មិនថា មិត្តភាព ឬស្នេហា ទោះល្អយ៉ាងណា ស្រឡាញ់ខ្លាំងកម្រិតណា ក៏សុទ្ធតែមិនអាចមើលដឹងទៅថ្ងៃមុខ ល្អនឹងគ្នាសុខៗ ក៏អាចបែកគញនាបានដែរ អ្វីៗ សុទ្ធតែបានកំណត់ទុករួចទៅហើយ គ្រាន់តែយើងមិនអាចដឹងតែប៉ុណ្ណោះ។
យ៉ាងណាមិញ ហេតុផលនៃការបែកគ្នា គឺវាមានច្រើនខ្លាំងណាស់ អ្នកខ្លះបែករស់ អ្នកខ្លះបែកស្លាប់ អ្នកខ្លះទៀត បែកព្រោះតែការក្បត់ចិត្ត ក៏មានអ្នកខ្លះ បែកដោយសារតែគ្រោះសារជាអ្នកបំបែក។ ទោះជាយ៉ាងណាក៏ដោយ ការបែកព្រោះតែហេតុផលទាំងប៉ុន្មានខាងលើ មិនមែនជារឿងដែលឈឺចាប់ ឬស្ដាយក្រោយឡើយ ប៉ុន្តែ ប្រសិនបើអ្នកបណ្ដោយឱ្យទំនាក់ទំនងរបស់អ្នក បាក់បែក ដោយហេតុផលទាំង ៣ ខាងក្រោមនេះ អ្នកនឹងស្ដាយក្រោយមួយជីវិត ហើយក៏ចងចាំការឈឺចាប់មួយនេះ រហូតដល់ថ្ងៃអស់ដង្ហើម។
១. យល់ច្រឡំ មិនព្រមបកស្រាយ
វាក៏មានពិតមែន ទំនាក់ទំនងខ្លះ អាចជាមិត្ត ក៏អាចជាស្នេហា បែរជាត្រូវបែកគ្នាដោយគ្មានមូលហេតុ បែកដោយសារតែការយល់ច្រឡំ បែកព្រោះតែមិនព្រមបកស្រាយ ចេះតែគិតច្រើនតែម្ខាង ម្ខាងពូកែអន់ចិត្ត គិតច្រើន ហើយម្ខាងទៀតក៏មិនព្រមសួរនាំ មិនព្រមបកស្រាយ បានត្រឹមតែស្ងៀមស្ងាត់រៀងៗខ្លួន ចុងក្រោយ ក៏បណ្ដោយឱ្យទំនាក់ទំនងត្រូវបានបញ្ចប់ទៅទាំងមិនដឹងកំហុស ចប់ទាំងមិនដឹងមូលហេតុ ការបញ្ចប់ទាំងបែបនេះ ជឿថា មិនអស់ចិត្តទាំងសងខាង គ្រាន់តែមិននិយាយ មិនបញ្ចេញ សុខចិត្តលាក់ទុកទាំងឈឺចាប់។
២. ខ្លាំងរៀងខ្លួន
មនុស្សខ្លះ ស្រឡាញ់គ្នាណាស់ អ្នកខ្លះ ជាមិត្តនឹងគ្នារាប់ឆ្នាំ តែចុងក្រោយ ព្រោះតែចរិតខ្លាំងរៀងខ្លួន មិនព្រមចាញ់ មិនព្រមរណប សម្រប រហូតធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ទៅៗ ព្រោះតែប្រកាន់ជំហរ និងគិតថាខ្លួនត្រូវ យូរៗទៅ ក៏បែកគ្នា សួរថា ខ្លាំងបានអីមកវិញ ខ្លាំងហើយ បានត្រឹមតែធ្វើឱ្យទំនាក់ទំនងបែកបាក់ ខ្លាំងហើយធ្វើឱ្យឈ្លោះទាស់គ្នា តើវាសមតម្លៃដែរទេ? ស្រឡាញ់គ្នារាប់ឆ្នាំ រាប់អានគ្នាយូរហើយ តែព្រោះតែប្រកាន់ខ្លាំងពេក បែរជាធ្វើឱ្យបែកបាក់ បាត់បង់ ទំនាក់ទំនងដែលខំថែខំសន្សំ អារម្មណ៍ដែលខំផ្ដល់ឱ្យគ្នា វាប្រែជាគ្មានន័យ ព្រោះតែចរិតខ្លាំងនេះឯង។ មនុស្សដែលទុកអាត្មាខ្លួនសំខាន់ ជាងទំនាក់ទំនងដែលខំសាងមកជាយូរបែបហ្នឹង ច្បាស់ជាត្រូវរស់នៅឯកា និងស្ពាយកំហុស ព្រោះតែចរិតខ្លាំងរបស់ខ្លួន ចងចាំ និងសោកស្ដាយដល់ចាស់។
៣. បណ្ដោយឱ្យអ្នកទី ៣ ជ្រៀតជ្រែកបាន
ទំនាក់ទំនងខ្លះ មិនចេះដោះស្រាយតែពីរនាក់ទេ ចូលចិត្តតែបណ្ដោយឱ្យមានវត្តមានអ្នកទី ៣ ចូលមកជ្រៀតជ្រែក ... ជួនកាល បញ្ហាតែ ២ នាក់ តែបែរជាទៅសុំយោបល់ សុំគំនិតពីអ្នកដទៃ ការដែលធ្វើបែបហ្នឹង គឺងាយនឹងឱ្យទំនាក់ទំនងប្រេះឆាណាស់ ព្រោះអ្នកដទៃខ្លះ គេគ្មានគំនិតល្អ គ្មានបំណង ក៏មិនចង់ឃើញយើងបានដៃគូល្អឡើយ ដូច្នេះហើយ គេបន់ឱ្យតែយើងនេះឈ្លោះទាស់ មានបញ្ហាតែប៉ុណ្ណោះ ហើយបើយើងទៅសុំគំនិត ប្រឹក្សាជាមួយគេទៀតនោះ រឹតតែធ្វើឱ្យបញ្ហាកាន់តែរីកធំ នាំឱ្យបែកបាក់យ៉ាងងាយ។
បើអ្នកបណ្ដោយឱ្យអ្នកទី ៣ លូកដៃក្នុងរឿងទំនាក់ទំនងរបស់អ្នក មិនថាមិត្តភាព ឬស្នេហាទេ អ្នកគឺជាមនុស្សដែលល្ងង់បំផុត ហើយក៏អាចឱ្យអ្នកទី ៣ នោះសើចចំអក ឡកលើយ ពេលអ្នកបែកបាក់គ្នាផងដែរ ដូច្នេះ ទៅថ្ងៃមុខ អ្នកនឹងត្រូវឈឺចាប់ ដេកនឹកស្ដាយមិនខាន៕
អត្ថបទ ៖ លីម បញ្ញា / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក