនេះហើយ បើមិនបានដូចបំណង សុខចិត្តនៅ Single ទៀតចុះប្រសើរជាង។ មនុស្សស្រីខ្លះចាប់ផ្តើមរើសអើង រិះគន់មិត្តប្រុសខ្លួនឯង មួយថ្ងៃៗមើលតែគេបង្ហោះស្វីតៗ ក៏ចាប់ផ្តើមអន់ចិត្ត តូចចិត្ត ច្រណែន ហេតុអ្វីសង្សារគេល្អយ៉ាងនេះ? ឯសង្សារខ្ញុំជាមនុស្សអត់បានការ ខ្លះក៏លែងលះគ្នាក៏មាន។
ហើយនៅគិតថាប្តីក្នុងបណ្តាញសង្គមល្អ មើលគេម្ងៃៗអួតឡាន អួតនាឡិកា គេមានមន្តស្នេហ៍ទាក់ទាញ គេខ្ចីលុយក៏ហ៊ានឱ្យដែរ ដល់ចុងក្រោយលុយក៏បង់ ថង់ក៏ដាច់។
ជីវិតដែលគួរតែសាមញ្ញសុខស្រួល បែរជាត្រូវនាងរករឿងខាំគ្នាដូចឆ្កែដូចឆ្មា។ គ្រោះថ្នាក់ធំបំផុតនៃ 《ស៊ុបមាន់ពុល》ទាំងនោះគឺ ធ្វើឱ្យអ្នកលង់នឹងភាពហាយសូ ងប់នឹងការចំណាយ។
ថៅកែម្ចាស់ផលិតផលនិយាយប្រាប់អ្នកថា ៖ លើលោកនេះអត់មានមនុស្សស្រីអាក្រក់ទេ មានតែមនុស្សស្រីខ្ជិល ចូលរួមកម្មវិធីផ្សេងគ្នា ត្រូវជ្រើសរើសពណ៌ក្រែមផ្សេងគ្នា។
ថៅកែហាងកាបូបប្រេន គេនិយាយថា ៖ កាបូបប្រេន គឺជាមុខមាត់ទី2របស់មនុស្សស្រីយើង គឺជា Name Card។
និយាយរួមទៅគឺ គេលើកទូលអ្នកឱ្យឡើងខ្ពស់បំផុត ដាស់អារម្មណ៍អ្នកឱ្យស្ម័គ្រចិត្តស្ម័គ្រកាយហ៊ានចំណាយទៅលើសម្ភារៈនិយម ទាំងខ្លួនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ព្រោះតែការចង់បានមុខមាត់។ អ្នកអត់លុយមែនទេ មិនអីទេ អាចបង់រំលស់បាន ជំពាក់ Credit Card បាន បើស៊យប៉ះចំ《អ្នកចងការប្រាក់ត្រីឆ្លាម》ទៀត គឺបូមប្រាក់ពីក្នុងហោប៉ៅរបស់អ្នកទាល់តែអស់រលីងពីខ្លួន។
កន្លែងនេះខ្ញុំចង់រំឭកដាស់សតិស្រីៗថា ៖ សូមកុំលង់ជឿងប់នឹងទ្រឹស្តីក្នុងបណ្តាញសង្គមខ្លាំងពេក អ្នកគិតមើលមើល នៅពេលដែលអ្នកអស់លុយពីខ្លួន ហើយជំពាក់បំណុលគេរុំខ្លួន ក្បែរខ្លួនគ្មានអ្នកមើលថែ តែអ្នកគិតយ៉ាងណា?
នៅលើលោកនេះ អត់មានដៃគូដែលល្អឥតខ្ចោះទេ រកអ្នកមានលុយទៅ គេគ្មានពេលនៅមើលថែគ្មានពេលទំនេរនៅផ្ទះ។ អត់លុយទៅ អ្នកប្រកាន់ថាគេមិនសក្តិសមនឹងអ្នក មិនគិតរកអនាគត។ ចង់បានអ្នករ៉ូមែនទិកទៅ អ្នកថាគេសាវា។ រកមនុស្សស្លូតទៅ អ្នកថាគេមនុស្សគល់ឈើ។
មនុស្សស្រីដែលឆ្លាត គេមិនយកស្តង់ដារមនុស្សប្រុសក្នុងបណ្តាញសង្គមមករើសប្តី មកប្រៀបធៀបមនុស្សប្រុសរបស់ខ្លួនឯងទេ។ យើងសុទ្ធតែជាមនុស្សពេញវ័យអស់ហើយ រស់នៅលើផែនដីនេះដោយភាពសាមញ្ញ ប្រឹងដោយដៃរបស់យើងខ្លួនឯង។
អ្នកចង់បានដៃគូល្អ អ្នកខ្លួនឯងក៏គួរតែចេះយល់ចិត្តគេ ហើយប្រឹងរកជាមួយគ្នាផង អភិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើនទាំងអស់គ្នាទៅ ស្បែកជើងធំ ឬតូច ជើងឈឺ ឬមិនឈឺ យើងខ្លួនឯងដឹងច្បាស់ជាងគេ។ កុំចេះតែមើលវីដេអូថ្នាំពុលច្រើនពេក រស់នៅក្នុងការពិត ដឹងពីសមត្ថភាពខ្លួនឯងដោយទទួលយកដោយរីករាយ តើខ្ញុំនិយាយត្រូវទេ???
សង្ឃឹមថាអត្ថបទនេះនឹងបានដាស់សតិក្មេងស្រីៗ ដែលខ្លួនឯងមិនមែនជាខ្សែររាជវង្សទេ តែតាំងខ្លួនជាព្រះនាង មានជំងឺព្រះនាងពេញខ្លួន។ បើអ្នកជាកូនអភិជនពិតជារឿងមួយផ្សេងទៀត។
បកប្រែ សុខ គឹមទៀវ / នាំមកជូនដោយ ៖ ផ្ទះជួល បន្ទប់ជួល KT by Kimtiev Sok