លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឯក ម៉េងលី ត្រូវបានគេដឹងថាជាស្ត្រីដ៏ជោគជ័យមួយរូបនៅក្នុងវិស័យវេជ្ជសាស្រ្ត មានជំនាញឯកទេសផ្នែកសម្ភព និងរោគស្រ្តី ព្រមទាំងជាសហស្ថាបនិកមន្ទីរពេទ្យអឃីតកោះពេជ្រ ដែលល្បីល្បាញផងដែរ។
នៅក្នុងនាមជាស្ត្រីមួយរូប លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ក៏បានរៀបរាប់ដែរថារយៈពេល ៤៨ឆ្នាំនៅក្នុងវិស័យនេះ លោកស្រីពិតជាមានឧបសគ្គ និងបទពិសោធន៍ជាច្រើន ដែលការលើកឡើងទាំងនេះពិតជាល្អសម្រាប់ស្ត្រីទូទៅយកជាគំរូបានគួរឱ្យកោតសរសើរខ្លាំង។
ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមធ្វើការដកស្រង់សំណេររៀបរាប់ពីគណនីហ្វេសប៊ុករបស់ លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឯក ម៉េងលី ទាំងស្រុងដូចខាងក្រោមនេះ ៖
បទពិសោធន៌ជីវិតឆ្លងកាត់រយៈពេល ៤៨ ឆ្នាំ ទោះបីមិនជោគជ័យ 100% ក៏សូមយកមកបង្ហាញខ្លះៗដើម្បីទុកជាបទពិសោធន៌សម្រាប់មនុស្សស្រីទូទៅ។ ខ្ញុំបានឆ្លងកាត់ជីវិតជាស្ត្រីដែលមានភាពឯករាជ្យ រឹងមាំ មិនទីពឹងលើបុរស ហ៊ានជំនះរាល់ឧបសក្គទាំងឡាយរហូតសម្រេចបាននូវលទ្ធផលដូចថ្ងៃនេះដោយសារកក្តាអ្វីខ្លះ?
#លទ្ធផលទទួលបាន ៖
1-ជីវិតឯករាជ្យការសម្រេចចិត្តផ្អែកលើគោលការណ៌ផ្ទាល់ខ្លួន
2- ទទួលបានក្រុមគ្រួសារពេញលេញដែលមិនមានជំលោះ ហឹង្សា ឬ ផិតក្បត់
3- អាជីបការងារជោគជ័យនិងអាចជួយមនុស្សផ្នែកសុខភាព និង ចំណេះដឹង
4- អាជីវកម្មជោគជ័យ ជួយបុគ្គលិក និងមនុស្សជុំវិញខ្លួនរួមចំណែកក្នុងការរីកចម្រើនដល់ប្រទេស
5-សុខភាពល្អមិនមានជំងឺផ្ទាល់ខ្លូនឬជំងឺរាំរ៉ៃ រក្សាគីឡូស្តង់ដារ (BMI)
6-ជីវភាពគ្រួសាររស់នៅសមរម្យអាចបំពេញសេចក្តីសុខអោយខ្លួនឯងបានគ្រប់ពេលដែលចង់បាន។ល។
#តើមានកត្តាឬយុទ្ធសាស្ត្រអ្វីខ្លះ?
-បានកំណត់គោលដៅឬសុបិន្តតាំងពីកុមារភាពនូវដំណើជីវិតរបស់ខ្លួនថាត្រូវរស់នៅដោយរបៀបណារ
-ខិតខំព្យាយាមប្រឹងប្រែងដើរតាមគោលដោយកំណត់នូវពេលវេលាច្បាស់លាស់
-គិតវិជ្ជមានគ្រប់ពេល មិនបន្ទោសអ្នកដទៃនៅពេលមានបញ្ហា
-មិនឈ្លោះ មិនតបតរ ឬប្រើហឹង្សាសុខចិត្តចាញ់រួចដើរចេញ ឬ ដកថយ ឬលាលែង ទុកអោយគូប្រគួតឈ្នះដោយមិនអស់ចិត្ត។ ខុសឬត្រូវលើខ្លួនយើងអ្នកដឹង អំពើល្អមិនសាបសូន្យ មិនចាំបាច់ខ្វល់នឹងសំដីរបស់អ្នកដទៃ។
-យកសម្តីមើលងាយរបស់អ្នកដទៃមកធ្វើជាកំលាំងចិត្តដើម្បីសម្រេចបាននូវគោលដៅ មានតែលទ្ធផលទេដែលអាចបង្ហាញបាន។
-ធ្វើជាមនុស្សស្រីមិនចាំបាច់ត្រូវនិយាយច្រើន ឬ រអ៊ូច្រើន ដឹងអ្វីដែលគួរនិយាយអ្វីមិនគួរ គេនឹងខ្លាចយើងដោយឯកឯង
-ឃើញខុសថាខុសត្រូវថាត្រូវមិនចាំបាច់មកអង្គុយញុំត្រាវតាមក្រោយទេ រឿងខ្លះអត់អោននិងបំភ្លេចបានក៏ភ្លេចទៅ មនុស្យមិនឥតខ្ចោះទេ ហើយមិនរស់បានលើសពី100ឆ្នាំដែរ។
-ប្រើប្រាស់ពេលវេលាអោយអស់លទ្ធភាពនិងមានប្រយោជន៏កុំដកដង្ហើមចោលដោយឥតបានការណ៏។
-រស់នៅសាងមិត្តជាមួយមនុស្សជុំវិញខ្លួននិងក្រុមការងារមិនមែនឆ្អិនក្បាលសីក្បាលឆ្អិនកន្ទុយសីកន្ទុយ។
-រក្សាគោលការណ៏ស្មោះត្រង់នឹងខ្លួនឯង ក្រុមគ្រួសារ អ្នកជុំវិញខ្លួន និងអថិជន
-មិនហូបឬផឹកតាមការឃ្លានឬចំណង់ អ្វីគួរហូបអ្វីមិនគួរ យកអាហារជាថ្នាំ(អាហារសុខភាពពិបាកលេបនិងមិនទទួលទានជាតិស្អ ឬ ម្សៅច្រើន ឬទទួលទានគ្រឿងស្រវឹង) មិនយកថ្នាំជាអាហារនៅពេលអនាគត។
-តាំងចិត្តព្យាយាមប្រឹងប្រែងសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួនដោយមិនខ្លាចនឿយហត់ ស៊ូសម្រក់ទឹកភ្នែកម្នាក់ឯងក៏មិនអោយគេដឹង។
សូមលើកទឹកចិត្តដល់ស្ត្រីទាំងអស់អោយរស់ពឹងលើខ្លួនឯងកុំពឹងលើដង្ហើមរបស់អ្នកដទៃទើបជីវិតយើងមានន័យ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក