ទម្លាប់អាក្រក់ទាំង ៤ ខាងក្រោមនេះ មិនត្រឹមតែឲ្យមនុស្សជុំវិញខ្លួនគេមាក់ងាយតម្លៃជាស្រ្តីរបស់យើងនោះទេ ទៀតសោតក៏ពួកគេមិនចង់ចូលខ្លួនមកបៀតនោះដែរ ហើយបើស្ថិតក្នុងក្រុមគ្រួសារវិញ អ្នកដូចកំពុងដាក់បន្ទុកនិងសម្ពាធទៅលើស្វាមី ក៏ដូចជាកូនៗដោយមិនដឹងខ្លួន៖
៤) និយាយអាក្រក់ពីគ្រួសារខ្លួនឯង
គ្មាននរណាមកសាទរជាមួយយើងនោះទេ នៅការចែករំលែករឿងមិនល្អនៃគ្រួសារឯងទៅកាន់មនុស្សខាងក្រៅ។ គេមានតែលួចនិយាយអាក្រក់ពីយើងលើសដើម។
មានតែមនុស្សស្រីល្ងង់ទេ ដែលទៅហែកហួររឿងគ្រួសារ រឿងប្តីខ្លួនឯងទៅប្រាប់គេ ពេលខ្លះនាងគិតថាដូចជារឿងលេងសើចសប្បាយ តែបើស៊ីជម្រៅទៅវាមិនល្អនោះទេ ហើយត្រូវចាំថា តែចូលត្រចៀកមួយហើយ គឺដឹងតែលាន់ទៅដល់ត្រចៀកមួយបន្តបន្ទាប់ទៀតមិនខាន។
៣) ទំនេរៗទៅអង្គុយបំភ្លៃរឿងអ្នកដទៃ
មិនត្រឹមតែលើករឿងគ្រួសារឯងទេ ពេលជួបជុំគ្នា នាងថែមទាំងនិយាយពីអ្នកនេះអ្នកនោះ ទាំងដែលពេលខ្លះវាលើសពីការពិតទៅទៀត។ តើចំណេញអ្វីទៅ ការដែលទៅវិភាគរឿងអ្នកដទៃ រិះគន់រឿងអ្នកដទៃជុំគ្នានោះ?
បើទំនេរ គួរតែយកពេលទៅមើលអ្នកដែលខ្ពស់ជាងខ្លួន ថាគេដើរដល់ណាហើយ គេជោគជ័យអ្វីខ្លះហើយ គួរយកពេលទៅរៀនយកគេមកធ្វើជាគំរូ អភិវឌ្ឍខ្លួនឯងឲ្យបានល្អប្រសើរជាងមុន ទើបវាចំណេញជាង។
២) មហិច្ឆតាធំ តែមិនខំ
មនុស្សស្រីខ្លះគឺបែបហ្នឹង និយាយពីថាមហិច្ឆតាគឺធំប៉ុនមេឃ ប្រាថ្នាចង់បានប្តីអ្នកមាន តែខ្លួនឯងមិនខំ មិនរៀបចំឥរិយាបថឲ្យសមរម្យទាល់តែសោះ។ អ្នកត្រូវចាំថា សម័យនេះបុរសដែលគេច្បាស់លាស់ គេមានបានពិតប្រាកដ គេក៏រើសណាស់ដែរ គេមិនមើលស្អាតជាធំឡើយ ព្រោះមនុស្សស្រីឥឡូវ ក្រៅពីស្អាត ក៏មានអ្នកឆ្លាត អ្នកមានចរិតល្អច្រើនដែរ។
មនុស្សស្រីដែលរមែងមានមហិច្ឆតាធំពេក តែងតែចូលចិត្តបង្អាប់អ្នកដទៃជុំវិញខ្លួន មាក់ងាយការខិតខំរបស់គេ ទាំងដែលខ្លួនឯងមិនទាន់មានអ្វីជាខ្លួនឯងផងនោះ។
១) មានរឿងអីបន្តិច អាងបង្ហោះ
មនុស្សស្រីសម័យនេះ នរណាក៏មានហ្វេសប៊ុក មានបណ្តាញសង្គមកាន់ក្នុងដៃដែរ តែអ្នកខ្លះគេប្រើត្រូវប្រយោជន៍ ថែមទាំងអាចបង្កើតចំណូលពីវាបានទៀតផង។ ខុសពីមនុស្សស្រីមួយចំនួនតូច បែរជាយកបណ្តាញសង្គមទៅជាកន្លែងត្អូញត្អែរ ការហែកហួររឿងគ្រួសារឯងឲ្យគេជួយបញ្ចេញយោបល់ និងខ្លះមានទាំងឈ្លោះគ្នានៅលើនោះក៏មាន។
មនុស្សខាងក្រៅដែលគេចេះដឹងពិតប្រាកដមើលមក គេមានតែសើចចំអក គេមិនបានសរសើរអ្នកនោះទេ ហើយចំនួន Like ចំនួន Share នោះយកទៅ បានតែអាម៉ាស់ គេតិះដៀល មិនបានចំណេញអ្វីមកវិញឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក