ត្រឹមតែពាក្យសម្ដី មិនអាចបញ្ជាក់ពីក្ដីស្រឡាញ់បានទាំងស្រុង ពីមនុស្សម្នាក់ដែលមានចំពោះអ្នកបាននោះឡើយ។ យ៉ាងណាមិញ កាយវិការ និងរបៀបនៃការបង្ហាញរបស់គាត់ចំពោះអ្នក ពិតជាសញ្ញាជាក់ស្ដែង ដែលអាចបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរបានយ៉ាងច្បាស់។
១. គាត់តែងតែស្តាប់អ្នក
ប្រសិនបើគាត់មានឆន្ទៈស្តាប់ និងពូកែលួងលោមអ្នក មិនថាពេលអ្នកសប្បាយចិត្ត ឬសោកសៅនោះទេ វាបង្ហាញថាពួកគេមិនត្រឹមតែជាអ្នកស្តាប់ដ៏ល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងឱ្យតម្លៃលើការទុកចិត្តនៅក្នុងទំនាក់ទំនងផងដែរ។ ព្រោះតែទម្លាប់ដែលគាត់តែងតែជាអ្នកស្ដាប់ដ៏ល្អម្នាក់ បានធ្វើឱ្យទំនាក់ទំនងជាមួយអ្នក កាន់តែរឹងមាំ និងមានភាពកក់ក្ដៅកាន់តែខ្លាំងជាងមុន។
២. តែងតែបង្ហាញក្ដីស្រឡាញ់ ដោយការឱបក្រសោបអ្នក
នៅពេលនិយាយពីស្នេហា ការឱប គឺជាសេចក្តីអំណរដ៏អស្ចារ្យបំផុតមួយរវាងមនុស្សពីរនាក់។ ប្រសិនបើដៃគូរបស់អ្នកចូលចិត្តឱបក្រសោបរាងកាយអ្នក វាបង្ហាញថាពួកគេចូលចិត្តចំណាយពេលប្រកបដោយគុណភាពជាមួយអ្នក និងផ្តល់តម្លៃនៃភាពស្និទ្ធស្នាលនៅក្នុងទំនាក់ទំនង។ មិនត្រឹមតែប៉ុណ្ណឹង ការថើបថ្ងាសដោយយកចិត្តទុកដាក់ និងការឱបពីក្រោយអ្នក ក៏ជាសញ្ញាដែលគាត់ចង់ប្រាប់អ្នកថា អ្នកពិតជាសំខាន់ចំពោះគាត់ខ្លាំងប៉ុនណា។
៣. គាត់តែងតែនិយាយលើកទឹកចិត្តអ្នកឱ្យសម្រេចគោលដៅរបស់អ្នក
ប្រសិនបើដៃគូរបស់អ្នក តែងតែលើកទឹកចិត្តអ្នកឱ្យចំណាយពេលច្រើនជាងមុន ដើម្បីធ្វើការលើក្តីសុបិន ឬគោលដៅរបស់អ្នក ជំនួសឱ្យការត្អូញត្អែរថា ពួកគេមិនមែនជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់អ្នកទេ វាមានន័យថា ពួកគេឱ្យតម្លៃកន្លែងផ្ទាល់ខ្លួនរបស់អ្នកយ៉ាងខ្លាំង។ ការយល់ដឹងថាមនុស្សគ្រប់គ្នាមានជីវិតផ្ទាល់ខ្លួន និងសិទ្ធិក្នុងការដើរតាមក្តីសុបិនរបស់ពួកគេ គឺជាសញ្ញានៃភាពចាស់ទុំ និងស្នេហាពិតប្រាកដ។
៤. គាត់តែងតែជួយធ្វើកិច្ចការងារផ្ទះជំនួសអ្នក
ប្រសិនបើដៃគូរបស់អ្នកតែងតែយកចិត្តទុកដាក់ក្នុងការបោកគក់ ឬធ្វើកិច្ចការផ្ទះសម្រាប់អ្នក នេះវាមានន័យថាគាត់ ឬនាងឱ្យតម្លៃស្មើភាពគ្នានៅក្នុងទំនាក់ទំនង។ វាពិតជាលំបាកណាស់ក្នុងការស្វែងរកនរណាម្នាក់ ដែលឱ្យតម្លៃចំពោះអ្នក ហើយតែងតែជួយសម្រាលនូវបន្ទុកការងារ ជាពិសេសគឺ ការងារនៅក្នុងផ្ទះ វាពិតជាមិនងាយរកបានមនុស្សបែបនេះឡើយ។
៥. គាត់មិនខ្លាចក្នុងការចែករំលែករឿងគ្រួសាររបស់គាត់ជាមួយអ្នកទេ
សញ្ញាច្បាស់បំផុតដែលថា មនុស្សម្នាក់មិនបោកប្រាស់អ្នក គឺជាវិធីដែលពួកគេចែករំលែករឿងដែលពាក់ព័ន្ធនឹងមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេជាមួយអ្នក។ ប្រសិនបើមនុស្សម្នាក់នោះមិនភ័យខ្លាចក្នុងការបើកទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សគ្រប់គ្នា វាមានន័យថា ពួកគេឱ្យតម្លៃលើការប្តេជ្ញាចិត្ត និងការទុកចិត្តលើអនាគតវែងឆ្ងាយរបស់អ្នក។
៦. ជារឿយៗគាត់បង្ហាញសេចក្តីស្រឡាញ់នៅទីសាធារណៈ
ពេលខ្លះវាមិនអីទេក្នុងការឱបក្រសោបជាសាធារណៈ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកធ្វើបែបនេះគ្រប់ពេល វាអាចជាទង់ក្រហមនៃអសន្តិសុខ។ ជាពិសេសប្រសិនបើពួកគេមិនចាកចេញពីអ្នកសូម្បីតែនៅកន្លែងដែលមានមនុស្សច្រើន នោះមានន័យថាពួកគេមានបំណងផ្តាច់មុខអ្នកយ៉ាងខ្លាំង៕
ប្រភព ៖ iOne / Knongsrok