ការជួយការពារបរិស្ថានជួយឱ្យអ្នកនាង សឿង សុថារី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart

ភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៖ សម្អាតសំរាមដើម្បីបំផុសគំនិតសាធារណៈជនឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗប៉ុណ្ណោះរបស់បេក្ខនារីម្នាក់នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០។

ជូនចាស់ៗទៅលេងប្រាសាទអង្គរវត្ត

ជាអ្នកជំនួញម្នាក់នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនបេក្ខនារីវគ្គផ្ដាច់ព្រ័ត្រទាំង ១០នាក់ ដែលសុទ្ធតែមានឱកាសក្លាយជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូស្មាតជាមួយនឹងទឹកប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។

បរិច្ចាកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

គាត់ត្រូវបានជ្រើសតាំងដោយលោក ចក់ វុទ្ធី ដែលជាមិត្តភក្តិរបស់គាត់កាលនៅសាកលវិទ្យាល័យ ដោយសារសកម្មភាពការការពារបរិស្ថានដ៏លេចធ្លោរបស់គាត់។

ពេលជូនអំណោយ

លោក ចក់ វុទ្ធី បានថ្លែងថា៖ “ខ្ញុំស្រលាញ់កម្មវិធីរបស់ស្មាតហ្នឹង ដែលគាត់បំផុសគំនិតពលរដ្ឋគំរូហ្នឹងមក។ អ៊ីចឹងខ្ញុំក៏គិតថា សម្រេចចិត្តជ្រើសតាំង ថារី ទៅឱ្យ Smart មួយទៅ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមើលទៅ ក្រែងលោគេធ្វើគំរូតាមបានច្រើនអ៊ីចឹង ក្លាយទៅជាប្រទេសដែលស្រលាញ់បរិស្ថានច្រើន ព្រោះអីភាគច្រើន ខ្ញុំឃើញគាត់ឱ្យតែនិយាយអីបន្តិច គឺគាត់ផ្ដោតលើបរិស្ថានអ៊ីចឹងណា”។

សុថារី_និងធុងបរិស្ថាន

អ្នកនាង សុថារី គឺជាម្ចាស់សិប្បកម្មតូចមួយឈ្មោះថា “ធុងបរិស្ថាន” នៅខេត្តកំពង់ចាម ជាទីដែលបុគ្គលិកជាង ១០នាក់ កែច្នៃសំបកកង់ចាស់ៗ ឱ្យទៅជាធុងសំរាម និងគ្រឿងសង្ហារឹមផ្សេងៗ ចាប់ពីឆ្នាំ២០0៨ មកម្ល៉េះ។

អ្នកនាងបានថ្លែងថា ការយកសំបកកង់រថយន្តចាស់មកកែច្នៃបែបនេះជួយដល់បរិស្ថានបានច្រើន ហើយអាចជួយបង្កើតការងារជូនដល់ពលរដ្ឋក្នុងមូលដ្ឋានទៀតផង។

បរិច្ចាកធុងបរិស្ថានជូនវត្តអារ៉ាម

អ្នកនាងបានថ្លែងថា៖ “កំណើននៃការផ្គត់ផ្គង់ទៅកាន់អតិថិជនបានកាន់តែច្រើន គឺស្មើនឹងការដែលយើងបានរួមចំណែកចូលរួមក្នុងការដោះស្រាយនូវបញ្ហាកាកសំណល់ដែលកើតចេញពីសំបកកង់រថយន្ដចាស់ៗដែលយើងលែងប្រើប្រាស់ហ្នឹង បានកាន់តែច្រើនឡើងផងដែរ”។

កន្លងមក គាត់ក៏បានដឹកនាំយុវជនមួយក្រុមទៅប្រមូលសំរាមនៅសហគមន៍កំពង់ឃ្លាំងក្នុងខេត្តសៀមរាបផងដែរ ដើម្បីផ្ញើសារទៅកាន់មនុស្សទូទៅដែលរស់នៅទីនោះឱ្យចេះស្រលាញ់បរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។

ការងារការពារបរិស្ថានរបស់គាត់ពិតជាមានការទទួលស្គាល់ច្រើនរហូតដល់ក្រសួងបរិស្ថានបានផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថានប្រតិបត្តិករគំរូដល់គាត់នៅចុងឆ្នាំ២០២០។

ការផ្តល់ប័ណ្ណសរសើរនេះគឺដោយសារការមើលឃើញរបស់ក្រសួងចំពោះការចូលរួមចំណែករបស់ធុងបរិស្ថានក្នុងសង្គមតាមរយៈសារអប់រំអំពីបរិស្ថាន ការបរិច្ចាគធុងសំរាមសម្រាប់ប្រើប្រាស់តាមទីសាធារណៈ វត្តអារាម សាលារៀន និងគ្រួសារដែលគ្មានលទ្ធភាពនានា ក៏ដូចជាការលើកទឹកចិត្តដល់រូបគាត់ពីសំណាក់ក្រសួង។

ពេលទទួលប័ណ្ណ​សរសើរ

ក្រៅពីនោះ អ្នកនាង សុថារី ក៏ធ្វើសកម្មភាពជួយសង្គមជាច្រើនទៀតផងដែរ ដូចជារៃអង្គាសថវិកាដើម្បីជូនចាស់ជរាក្រីក្រជាង ២០នាក់ទៅដើរកម្សាន្តនៅខេត្តសៀមរាប ចែករំលែកបទពិសោធជាកម្លាំងចិត្តដល់យុវជន បរិច្ចាគថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា និងចែកសម្ភារសិក្សាដល់កុមារកំព្រាក្រីក្រជាដើម។

លោក ឡាក់ គឹមសាត ដែលជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរៀបរាប់ថា វិទ្យាល័យរបស់លោកធ្លាប់បានទទួលអំណោយជាធុងសំរាមចំនួន ២០ធុងពីអ្នកនាង សុថារី កាលពីឆ្នាំ២០១៨ ដើម្បីប្រើប្រាស់រក្សាបរិស្ថាន និងអនាម័យនៅក្នុងសាលាររបស់លោក ហើយតាំងពីបានធុងសំរាមទាំងនេះមកបរិស្ថានសាលាបានល្អប្រសើរជាងមុន។

លោកគ្រូថ្លែងថា៖ “លោកគ្រូអ្នកគ្រូបុគ្គលិកសាលាមានការត្រេកអរ ព្រោះនៅក្នុងសាលាយើងត្រូវការបរិស្ថានស្អាត ហើយធុងហ្នឹងសម្រាប់ដាក់តាមថ្នាក់ឱ្យសិស្សដាក់សំរាម។ យើងបានធុងហ្នឹងហើយគ្រាន់បានដាក់សំរាម”។

អ្នកនាង សុថារី ក៏ចូលរួមជួយដោះស្រាយបញ្ហាបំពុលបរិស្ថានរបស់ថង់ប្លាស្ទិចផងដែរ ដោយគាត់នាំចូលនិងលើកកម្ពស់ការប្រើប្រាស់សម្ភារវេចខ្ចប់ដែលផលិតចេញពីរុក្ខជាតិ។

ចំពោះអ្នកនាង សុថារី ការធ្វើទង្វើល្អមិនមែនដើម្បីឈ្នះពានរង្វាន់អ្វីនោះទេ តែវាគឺជាការស្វែងរកសេចក្ដីស្ងប់សុខពិតសម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាការជួយផ្លាស់ប្ដូរពិភពលោកផងដែរ។

អ្នកនាងបន្ថែមថា៖ “នៅពេលដែលយើងសាបព្រោះនូវទង្វើល្អទៅដល់សង្គម យើងនឹងទទួលបានផ្លែផ្កាមកវិញ ជាគុណធម៌ ជាភាពស្មោះត្រង់ ជាគុណតម្លៃនៅក្នុងជីវិតរបស់យើង។ ហើយទាំងអស់នេះ វាជាអ្វីដែលផ្ដល់ក្ដីសុខពិតប្រាកដ ចំពោះផ្លូវចិត្តរបស់យើង”។

អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។

ដើម្បីចូលមើលវីដេអូអំពីអ្នកនាង សឿង សុថារី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5KHgXy_kmy/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។