អ្នកមាន មិនចូលចិត្តរាប់អានអ្នកក្រនោះឡើយ ព្រោះអ្នកក្រខ្លះ ក្រហើយខ្ជិល ក្រហើយឈ្លើយ ព្រហើន ខ្ជះខ្ជាយ

គ្រាន់តែឃើញឃ្លាដំបូងនេះភ្លាម គ្រប់គ្នាច្បាស់ជាគិតថា វាជាការប្រកាន់វណ្ណៈ គិតមានក្រជាមិនខាន។ តែទោះជាយ៉ាងណា យើងក្រឡេកមើលជាក់ស្ដែង ហើយអត្ថបទមួយនេះ គ្រាន់តែចង់និយាយដល់ចរិតអ្នកក្រមួយចំនួនតែប៉ុណ្ណោះ។

Cover Copy

អ្នកមាន មិនចូលចិត្តរាប់អានអ្នកក្រ

មិនមែនប្រកាន់វណ្ណៈ មិនមែនផ្តោតលើមាសប្រាក់ លុយកាក់ជាធំនោះឡើយ។ ប៉ុន្តែ ការដែលនិយាយថា អ្នកមានមិនចូលចិត្តរាប់អានអ្នកក្រ ក៏ព្រោះតែហេតុផលប៉ុន្មានចំណុចខាងក្រោមនេះហើយ ៖

- អ្នកក្រភាគច្រើន ចូលចិត្តគិតអ្វីដែលអវិជ្ជមាន នឹកឃើញតែរឿងមិនល្អ ហើយតែងតែគិតតែលើមានក្រៗ និយាយតែពាក្យហ្នឹង ដូច្នេះហើយ អ្នកមានពិតប្រាកដ គេមិនមានពេលគិតរឿងមានក្រនេះឡើយ។ ម្យ៉ាងវិញទៀត ភាពអវិជ្ជមានដែលអ្នកក្រមួយចំនួនបានគិត វាពិតជាមានផលមិនល្អចំពោះមនុស្សគំនិតមនុស្សក្បែរខ្លួន ដូច្នេះហើយ អ្នកមាន មិនមានពេលឯណា មកស្ដាប់គំនិតអវិជ្ជមាននោះឡើយ រឹតតែមិនចង់នៅក្បែរ ព្រោះតែមិនចង់ឱ្យគំនិតអវិជ្ជមានជះឥទ្ធិពលដល់ពួកគេ។

- អ្នកក្រភាគច្រើន ចូលចិត្តរអ៊ូរទាំ ត្អូញត្អែរ មិនគិតខំប្រឹងនោះទេ ខុសពីអ្នកមាន នៅពេលដែលគេបរាជ័យ គេបែរជាត្រូវក្រោកឈរ ហើយខំប្រឹងបន្ថែុមទៀត។ នៅពេលដែលគេលំបាក គេរឹតតែត្រូវរឹងមាំ មិនមែនអង្គុយតែត្អូញត្អែរនោះឡើយ។

Bf00b3fa15d1db1a8f0bfb50010a0124

- អ្នកក្រមួយចំនួន ចូលចិត្តដេកស្រមើស្រមៃ និងរង់ចាំឱកាស រង់ចាំសំណាង ផ្ទុយពីអ្នកមាន គេមិនដឹកចាំសំណាងទេ តែគេបែរជាខំប្រឹងពឹងលើខ្លួនឯង បង្កើតឱកាសដោយខ្លួនឯង មិនចាំ មិនរំពឹងអ្វីទាំងអស់។

- អ្នកក្រភាគច្រើន ​មានលុយប៉ុនណា ចាយប៉ុណ្ណឹង មិនចេះទុកដាក់ មិនចេះសន្សំសំចៃ គិតថា ចាយអស់ រកទៀត។ ផ្ទុយពីអ្នកមាន មុនចាយគេគិត គិតហើយ គេដលចំណែកទុក ចេះទប់ចំណង់ មិនចាយតាមតែអារម្មណ៍ចង់បាននោះឡើយ គេបែងចែករវាងរបស់ដែលចាំបាច់ និងរបស់ដែលចង់បាន។

- អ្នកក្រភាគច្រើន ចង់បានមុខមាត់ ​​បើបានស៊ីផឹក សប្បាយ រមែងភ្លេចខ្លួន ខុសពីអ្នកមាន មុនស៊ីមុនចាយ គេគិតថាគួរ ឬមិនគួរ ហើយលុយដែលគេចាយទៅ ត្រូវតែមានផលចំណេញត្រឡប់មកវិញ។

- អ្នកក្រភាគច្រើន ពេលជីវិតជួបបញ្ហា ការលំបាក ចូលចិត្តតែបន្ទោសទេវតា បន្ទោសព្រហ្មលិខិត បន្ទោសអ្នកដទៃ តែមិនព្រមក្រឡេកមើលចំណុចខុសឆ្គងរបស់ខ្លួនឯងឡើយ។ ខុសពីអ្នកមាន មិនបន្ទោសអ្នកណាឡើយ គេមានតែព្យាយាមរកចម្លើយដោយវិជ្ជមាន ហើយកែប្រែឱ្យបានល្អ។

- អ្នកក្រភាគច្រើនចូលចិត្តប្រើលេស ដោះសារ អ្នកមានគេប្រើគំនិត និងហេតុផល ដើម្បីប្រឈមមុខដោះស្រាយ។

36d420ccf748b37a078b62d6469c4ab7

- អ្នកក្រមួយចំនួន ពេលខ្វះខាត ពឹងគេ ខ្ចីគេមិនបាន តែងនិយាយថា ខ្លួនក្រ ខ្លួនអត់ចឹងហើយ គេមើលងាយ តែងតែខឹងនឹងគេមិនជួយ។ អ្នកមាន ពឹងគេមិនបាន គេយល់ គេដឹង មិនថាយ៉ាងណា ក៏មិនខឹងគេដែរ ធ្វើម៉េច គេមានហេតុផល គេមានសិទ្ធ ជួយ ឬ​មិនជួយ យើងមិនអាចខឹងគេបានទេ។

​- អ្នកក្រមួយចំនួន ប្រកាន់ច្រើនណាស់ ក្រហើយ ចិត្តទៀត ក្រហើយ ព្រហើនទៀត ក្រហើយ ឈ្លើយ ក្អេងក្អាងទៀត​...។

នេះគឺជារឿងដែលយើងឃើញច្រើននៅក្នុងសង្គមមួយនេះ មិនមែនប្រកាន់វណ្ណៈ មានក្រនោះឡើយ ហើយក៏គ្មានអ្នកណាគេមើលងាយអ្នកក្រដែរ បើយើងក្រហើយថ្លៃថ្នូរ បើយើងក្រហើយមានសីលធម៌ ក៏គ្មានអ្នកណាគេមកជាន់យើងបានដែរ ប៉ុន្តែមនុស្សខ្លះ ក្រទេ​ តែអំនួតខ្លាំង ក្រមិនគួរឱ្យអាណិត។

គេមិនស្អប់ មិនប្រកាន់អ្នកក្រ អ្នកខ្សត់នោះឡើយ តែគេស្អប់អ្នកខ្លះក្រហើយ អត់គំនិត ក្រហើយមិនចេះខំប្រឹង ក្រហើយ ខ្ជិល ដឹងហើយថាខ្លួនក្រ តែមិនចេះទុកដាក់ ​ចេះតែបំផ្លាញ ខ្ជះខ្ជាយ មិនព្រមខំប្រឹងទាល់តែសោះ ព្រោះតែហេតុនេះហើយ ទើបអ្នកមាន គេមិនចង់រាប់អានអ្នកក្រ។

អ្នកមាន គេចូលចិត្តរាប់អានអ្នកមាន ​ដូចគ្នា ឬអ្នកមានជាងខ្លួនគេ ដើម្បីដឹងពីសមត្ថភាព និងភាពខ្លាំង ចំណេះរបស់ដៃគូ គេជួបអ្នកមានដូចគ្នា គេនិយាយពីគំនិត និងលទ្ធផល។ ខុសពីអ្នកក្រ ពេលជួបចូលចិត្តតែត្អូញត្អែរ រអ៊ូរទាំ ដូច្នេះហើយ មិនអាចដោះដូរគំនិត ដើម្បីអភិវឌ្ឍន៍ខ្លួនគេបានឡើយ៕

អត្ថបទ ៖ pHknongsrok / Knongsrok