រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ - វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីសប្ដាហ៍មុន ជាមួយនឹងគោលបំណងគាំទ្រដល់សិក្សានុសិស្សដែលការសិក្សារបស់គេមិនអាចធ្វើទៅបានដោយសារការបិទសាលារៀនបណ្ដោះអាសន្ន មូលហេតុបង្កដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។
កម្មវិធីស្វ័យសិក្សា MoEYS E-Learning អនុញ្ញាតឲ្យសិស្សានុសិស្សស្វែងរកមាតិកាអប់រំទាក់ទងនិងមេរៀននៅសាលារបស់ពួកគេ ហើយនៅទីបំផុតគម្រោងនេះនឹងផ្ដល់មេរៀនទាំងអស់ដល់សិស្សគ្រប់ថ្នាក់ទាំងអស់ផងដែរ។
ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នមានតែមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ ប៉ុណ្នោះត្រូវបានបញ្ចប់ជាស្ថាព និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា app ដោយមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ នេះត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Smart Axiata។
ក្នុងកម្មវិធីស្វ័យសិក្សាឥតគិតថ្លៃនេះ សិក្សានុសិស្សអាចមើលវីដេអូមេរៀនដែលថតទុកជាមុន ដែលរៀបចំឡើងដោយគ្រូបង្រៀនទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា អាចទាញយកសៀវភៅពុម្ព ឆ្លើយសំណួរដើម្បីអនុវត្តសម្រាប់ប្រឡង តាមដានការរីកចម្រើននៃការរៀនសូត្ររបស់ពួកគេ ហើយទាញយក និងរក្សាមាតិការៀនមេរៀនទុកមើលទាំងពេលមិនមានអិុនធឺណិត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខណៈពេល មានមនុស្សជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតជាសកលកូវីដ-១៩ នាពេលបច្ចុប្បន្ន លទ្ធផលប៉ះពាល់ រយៈពេលវែងនៃជំងឺរាតត្បាតជាសកលនេះនឹងមានកាន់តែធ្ងន់ធ្ងរលើសិស្សានុសិស្សដែលមិនបានចូលសាលារៀនអំឡុងពេលនៃគ្រាលំបាកនេះ។
កម្មវិធីស្វ័យសិក្សានេះរៀបចំឡើងដើម្បីឲ្យប្រាកដថាសិស្សានុសិស្សកាន់តែច្រើន អាចស្វែងរកឱកាសសិក្សាឥតគិតថ្លៃ និងងាយស្រួល។ កម្មវិធីស្វ័យសិក្សានេះមិនមែនជាដំណោះស្រាយល្អឥតខ្ចោះទេ ហើយក៏មិនអាចជំនួសការសិក្សាក្នុងថ្នាក់រៀនទាំងស្រុងបាននោះដែរ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះ ដែលមិនសូវមានទូរស័ព្ទដៃទំនើប ឫ អិុនធឺណិត ប៉ុន្តែកម្មវិធីស្វ័យសិក្សានេះច្បាស់ថានឹងផ្ដល់សារៈសំខាន់ដល់សិក្សានុសិស្សជាច្រើន ជាពិសេសសម្រាប់សិស្សានុសិស្សដែលត្រៀមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ។»
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ៖ «ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រោយពីបានរៀបចំស្ទូឌីយោចំនួនពីរ និងបង្កើតកម្មវិធី Smart 1,000 Grade 12 Video Collection រួចមក យើងអាចផ្ដល់មាតិកាមេរៀនតាមអនឡាញទាំងស្រុងដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមបញ្ចប់ថ្នាក់វិទ្យាល័យនិងត្រូវរៀបចំប្រឡងបញ្ចប់។»
ក្រុមហ៊ុន Smart Axiata បានកំពុងបន្តគាំទ្រគម្រោងសិក្សាតាមអនឡាញជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថាកម្មវិធីស្វ័យសិក្សាតាមឧបករណ៍ចល័តអាចស្វែងរកបានកាន់តែទូលំទូលាយ នៅពេលប្រកាសដាក់ឲ្យប្រើប្រាស់។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងបានជួយសម្របសម្រួលក្នុងការផ្ដល់សារពាក្យសម្ងាត់ (One Time Password) សម្រាប់សិស្សានុសិស្សប្រមាណ៥០ម៉ឺននាក់ ដើម្បីអាចចុះឈ្មោះលើកម្មវិធីទូរស័ព្ទ និងជំរុញនូវការប្រើប្រាស់កម្មវិធីទូរស័ព្ទ នេះ ក៏បានណែនាំវាទៅកាន់អតិថិជនរបស់យើងផងដែរ។
ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញសមិទ្ធិផលពីកម្មវិធី Smart 1,000 Grade 12 Video Collection ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅក្នុងកម្មវិធីទូរស័ព្ទ ដែលក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ បានរៀបចំឡើងកាលពីចុងឆ្នាំមុន ដើម្បីឲ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ ហើយេនេះនឹងជាសក្ខីភាពដ៏សំខាន់ក្នុងការការពារកុំឲ្យមាន សិស្សានុសិស្សដែលការរៀនសូត្ររបស់ពួកគេត្រូវបានបាត់បង់ដោយសារការប៉ះពាល់ពីជំងឺរាតត្បាតជាសកល។»
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «យើងតែងតែនិយាយអំពីឥទ្ធិពលនិងគុណតម្លៃរបស់ការអប់រំ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវតែធ្វើនូវអ្វីដែលយើងអាចធ្វើទៅបានដើម្បីជួយ នៅពេលយើងឃើញថាឱកាសនៃការអប់រំ សម្រាប់សិស្សានុសិស្សកំពុងទទួលរងនូវហានិភ័យ ដោយមិនមែនជាកំហុសរបស់ពួកគេ ។»
ក្រុមហ៊ុន Smart Axiata កំពុងស្វែងរកមធ្យោបាយបន្ថែម ដើម្បីបន្តការគាំទ្ររបស់ខ្លួនសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា រួមមានការប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់ខ្លួន ដើម្បីផ្ញើសារជាអក្សរទៅកាន់សិស្ស និងឪពុកម្តាយឲ្យបានដឹងលឺអំពីកម្មវិធីនេះ បង្កើតវីដេអូកាន់តែច្រើន និងមាតិកាសំណួរ ជំរុញការពិភាក្សារក្នុងក្រុមលើកម្មវិធី App និងផ្ដល់ទិន្នន័យអិុនធឺណិតដល់សិស្សានុសិស្សដើម្បីប្រើប្រាស់ តាមដែលអាចធ្វើទៅបាន។
កម្មវិធីស្វ័យសិក្សា MoEYS E-Learning អាចដោនឡូតបានតាមរយៈ តំណនេះ http://onelink.to/moeysapp
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។