ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៖ ពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិចដែលមានឡូហ្គោជារូបដានជើងសត្វសុនកនៅលើអាវ អមជាមួយនឹងពាក្យមួយឃ្លា “សង្គ្រោះសត្វអនាថា” យុវជនសម្បុរស្រអែម និងមានមាឌធំបានទាញម៉ូតូចាកចេញពីផ្ទះរបស់ខ្លួនសំដៅទៅជួយសង្គ្រោះសត្វ ដោយនាំយកឧបករណ៍មួយចំនួនទៅតាមខ្លួនផងដែរ។
រាល់លើកនៅពេលយុវជនវ័យ ២២ឆ្នាំរូបនេះទទួលដំណឹងពីមិត្តភក្តិអំពីសត្វអនាថាដូចជាឆ្កែនិងឆ្មា ឬនៅពេលគាត់ឃើញសត្វទាំងនោះនៅតាមដងផ្លូវដែលត្រូវការការជួយសង្គ្រោះ គាត់តែងតែរូតរះធ្វើដំណើរចេញទៅដើម្បីជួយសង្គ្រោះពួកគេ។
គិតមកដល់ដើមឆ្នាំ២០២១ យុវជនរូបនេះបានសង្គ្រោះសត្វអនាថាតាមដងផ្លូវបានជាង ៣០០ក្បាលមកហើយ។
ដោយមើលឃើញនូវទឹកចិត្តល្អបែបនេះ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកសុនកល្បីឈ្មោះមួយរូបនៅកម្ពុជាបានសម្រេចចិត្តជ្រើសតាំងយុវជន ស៊ុន ធូធារ៉ា ឱ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក រតនា បានថ្លែងថា៖ “គាត់ជាក្មេងដែលមានគំរូល្អ ចំណាយពេលវេលារបស់គាត់ទៅជួយសង្គ្រោះសត្វអនាថា។ គាត់ជួយសត្វអស់ពីសមត្ថភាពខ្លួនគាត់។ បើអ្នកផ្សេងមិនហ៊ានចំណាយពេលវេលាទៅធ្វើការងារបែបនេះទេ។ ឃើញអញ្ចឹងហើយបានជាខ្ញុំជ្រើសតាំងគាត់ចូលក្នុងកម្មវិធីហ្នឹង”។
ការជ្រើសតាំងនេះបានផ្តល់ឱកាសដល់យុវជនរូបនេះឱ្យឈានបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
យុវជន ស៊ុន ធូធារ៉ា ថ្លែងថា៖ “ថ្ងៃមួយខ្ញុំបានបាត់បង់សុនករបស់ខ្ញុំផ្ទាល់ គឺគាត់កើតមហារីកដោះ។ អញ្ចឹងទៅ ខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំនឹងជួយសត្វកាន់តែច្រើនតាមអ្វីដែលអាចធ្វើបាន”។
សន្យារបស់គាត់ បានលេចចេញជារូបរាងកាលពីចុងឆ្នាំ២០១៩ ដោយយុវជនរូបនេះបានចាប់ផ្តើមជួយសង្គ្រោះសត្វអនាថាក្រោយសម្រាកពីការជួយលក់ដូរឪពុកម្តាយរបស់គាត់ពេលល្ងាច នៅពេលទទួលបានដំណឹងថាមានសត្វដែលត្រូវជួយសង្គ្រោះ។ បន្ទាប់មក គាត់យកពួកគេទៅមន្ទីរពេទ្យសត្វផ្សេងៗ ដើម្បីសំអាតនិងលាងរបួស មុននឹងបង្ហោះរូបសត្វនោះដើម្បីស្វែងរកម្ចាស់ថ្មីលើហ្វេសប៊ុក Stray Animal Rescue (សង្គ្រោះសត្វអនាថា) ដែលលោកបង្កើតឡើងដើម្បីសង្គ្រោះសត្វអនាថា កាត់បន្ថយសត្វអនាថា បង្កេីនអ្នកស្រលាញ់សត្វអោយកាន់តែច្រេីន និងជំរុញឱ្យមានច្បាប់សំរាប់សត្វ។
លោក ធារ៉ា បានបន្ថែមថា៖ “អ្វីដែលយើងធ្វើរាល់ថ្ងៃនេះ គឺជួយសត្វអនាថាពីកន្លែងពិបាកទៅកន្លែងល្អ ពីមិនមានម្ចាស់ទៅមានម្ចាស់ ពីរូបរាងអាក្រក់ដែលគេសឹងតែហៅថាជាឆ្កែឆ្កួត។ យើងជួយសង្គ្រោះគាត់ រហូតដល់គាត់មានម្ចាស់ថ្មី ដែលស្រលាញ់”។
ម្ចាស់ថ្មីទាំងនោះក៏រួមមានទាំងកញ្ញា ឡៅ ស្រីមាន ផងដែរ ដែលបានទទួលចិញ្ចឹមសុនកអនាថាមួយក្បាលពីលោក ធារ៉ា។ បន្ទាប់ពីយកមកចិញ្ចឹម សុនកនោះក៏បានបាត់ ហើយកញ្ញាបានពឹងពាក់លោក ធារ៉ា ម្តងទៀតឱ្យជួយស្វែងរកសុនកនោះមកវិញ។
កញ្ញា ឡៅ ស្រីមាន បានថ្លែងថា៖ “ការជួយសង្គ្រោះសត្វរបស់គាត់ គឺជាអំពើល្អ ដោយសារថាខ្ញុំធ្លាប់បាត់បង់សត្វចិញ្ចឹម (ឆ្កែ) ហើយធ្លាប់ឲ្យគាត់ជួយស្វែងរកឲ្យ។ កាលណោះ រៀងយប់ដែរហើយ ខ្ទង់ម៉ោង៧ ឬ ៨ ហើយគាត់ក៏បានមកជួយស្វែងរកសត្វចិញ្ចឹមរបស់ខ្ញុំ រហូតទាល់តែរកឃើញ”។
ជាអ្នកស្រលាញ់សត្វម្នាក់ទៀត កញ្ញា សម លីលី ដែលបានទទួលចិញ្ចឹមសត្វអនាថាពីលោកធារ៉ាកាលពីពាក់កណ្ដាលឆ្នាំ២០២០ បានលើកទឹកចិត្តឲ្យសាធារណៈជន ចូលរួមសង្គ្រោះសត្វជាមួយលោកធារ៉ា។
កញ្ញា សម លីលី ថ្លែងថា៖ “យើងងាកមកមើលសង្គមយើងឥឡូវ នៅតាមផ្លូវឬនៅតាមគំនរសំរាមផ្សេងៗ មានសត្វអនាថា និងមានអង្គការជាច្រើន ព្យាយាមជួយគាត់និងស្វែងរកម្ចាស់ថ្មី។ អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នា អ្នកដែលមានលទ្ធភាព គឺអាចនឹងចូលរួមសកម្មភាពជាមួយបង ធារ៉ា អាចនឹងជួយគាត់ក្នុងការចិញ្ចឹមសុនកអនាថាហ្នឹង”។
ទាក់ទងនឹងថវិកាដែលប្រើប្រាស់ក្នុងការចំណាយលើការជួយសង្គ្រោះសត្វនេះ លោក ធារ៉ា បានរៃអង្គាសតាមរយៈទំព័រហ្វេសប៊ុក Stray Animal Rescue ដែលអ្នកចូលរួមបរិច្ឆាគគឺជាអ្នកមានចិត្តស្រលាញ់សត្វដូចគាត់ដែរ។
លោកបានថ្លែងថា ដរាបណាភ្នំពេញនៅតែមានសត្វអនាថាតាមដងផ្លូវ លោកក៏នឹងបន្តជួយសង្គ្រោះពួកគេ តាមរយៈមធ្យោបាយគ្រប់ប្រភេទដែលលោកអាចធ្វើបាន។
លោក ធារ៉ា បន្ថែមថា៖ “ផែនការបន្តបន្ទាប់ទៀត គឺយើងចង់ស្វែងរកអ្នកណាដែលគាត់មានបេះដូងក្នុងការជួយសត្វដូចខ្ញុំ។ ហើយខ្ញុំចង់បើកជាហាងកាហ្វេសម្រាប់សត្វអនាថា។ បងៗអ្នកស្រលាញ់សត្វ គាត់អាចមកមើលសត្វអនាថាផង មកញុំាកាហ្វេផង”។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក ធារ៉ា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5tEV7uSFdQ/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។